កឋិនទាន​មាន​ប្រយោជន៍​ទាំង​សម្រាប់​សាសនា​និង​សង្គម​

662

(​ភ្នំពេញ​)៖ ដោយមាន​រយៈពេល​២៩​ថ្ងៃ​គត់​គឺ​ចាប់​ពីថ្ងៃ​១​រោច​ខែអស្សុជ​ត្រូវ​នឹង​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​នេះ​ទៅ​គឺជា​រដូវ​នៃ​ការ​ប្រារព្ធ​បុណ្យ កឋិនទាន​ដែលជា​បុណ្យ​មួយ​មាន​ប្រជាប្រិយភាព​នៅក្នុង​ពុទ្ធសាសនិក​ជនកម្ពុជា​។ កឋិនទាន​គឺជា​កិច្ច​ដែលមាន​ចែង​ក្នុង​វិន័យ ពុទ្ធ​ប្បញ្ញត្តិ​ហើយ​ត្រូវបានធ្វើ​តាំងពី​សម័យ​ពុទ្ធកាល​មកម្ល៉េះ ហើយ​កឋិនទាន​ត្រូវបានធ្វើ​នៅក្នុង​សង្គម​ពុទ្ធសាសនិក​ថេរវាទ ទូទាំង​ពិភពលោក គឺ​មិនមែន​ធ្វើ​តែ​នៅ​ប្រទេស​កម្ពុជា​ឡើយ ។

​ក្នុង​បទសម្ភាសន៍​នាពេល​កន្លងទៅ​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​ព្រះ​តេជគុណ ហោ សុខុន បាន​ពន្យល់ថា កឋិនទាន មាន​ប្រយោជន៍ និង បង្កប់​ទៅដោយ​អត្ថន័យ​ដ៏​ប្រពៃ​ថា “ ទី ១ បង្ហាញ​អំពី​សាមគ្គីភាព​។ ព្រោះ​ថាបើ​គ្មាន​ការ​សាមគ្គី​គ្នា​ទេ ធ្វើជា​បុណ្យកឋិន​មិនកើត​ឡើយ ហេតុនេះ​ទើប​ជា ញឹកញាប់​គេ​ឃើញ​ដាក់ថា បុណ្យកឋិន​សាមគ្គី ឬ បុណ្យកឋិន​មហា​សាមគ្គី ។ គឺ​សាមគ្គី​រវាង​គ្រហស្ថ និង គ្រហស្ថ រវាង​គ្រហស្ថ និង ព្រះសង្ឃ រវាង​ព្រះសង្ឃ និង ព្រះសង្ឃ រវាង​មន្ត្រី និង​ប្រជាពលរដ្ឋ​ជាដើម “ ។​

​សូមបញ្ជាក់ថា វិន័យ​ពុទ្ធ​ប្បញ្ញត្តិ បាន​កំណត់ថា ព្រះសង្ឃ​ដែល​អាច​ទទួល​កឋិន​បាន​លុះណាតែ​បាន​គង់​ចាំ​វស្សា​បី​ខែ​មិន​ដាច់ ។ លើសពីនេះ​ទៅ គឺ​ព្រះសង្ឃ​ទាំងនោះ ត្រូវតែមាន​សាមគ្គី​គ្នា​ពោលគឺ​គ្មាន​ការឈ្លោះទាស់ទែង​បែកបាក់​គ្នា​ទើប​អាច​ទទួលបាន ។​ ​ព្រះ​តេជគុណ ហោ សុខុន បាន​បន្ថែមថា “ ទី ២ បាន​ជួយ​បន្ត​អាយុ​របស់ ព្រះពុទ្ធសាសនា បើ​គ្មាន​កឋិនទាន​ទេ ព្រះពុទ្ធសាសនា អាច​នឹង​ប្រឈម​នឹង​ការ​សាបសូន្យ “ ។​តាម​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ វត្ថុ​ដែលជា​តួអង្គ​កឋិន គឺជា​របស់​ណាមួយ​ក្នុងចំណោម​របស់​បីយ៉ាង​គឺ ស្បង់ ឬ ចីពរ ឬ សង្ឃាដី ។ ប៉ុន្តែ​ជាក់ស្តែង​នៅពេល​ធ្វើបុណ្យ​កឋិនទាន​ម្តងៗ គេ​ឃើញ​មាន​សម្ភារៈ​ផ្សេងៗ​ជាច្រើន​មាន​គ្រឿងឧបភោគ បរិភោគ​ជាដើម មួយអន្លើ​ដោយ​ថវិកា ដែល​ក្នុង​វិន័យ​ហៅថា​បរិវា​កឋិន ។​

​ដោយហេតុនេះ ព្រះ​តេជគុណ ហោ សុខុន បាន​ពន្យល់ថា សម្ភារៈ​ឧបភោគ បរិភោគ​ទាំងនោះ គេ​អាច​យក​មួយចំណែក​តាម​ការគួរ សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ និង វត្ត​អារាម ហើយ​មួយចំណែក​ទៀត​គេ​អាច​យកទៅជួយ​ដល់​ជនក្រីក្រ ជនរងគ្រោះ​ដោយ ទឹកជំនន់ ដោយ​រាំងស្ងួត ដោយ​អគ្គិភ័យ ដល់​កុមារកំព្រា ដល់​មន្ទីរពេទ្យ និង ដល់​កាកបាទក្រហម ឬ យកទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នានា​ដូចជា​ស្ពាន​ថ្នល់ សាលា រៀន និង មន្ទីរពេទ្យ​ជាដើម ដែល​ទាំងនេះ​សុទ្ធតែជា​ប្រយោជន៍​ដល់​សាធារណៈ ។​

​ដោយហេតុនេះ​ទើប​ជា​ញឹកញាប់​គេ​ឃើញ​ព្រះសង្ឃ ឬ វត្ត​អារាម​បរិច្ចាគ​ទាន​ដល់​ទុរគតជន ដល់​ជនរងគ្រោះ​នានា ក៏ដូចជា​មន្ទីរពេទ្យ មណ្ឌលកុមារ​កំព្រា និង​ស្ថាប័ន​មនុស្សធម៌​នានា គឺ​ទេយ្យទាន ឬ​ធនធាន​ទាំងនោះ បានមកពី​ការបរិច្ចាគ​របស់​ពុទ្ធ​បរិ​ស័័​ទ ឬ សប្បុរសជន ចំពោះ​ព្រះសង្ឃ តាមរយៈ​បុណ្យទាន​នានា មានបុណ្យ​កឋិនទាន​នេះ​ជាដើម ហើយ​ព្រះសង្ឃ​ក៏​ទៅ​បែងចែក​បន្ត ។​

​ទោះយ៉ាងណា ព្រះ​ភិក្ខុ ហោ សុខុន បាន​ពន្យល់ថា ប្រយោជន៍​ទាំងនេះ ជាពិសេស​ប្រយោជន៍​របស់​កឋិនទាន​ចំពោះ​សង្គម នឹង​អាច​កើតឡើង​ទៅបាន លុះណាតែ​មាន​ភាព​ឆ្លៀវឆ្លាស ពី​សំណាក់​ព្រះចៅអធិការ និង អាចារ្យ គណៈកម្មការ​វត្ត​នីមួយៗ ។​ កឋិន​កាល​ចាប់ពី​ថ្ងៃទី ១ រោច ខែ អស្សុជ ដល់​ថ្ងៃ ១៥ កើត​ខែ កត្តិក គឺ​រយៈពេល ២៩ ថ្ងៃ​គត់ ហើយ​កឋិនទាន​មាន​ធ្វើ​នៅ ក្នុងសង្គម​ពុទ្ធសាសនា​ថេរវាទ​ទូទាំង​ពិភពលោក​៕ ដោយ​៖ មេសា​

បុណ្យកឋិន​ទាន​ក៏​រមែង​ផ្សារភ្ជាប់​ជាមួយនឹង​សិល្បៈ​ប្រពៃណីជាតិ​ផងដែរ (​រូប​ឯកសារ​ហ្គោ​ហ្គ​ល​)
បុណ្យកឋិន​ទាន​ក៏​រមែង​ផ្សារភ្ជាប់​ជាមួយនឹង​សិល្បៈ​ប្រពៃណីជាតិ​ផងដែរ (​រូប​ឯកសារ​ហ្គោ​ហ្គ​ល​)