កន្ទុយបារី​បណ្តាលអោយ​ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​សម្លាប់​មនុស្ស​៦២​នាក់​

624
ចែករម្លែក

​មនុស្ស​យ៉ាង​ហោច​ណាស់​៦២​នាក់​បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​រថយន្ត​ដឹក​ប្រេង​មួយ​នៅ​តង់​ហ្សា​នី​ខាងកើត នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​សៅរ៍​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ទីប្រជុំជន ម៉ូ​រ៉ូ​ហ្គោ​រ៉ូ ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី ដា អេស សា​ឡាំ​។​

​ពួក​អ្នក​បើក​តាក់ស៊ី​និង​អ្នកស្រុក​នាំគ្នា​ដង​ដួស​យក​ប្រេង​ពី​រថយន្ត​ដឹក​ប្រេង​ក្រឡាប់​មួយ​នៅ​ជាយក្រុង​កាលពី​ថ្ងៃ​សៅរ៍ តែ​រថយន្ត​ប្រេង​បាន​ផ្ទុះឡើង​ចំ​ពេល​មនុស្ស​នាំគ្នា​ដួស​យក​​ប្រេង​កំពប់​បាច​សាច ជាហេតុ​នាំ​អោយ​ហុយផ្សែង​ចូល​ក្នុង​អាកាស​កំពស់​៣០​ម៉ែត្រ ។​អណ្តាតភ្លើង​បាន​បំផ្លាញ​យានយន្ត​និង​មនុស្ស​នៅ​ចម្ងាយ​១៥​ម៉ែត្រ​ជុំវិញ​រថយន្ត​ដឹក​ប្រេង​។​

​ចៅហ្វាយក្រុង ម៉ូ​រ៉ូ​ហ្គោ​រ៉ូ បាន​អះអាង​ថា សាកសព​៦០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​តម្កល់​សព​នៃ​មន្ទីរពេទ្យ​មួយ និង​៧០​នាក់​ទៀត​កំពុង​ត្រូវ​ព្យាបាល​រលាក​។​លោក​បាន​​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់​កើនឡើង​។​

​លោក​បាន​និយាយថា រថយន្ត​នេះ​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​មនុស្ស​ម្នាក់​ព្យាយាម​លួច​យក​អាគុយ​រថយន្ត តែ​សាក្សី​ម្នាក់​បាន​និយាយថា បុរស​ម្នាក់​ដែល​បាន​ចូលរួម​លួច​យក​ប្រេង​បាន​​បោះចោល​កន្ទុយបារី ជា​ហេតុ​បង្ក​ជា​អគ្គិភ័យ​ភ្លាម​ឡើង​។​

​មនុស្ស​ជាង​៧០​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដោយ​រលាកភ្លើង​នៅ​តង់​ហ្សា​នី​

​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​ប្រេង​ដូច្នេះ​មិន​ជា​រឿង​ចម្លែក​ទេ​នៅ​អាហ្វ្រិក ដោយ​កាលពី​ខែ​មុន មនុស្ស​៤៥​នាក់​បាន​ស្លាប់​និង​ជាង​១០០​នាក់​របួស​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា នៅ​ពេល​រថយន្ត​​ដឹក​ប្រេង​មួយ​ក្រឡាប់​ហៀរ​ប្រេង​ហើយ​ផ្ទុះ​ក្នុងពេល​ពួក​អ្នកស្រុក​នាំគ្នា​ដង​ដួស​យក​ប្រេង​។​

​កាលពី​ខែ​ឧសភា​ឆ្នាំនេះ គ្រោះថ្នាក់​ស្រដៀង​គ្នា​បាន​កើតឡើង​នៅ​ប្រទេស​នី​ហ្សេ ដោយ​បណ្តាលអោយ​ស្លាប់​មនុស្ស​៨០​នាក់​៕​ដោយ​៖​វាសនា​