កណ្តាប់ដៃ​ដែក ប្រឆាំង​មន្ត្រី​ល្មើសច្បាប់ ពុករលួយ ពិសេស​នៅ​តុលាការ​!

436
ចែករម្លែក

នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​លើក​ទី​២ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​មួយចំនួន ដើម្បី​កម្ចាត់​មន្ត្រី​ប្រព្រឹត្ត​អំពើ ល្មើសច្បាប់ និង​ពុករលួយ​។​ក្នុងនោះ​អំពើពុករលួយ នៅក្នុង​តុលាការ​ក៏ត្រូវ​បាន​សម្តេច តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចាត់វិធានការ​ផងដែរ​។​

​វិធានការ​ចំពោះមុខ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ប្រឆាំង​មន្ត្រី​ល្មើសច្បាប់ និង​ពុករលួយ គឺ​ការអនុវត្ត​ច្បាប់ ដែលមាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធភាព គួបផ្សំ​នឹង​ការ អនុវត្ត​នីតិវិធី​បង្ក​ក​និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​និង​ពុករលួយ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ នៅ​កម្ពុជា មាន​ភាព​ស្អាតស្អំ​។

​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​គណបក្សនយោបាយ ដែលជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា​ដោយផ្ទាល់​ឲ្យ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បើក​ការស៊ើបអង្កេត​និង​ដាក់ចេញ​វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​ក្នុង​ប្រព័ន្ធយុត្តិធម៌​ដែល​ត្រូវបាន​គេ​ដឹងថា​នាពេលនេះ​នៅ​តុលាការ ផ្ដើម​រូបភាព​ពុករលួយ​ថ្មី​ដោយ​កើតចេញពី​មេធាវី ដែលជា​អ្នកការពារ​ក្តី​ឲ្យ ជនសង្ស័យ ឬ​ជនរងគ្រោះ រត់ការ​សូកលុយ​ព្រះរាជអាជ្ញា និង​ចៅក្រម ជាដើម​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​កណ្តាប់ដៃ ដែក ប្រឆាំងនឹង​មន្ត្រី​ល្មើសច្បាប់ និង​មន្ត្រី​ពុករលួយ នៅ​តុលាការ ម្តង​រួចមកហើយ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់ដូចជា​ភ្លេចត្រចៀក អំពើពុករលួយ​ក៏បាន​លាប់ ឡើងវិញ នៅ​តុលាការ ដោយមាន​មេធាវី ធ្វើជា​អ្នក​រត់ការ សូកលុយ​ចៅក្រម ព្រះរាជ អាជ្ញាធរ​តែម្តង​។​

​មែនទែនទៅ វិធានការ​ប្រឆាំង​មន្ត្រី​ល្មើសច្បាប់ និង​មន្ត្រី​ពុករលួយ ត្រូវបាន​សម្តេច តេ​ជោ ហ៊ុន សែន បាន​អនុវត្ត​យូរ​ឆ្នាំ និង​ជាច្រើន​ករណី​រួចមកហើយ​តាមរយៈ​អង្គភាព ប្រឆាំង​អំពើពុករលួយ​។ ករណី​ចុងក្រោយ គឺប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តពោធិ៍សាត់ ត្រូវបាន​ចាប់ខ្លួន ហើយ​ការស៊ើបអង្កេត​បឋម រកឃើញថា មន្ត្រី​នោះ បាន​ពុករលួយ​ស៊ីលុយ​ជិត​កន្លះ​លាន​ដុល្លារ​។

​សំណុំរឿង​ប្រធាន​មន្ទីរ​ដែនដី នៅ​ខេត្តពោធិ៍សាត់ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ផ្ទាល់​ទៅកាន់​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឲ្យ​ចុះទៅ​ចាប់ខ្លួន ហើយ​បង្ក ក​ទ្រព្យសម្បត្តិ​មន្ត្រី​ល្មើសច្បាប់ និង​ពុករលួយ​នោះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អំពើពុករលួយ ក្នុង​ជួរ​រាជការ តាម​ស្ថាប័ន​មន្ទីរ ក្រសួង និង​នៅ​ថ្នាក់ក្រោម​ជាតិ ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ រហូតដល់​ឃុំ​សង្កាត់ និង​ដល់​ថ្នាក់ភូមិ តាម​មន្ទីរពេទ្យ ជាដើម គឺ​មិន​បើកចំហរ​ទេ​។ ប៉ុន្តែ​ក៏​មិន​ស្ងប់ស្ងាត់ ឡើយ​។

​ជាក់ស្តែង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ខ្លះ​ដែល​គ្រូពេទ្យ​ត្រូវ​ផ្តល់​សេវា​ដល់​អ្នកជំងឺ​ទូទៅ​ដោយ ឥតគិតថ្លៃ​នោះ ក៏​ពេទ្យ​ចេះ​រកលុយ​ដែរ ក្រោម​ហេតុផល​ថា ឲ្យ​អ្នកជំងឺ​ផ្តល់​វិភាគទាន និង​ដើម្បី​ឲ្យ​ការងារ​បាន​លឿន​។ តែ​លុយ​នោះ មិនត្រូវ​គ្រូពេទ្យ ដាក់​កំណត់ថា ត្រូវ​បង់ ប៉ុន្មានៗ​ទេ គឺ​តាម​សទ្ធា​របស់​អ្នកជំងឺ និង​សាច់ញាតិ​។​

​ដោយឡែក នៅ​ថ្នាក់ភូមិ​ឃុំ​សង្កាត់​វិញ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។ សេវាសាធារណៈ និង​សេវា​តម្រូវការ ក្នុងការ​ធ្វើលិខិត​ស្នាម បញ្ជាក់​លិខិត​ទីលំនៅ ធ្វើ​សៀវភៅ​ស្នាក់នៅ ជាដើម គឺ​រាជរដ្ឋាភិបាល មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​។ តែ​នៅតាម​ឃុំ​សង្កាត់ មិន​ថា នៅ​សាលាឃុំ​សង្កាត់ ឬ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​សង្កាត់​ទេ បើ​មិន​បង់លុយ គឺអាច​នឹង​ប្រើ ពេល​យូរ ហើយ​រក​អ្នក​ស៊ី​ញ៉េ ច្រើនតែ​មិន​ជួប​ក៏មាន​។ ក្រៅពីនោះ នៅ​សាលាឃុំ សង្កាត់ ស្មៀន ក៏​ទារលុយ​ឆៅៗ​តែម្តង លើ​លិខិត​ស្នើសុំ ដូចជា សាងសង់​ផ្ទះ ជាដើម​។ សរសេរ​បែបនេះ គឺមាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​អ្នក​ដែលមាន​បញ្ហា​ទៅ​សាលាឃុំ សង្កាត់ ទៅ​ប៉ុស្តិ៍​ប៉ូលិស សុទ្ធតែ​បានដឹង​ច្បាស់​ពី​រឿង​ចាយលុយ​ដែល​ពាក្យ​សាមញ្ញ គេ​ថា “​រត់ការ​”​។​

​សរុបទៅ កណ្តាប់ដៃ​ដែក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​យុទ្ធនា​ការប្រឆាំង​មន្ត្រី ល្មើសច្បាប់ ពុករលួយ ទាំង​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ទាំង​នៅក្នុង​ប្រព័ន្ធ​ច្បាប់ តុលាការ នឹងត្រូវ​អនុវត្ត​ដោយ​គ្មាន​ការលើកលែង​តទៅទៀត​ទេ​។​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ជា​ប្រមុខ បាន​អនុវត្ត​នូវ​អភិក្រម ទី​៥ គឺ “​វះកាត់​” ក្នុងចំណោម​អភិក្រម​ទាំង ៥ ដែល​សម្តេច​បានដាក់​ចេញ​តាំងពីដើម​អាណត្តិ ទី​៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​៕ ដោយៈ ម៉េង​ឆៃ​

#