កត្តា​អត់​ទឹក​នៅតាម​អូរ ត្រពាំង​ថ្លុក​នានា​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ គឺជា​គ្រោះមហន្តរាយ​ដល់​សត្វ​ស្លាប​ជិត​ផុត​ពូជ​

472
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/ភ្នំពេញ​ ៖ ​រដូវប្រាំង​រាំង​ឬ​ស្ស​(​ក្តៅហែង​ស្ទើរ​ងាប់​ដើមឈើ​)​នា​ឆ្នាំនេះ ពិតជា​មិន​អនុគ្រោះ​ដល់​ជីវិត​សត្វ​ទូទៅ​ទេ​។​ ពិសេស​សត្វ​ស្លាប​បក្សាបក្សី​រស់នៅក្នុង​ព្រៃ ​និង​វាលទំនាប​ត្រូវការ​ទឹក​ផឹក​មិនអាច​ខ្វះ​បាន​។​

លោក ​ប៊ូ វរ​សក្ស ​នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បានឲ្យ​រស្មី​កម្ពុជា​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ​កម្ពុជា​ឆ្នាំនេះ​ពិតជា​ក្តៅ​ខ្លាំងក្លា​ជាង​បណ្តា​ឆ្នាំមុនៗ​។​ សត្វ​ធាតុ​ទូទៅ​ពិតជា​រង​ផល​ប៉ះ​ខ្លាំងណាស់​ ​ដល់​ការផឹក​ឬ​មុជ​សម្រាប់​បន្ត​រស់​តទៅទៀត​។​ បើ​សត្វ​ចិញ្ចឹម​វា​មាន​ម្ចាស់​ជួយផ្តល់​ទឹក​ឲ្យ​ផឹក ​ឬ​មុជ​បាន​តាម​ត្រូវការ​ ​តែ​សត្វព្រៃ​វិញ​ទាមទារ​ដើរហើរ​ស្វែងរក​ទឹក​ផឹក​ដោយ​ខ្លួនឯង​។​ ពេលនេះ​ទឹកអូរ ថ្លុក​ត្រពាំង នៅ​សេសសល់​បន្តិចបន្តួច​ត្រូវ​រីងស្ងួត​អស់ហើយ​នៅតាម​ដងព្រៃ ដែន​ជម្រកសត្វព្រៃ​នានា​។​ សត្វ​រស់នៅ​ក្នុងព្រៃ​រង​នូវ​ហានិភ័យ​ខ្ពស់​របស់​ព្រានព្រៃ​ ដែល​រង់ចាំ​នៅតែ​តាម​បឹងបួ ស្ទឹង​ត្រពាំង​ដែល​នៅមាន​ទឹក​បាញ់ប្រហារ​សត្វ​ស្លាប​ឬ​សត្វ​នានា​ដែល​វារ​ត់រក​ទឹក​ផឹក​។​ គោលដៅ​កន្លែង​មានទឹក​តិចតួច​នេះហើយ​ គឺជា​គោលដៅ​បាញ់ប្រហារ​ពី​សំណាក់​ព្រាន​កំណាច​។​

លោ​កថា​ ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ ទឹក​ក្នុងព្រៃ​បាន​រីង​អស់ហើយ​។​សត្វ​ទាំងឡាយ​កំពុង​អត់​ទឹក​ផឹក​។​ នេះ​ជា​គ្រោះមហន្តរាយ​ដល់​សត្វ​ក្រៀល ត្រ​យង​យក្ស ត្រ​យ​ចង្កំ​ស ត្មាត​និង​រមាំង ឈ្លូស​និង​សត្វ​ជាច្រើន​ទៀត​។​

លោ​កថា​ យើង​កំពុង​តាមដាន​ជាមួយ​ឧទ្យា​នុ​រក្ស​ដែន​ជម្រក​ស្វែងរក​មើល ថា​តើ​មាន​សត្វ​អ្វីខ្លះ​ត្រូវ​ងាប់​ដោយ​អត់​ទឹក​ផឹក​ ​ត្រូវ​ព្រាន​សម្លាប់​ ​ដោយសារ​កត្តា​អត់​ទឹក​ផឹក​ ពីព្រោះ​សត្វ​ទាំងនេះ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ដែល​ត្រូវការពារ​វា​គ្រប់​កាលៈទេសៈ​ណា​ទាំងអស់​៕B/Ha