កន្លងទៅ ១៨ ឆ្នាំ តើ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​រអិល​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​?

256
ចែករម្លែក
កងកម្លាំង​សន្តិសុខ​កំពុង​ឈរ​យាម​នៅ​កន្លែង​បោះឆ្នោត ដែល​រៀបចំ​កាលពី​ថ្ងៃទី​២៩​កញ្ញា

​ក្នុង​ឆ្នាំ ២០១៤ លោក​ហា​មី​ដ កា​ហ្សៃ ប្រធានាធិបតី​ដំបូងបង្អស់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ការ​លុកលុយ​ឆ្នាំ ២០០១ ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក បាន​និយាយថា “​នៅពេល​ខ្ញុំ​ចូលកាន់​តំណែង​ដំបូង យើង​ពុំមាន​ទង់ជាតិ​ឬ​រូបិយវត្ថុ​ទេ​។ យើង​ជា​គោលដៅ​នៃ​របៀបវារៈ​បរទេស​។ យើង​គ្មាន​ផ្ទះសម្បែង​នៅក្នុង​ប្រទេស​កំណើត​រប​ស់​យើង​”​។ ប្រាំ​ឆ្នាំក្រោយ​និង​ការ​ប្រឈម​នឹង​ការបោះឆ្នោត​ដ៏​បង្ហូរឈាម​មួយទៀត យើង​បានចាប់ផ្តើម​ប្រារព្ធ​ខួប​លើក​ទី​១៨​នៃ​ការ​លុកលុយ​របស់​អាម៉េរិក និង​សួរថា​តើ​យុទ្ធនា​ការដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​នាំមក​នូវ​អ្វីខ្លះ និង តើ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាថ្មី​ម្តងទៀត​កំពុង​ខិតជិត​ទៅរក​សង្គ្រាមស៊ីវិល​ឬ​យ៉ាងណា​?

​សហរដ្ឋ​អាម៉េរិក​មិនមែនជា​ប្រជាជាតិ​តែមួយគត់​នោះទេ​ដែល​ជួប​ការលំបាក​និង​ចាញ់​សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ចក្រភព​អង់គ្លេស​ត្រូវ​បរាជ័យ​នៅ​ទសវត្សរ៍​ឆ្នាំ ១៨៤០ ហើយ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​ក៏​ចាញ់​ក្នុង​ឆ្នាំ ១៩៨៨ ដែរ​។ សហរដ្ឋ​អាម៉េរិក​បានធ្វើ​កំហុស​ដូចគ្នា​នឹង​ប្រទេស​មុនៗ​ដែរ​។ ប្រទេស​ទាំងបី​បាន​ចូលក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​បំណង​ផ្សេង​ក្រៅពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លួនឯង​ផ្ទាល់​។​

​អង់គ្លេស​ចង់​ទប់ស្កាត់​ផលប្រយោជន៍​ដែនដី​របស់​ចក្រភព​រុស្ស៊ី ដែល​បាន​គំរាមកំហែង​ដល់​ទឹកដី​ឥណ្ឌា​។ សហភាពសូវៀត​ខ្លាច​ឥទ្ធិពល​របស់​អាម៉េរិក​រីក​រាលដាល​មកលើ​ព្រំដែន​ខាងត្បូង​របស់ខ្លួន ព្រោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ភូមិសាស្ត្រ​ហ៊ុមព័ទ្ធ​ដោយ​សម្ព័ន្ធមិត្ត​របស់​អា​ម៉េ​រិ​ក​ជំនាន់​នោះ គឺ អ៊ីរ៉ង់ និង ប៉ា​គី​ស្ថាន​។ ក្រោយ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ ១១ កញ្ញា កងកម្លាំង​ដឹកនាំ​ដោយ​អាម៉េរិក​បានក្លាយ​ជាម​ហា​អំណាច​បរទេស​ចុងក្រោយបង្អស់​ដែល​ឈាន​ជើង​ចូលក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​តាម​ប្រមាញ់​មេដឹកនាំ​អាល់​កៃ​ដា​គឺ​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន​។​

​ក្រុម​តា​លី​បង់​បាន​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​សង្គ្រាមស៊ីវិល​ដែល​កំពុង​បន្ត​កើតមាន បន្ទាប់ពី​ការដកខ្លួន​របស់​សហ​ភាព​សូ​វៀត​។ ការគ្រប់គ្រង​របស់​ពួក​តា​លី​បង់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា​ការបង្ហូរ​ឈាម​និង​អំពើហិង្សា​ជាមួយនឹង​ការអនុវត្ត​នៃ​ការបកស្រាយ​គ្រឹះ​អ៊ីស្លាម​ដ៏​តឹងរ៉ឹង​របស់​ពួកគេ ដែល​ក្នុងចំណោម​ច្បាប់​តឹងរ៉ឹង​ទាំងនោះ​រួមមាន ការហាមឃាត់​ស្ត្រី​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ ទទួលបាន​ការអប់រំ ឬ ចាក​ចេញពីផ្ទះ​ដោយ​គ្មាន​ការ​អមដំណើរ​ពី​សាច់ញាតិ​ជា​បុរស​។​

​ការផ្តល់​សេរីភាព​ដល់​ស្ត្រី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា​រឿង​ដែល​សហរដ្ឋ​អាម៉េរិក​ចង់​ចង្អុលបង្ហាញ នៅពេល​ពិភាក្សា​អំពី​កេរ្តិ៍ដំណែល​វិជ្ជមាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ សហរដ្ឋ​អាម៉េរិក​ក៏​អាច​ចង្អុលបង្ហាញ​អំពី​ស្ថិរភាព​របស់​រដ្ឋាភិបាល​លោក​កា​ហ្សៃ​និង​អ្នក​ស្នង​តំណែង​បន្ត​របស់គាត់ គឺ​លោក អា​ស្រា​ហ្វ ហ្គា​នី​។ ការផ្តល់​សច្ចាប័ន​លើ​រដ្ឋធម្មនុញ្ញ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សេរីភាព​សារព័ត៌មាន និង ការបង្កើត​កម្លាំង​ប៉ូលិស គឺជា​ផ្នែក​ផ្សេងទៀត​នៃ​ភាពជោគជ័យ​កម្រិត​មធ្យ​ម​របស់​អាម៉េរិក​។ សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ជំនួយ​មួយ​នេះ​ក៏បាន​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​ជាមួយនឹង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ផងដែរ​។ មើលទៅ​ក្នុង​បរិបទ​ជាក់ស្តែង ការចាប់ខ្លួន​លោក​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ហាក់ដូចជា​បញ្ហា​មិន​ជាប់ទាក់ទង​នឹង​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាល់តែសោះ​។​

​ចឹ​ង​តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​? មនុស្ស​ជាច្រើន​គិតថា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​នឹង​ក្លាយជា​ប្រធានាធិបតី​ដែល​ដក​កងទ័ព​អាម៉េរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​នាំ​ឱ្យមក​នូវ​ទីបញ្ចប់​នៃ​យុទ្ធនាការ​នៅ​បរទេស​យូរ​បំផុត​របស់​អាម៉េរិក​។ ទោះយ៉ាងណា ដូច​លោក​ហ្គូ​បា​ឆូវ​ធ្លាប់បាន​ឆ្លងកាត់​មុន​លោក​អូ​បា​ម៉ា​ចឹ​ង កងទ័ព​បន្ថែម​ត្រូវបាន​បញ្ជូនទៅ​កាន់​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ពង្រឹង​ដល់​ការដក​ទ័ព​ថយ ប៉ុន្តែ​ផ្ទុយទៅវិញ វា​បាន​នាំ​ឱ្យមក​នូវ​ចលនា​តស៊ូ​ស្វិតស្វាញ​មួយទៀត​។ នេះ​គឺជា​សកម្មភាព​ធ្លាប់បាន​កើតឡើង​ចំពោះ​យុទ្ធនាការ​របស់​អាម៉េរិក​នៅ​វៀតណាម​ដែរ​។ នេះ​ក៏​ជា​អ្វីដែល​អង់គ្លេស​បាន​ជួប​នៅ​សតវត្សរ៍​ទី ១៩ បន្ទាប់ពី​ការចាកចេញ​ពី​ទីក្រុង​កា​ប៊ុល​។​

​សម្រាប់​ប្រទេស​ដែល​បាន​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន ការចាកចេញ​គឺជា​រឿង​ពិបាក​បំផុត​។ ទំហំ​នៃ​ការខាតបង់​ធំធេង​សម្រាប់​ចក្រភព​អង់គ្លេស សហភាពសូវៀត ឬ កងទ័ព​អាម៉េរិក បាន​នាំឱ្យ​ពួក​មហាអំណាច​លែងមាន​មហិច្ឆតា​ចង់​បន្ត​នៅក្នុង​ប្រទេស​នេះ​តទៅទៀត និង យក​ការ​បង្ហូរឈាម​ឥត​ល្ហែ​ធ្វើជា​លេស​ធំ​បំផុត​ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ​។ ការកាន់កាប់​របស់​ពួក​មហាអំណាច​លើទឹក​ដី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​នាំទៅដល់​ការបង្កើត​កម្លាំង​សាម​គី្គ​រឹងមាំ​មួយ​គឺ ក្រុម​ជី​ហាដ​។​

​សម្រាប់​សហរដ្ឋ​អាម៉េរិក ការគំរាមកំហែង​នៃ​ការវិល​ត្រឡប់មកវិញ​នូវ​សង្គ្រាមស៊ីវិល​គឺជា​រឿង​ពិត​។ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏ត្រូវ​បានដាក់​នៅក្នុង​ស្ថានភាព​លំបាក​ដែរ​។ កិច្ចពិភាក្សា​ទ្វេភាគី​រវាង​អាម៉េរិក​និង​ពួក​តា​លី​បង់​បាន​ដួលរលំ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​បដិសេធ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនឱ្យ​ចូលរួម​ក្នុង​កិច្ចចរចា​ទេ​។ នៅក្នុង​ការធ្វើសម្បទាន​ដ៏​សម្បើម សហរដ្ឋ​អាម៉េរិក​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការដោះដូរ​ការគ្រប់គ្រង​ជាមួយ​ពួក​តា​លី​បង់​ដើម្បី​ជា​ថ្នូរ​នឹង​ការការពារ​សន្តិសុខ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម កុំឱ្យ​ទទួលបាន​ឥទ្ធិពល​នៅក្នុង​តំបន់​ដូចជា​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា ឬ ក្រុម​អាយ​ស៊ី​ស កុំឱ្យ​លេចមុខ​សាជាថ្មី​។​

​ចំណុចខ្លាំង​សម្រាប់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​សមត្ថភាព​ក្នុងការ​អំពាវនាវ​ឱ្យអំណាច​យោធា​អាម៉េរិក​ធ្វើតាម​បញ្ជា​របស់ខ្លួន​និង​សមត្ថភាព​ក្នុងការ​បញ្ជា​លើ​ជំនួយ​នានា​។ ប្រសិនបើ​រដ្ឋាភិបាល​មិនអាច​ពឹង​ផ្អែកលើ​សសរស្តម្ភ​ទាំងពីរ​នេះ​បានទេ នោះ​អំណាច​របស់ខ្លួន​នឹងត្រូវ​កាត់បន្ថយ​យ៉ាងធ្ងន់ធ្ងរ​។ លើសពីនេះ​ទៀត​លោក​ប្រធានាធិបតី​កា​ហ្សៃ​និង​អ្នក​ស្នង​តំណែង​បន្ត​លោក​ហ្គា​នី​គឺ​មកពី​សម្ព័ន្ធមិត្ត​ខាងជើង ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​របស់​អតីត​សត្រូវ ដែល​បាន​ចូលរួម​ប្រឆាំងនឹង​ពួក​តា​លី​បង់​ក្នុង​ឆ្នាំ ១៩៩៦​។ ហេតុដូច្នេះ ភក្ដីភាព​គឺមាន​ដែន​កំណត់​និង​ជម្លោះ​អាច​នឹង​ផ្ទុះឡើង បន្ទាប់ពី​ការដក​ទ័ព​របស់​អាម៉េរិក​។​

​ការដួលរលំ​នៃ​កិច្ចចរចា​រវាង​សហរដ្ឋ​អាម៉េរិក​និង​ពួក​តា​លី​បង់​បាន​នាំឱ្យមាន​អំពើហិង្សា​នៅ​ទូទាំងប្រទេស​ក្នុងអំឡុងពេល​បោះឆ្នោត​ប្រធានាធិបតី​។ ក៏មាន​វិវាទ​ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត​ផងដែរ ដែល​បេក្ខជន​ទាំងពីរ​បានប្រកាស​ឈ្នះ​រៀងៗ​ខ្លួន​។ ជាមួយនឹង​ភាពវឹកវរ​ដូច្នេះ តើ​សហរដ្ឋ​អាម៉េរិក​បាន​ត្រៀម​ប្រគល់​ការគ្រប់គ្រង​ឱ្យទៅ​ពួក​តា​លី​បង់ បន្ទាប់ពី​បាន​ផ្តួលរំលំ​ការគ្រប់គ្រង​ដ៏​ឃោរឃៅ​របស់​ពួកគេ​កាលពី​១៨​ឆ្នាំមុន​? តើ​ការសន្យា​របស់​ពួក​តា​លី​បង់​ថា​នឹង​ទប់ទល់​ក្រុម​ជ្រុលនិយម អាច​ជឿទុកចិត្ត​បានទេ​?

​នៅពេល​សួរថា​តើ​វីរបុរស​សូ​វៀត​និង​ឧ​ត្ត​ម​សេនីយ៍​ជើងចាស់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អូស​ឆេវ​មាន​យោបល់​អ្វី​ទេ​សម្រាប់​សហរដ្ឋ​អាម៉េរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​បាន​ឆ្លើយតប​យ៉ាង​សាមញ្ញ​ថា “​ជ្រើស​យក​ផ្លូវ​ណា​ដែល​លឿន​បំផុត​ត្រឡប់ទៅផ្ទះ​វិញ​”​។ វា​ជាការ​លំបាក​ក្នុងការ​ផ្តល់នូវ “​ភាពជោគជ័យ​” ក្នុង​ទម្រង់​មួយ ដែល​អាម៉េរិក​បានទទួល​ស្គាល់ ដោយ​មិនបាន​ផ្លាស់ប្តូរ​រូបរាង​របស់​ប្រទេស​នេះ​នៅក្នុង​ចិត្ត​របស់​ពួកគេ​។ មេរៀន​ដ៏​លំបាក​ពី​ប្រវត្តិសាស្ត្រ​គឺថា​ដើម្បីឱ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួលបាន​ជោគជ័យ ប្រទេស​នេះ​ចាំបាច់​ត្រូវ​ផ្សះផ្សា​តាម​បៀ​ប​វារៈ​ដែលមាន​លក្ខណៈ​ទំនើប​និង​វឌ្ឍនភាព​ជាមួយនឹង​អត្ត​សញ្ញា​អ៊ីស្លាម ហើយ​កិច្ចការ​នេះ​ត្រូវតែ​ដឹកនាំ​និង​អនុវត្ត​ផ្ទាល់​ដោយ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN