កត្តា​អាកាសធាតុ​អួរ​អាប់​នៅ​ខេត្តកំពត​មិន​បង្ក​ផលប៉ះពាល់​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ទេ​

170
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ទោះបី​អំឡុងពេល​ពីរ​សប្តាហ៍​នេះ​នៅ​ទូទាំង​ខេត្ត​ពិសេស​ក្នុងភូមិ​សាស្ត្រ​នៃ​ក្រុង​កំពត​ភ្លៀង​ធ្លាក់​ជាប់​ជាប្រចាំ​ក្តី​ក៏​មិន​បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ដែរ​។​

​លោក​ចាន់​វណ្ណា​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពត​បានបញ្ជាក់​ថា​រយៈពេល​ពីរ​សប្តាហ៍​នេះ​នៅ​ទូទាំង​ខេត្តកំពត​បានទទួលរ​ង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​និង​មធ្យម​។​រហូតមកដល់​ថ្ងៃនេះ​ទោះបី​អាកាសធាតុ​បន្ត​អួរ​អាប់​បន្តិច​មែន​។

​ប៉ុន្តែ​មិន​បង្កឱ្យមាន​ផលប៉ះពាល់​ណាមួយ​គួរ​គាត់​សម្គាល់​ទេ​។​លើសពីនោះ​ក៏​មិន​បណ្តាលឱ្យមាន​ជំនន់​លិចលង់​លើ​ភូមិសាស្ត្រ​ណា​ដែរ​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជាការ​រំពឹង​អាកាសធាតុ​នឹង​ល្អប្រសើរ​ឡើងវិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខនេះ​។

ចំណែក​លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានបញ្ជាក់​ថា​កត្តា​អាកាសធាតុ​អួរ​អាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មិន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ទេ​។​នៅតាម​បណ្តា​រមណីយដ្ឋាន​នានា​ពិសេស​ក្នុង​ក្រុង​កំពត​ផ្ទាល់​នៅតែមាន​ទេសចរ​មក​លម្ហែ​ជា​ប្រក្រតី​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ពីរ​សប្តាហ៍​កន្លងមកនេះ​ទោះបី​មាន​ភ្លៀង​ធ្លាក់​រលឹម​បន្ត​ជាប់ៗ​គ្នា​ក្តី​ក៏​ចំនួន​ភ្ញៀវ​មិនបាន​ធ្លាក់ចុះ​ដែរ​។​​ជា​មធ្យម​ក្នុង​មួយ​សប្តាហ៍​ខេត្តកំពត​ទទួលភ្ញៀវ​បាន​ពីមួយ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់​ទៅមួយ​ម៉ឺន​ប្រាំ​ពីរពាន់​នាក់​។​នា​សប្តាហ៍​នេះ​បរិមាណ​ភ្ញៀវ​នៅតែ​រក្សាបាន​ក្នុងស្ថានភាព​ដដែល​។​

លោក​សយ​ស៊ី​ណុល​ក៏បាន​បញ្ចាក់​ឱ្យដឹង​ផងដែរ​ថា​ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តំបន់​ជួរ​ភ្នំ​កំចាយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ហើយ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​បើក​បង្ហូរទឹក​ចេញពី​អាង​ស្តុក​នៃ​ទំនប់​វា​រី​អគ្គីសនី​ទើប​ធ្វើឱ្យ​បណ្តា​ទូក​ទេសចរណ៍​ទាំងឡាយ​អាក់ខាន​ក្នុង​ការដឹក​ភ្ញៀវ​ទៅ​ទស្សនា​អំពិលអំពែក​តាម​ដងព្រែក​ផ្នែក​ខាងលើ​។​ប៉ុន្តែ​សេវាកម្ម​នេះ​បាន​បង្វែ​ទិសដៅ​ទៅ​កម្សាន្ត​និង​គយគន់​ព្រៃកោងកាង​នៅតាម​មាត់សមុទ្រ​ផ្នែក​ខាងក្រោម​វិញ​។​

​លោក​សោម វិចិត្រ ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ ២០១៩ កម្ពស់​ទឹក​ក្នុង​អាង​ស្តុក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​បាន​ស្រក​ចុះមក​ត្រឹម​១៤៨,៨៦​ម៉ែត្រ​ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​នៅ​រក្សា​ការបង្ហូរ​ចេញ​តែមួយ​ទ្វារ​ដោយ​លើកកម្ពស់​១,៥​ម៉ែត្រ​។ ខណៈដែល​ថ្ងៃទី​៤ ខែកញ្ញា ទឹក​មាន​កម្រិត​១៤៩​ម៉ែត្រ ត្រូវ​បើកទ្វារ​ទឹក​ចំនួន​៣ ហើយ​ទ្វារ​នីមួយៗ​លើក​ក្នុង​កម្ពស់​៣​ម៉ែត្រ​៕S/

#