កន្លាត​ថ្លើមធំ​ហ៊ាន​វារ​ឡើងលើ​ស្មា​ប្រធានាធិបតី ហ្វី​លី​ពិន​ពេល​កំពុង​ថ្លែង​សុន្ទរកថា

1046
ចែករម្លែក

ករណី​សត្វ​កន្លាត​វារ​ឡើងលើ​ខ្លួន​មេដឹកនាំ​ប្រទេស​អំឡុងពេល​ថ្លែង​សុន្ទរកថា​ប្រហែលជាមិន​ធ្លាប់មាន​ឡើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។

​ទោះជា​យ៉ាងណា ករណី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​នេះ​បាន​កើតឡើង លើ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ អំឡុងពេល​លោក​ថ្លែង​សុន្ទរកថា​។​

​សារព័ត៌​មានបាន​ចុះផ្សាយ​ថា ខណៈពេល​លោក ឌូ​ទើ​តេ​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​កៀរគរ​ការគាំទ្រ​កាលពី​ថ្ងៃ​ពុធ ទី​៨ ខែឧសភា ដោយ​លើកសរសើរ​គុណសម្បត្តិ របស់​បេក្ខជន​ដែល​លោក​បាន​ជ្រើសតាំង​សម្រាប់​ការបោះឆ្នោត​ស្ទង់​មតិ​ពាក់កណ្តាលអាណត្តិ​នៅ​សប្តាហ៍​ក្រោយ ​ស្រាប់តែ​សត្វ​កន្លាត​ថ្លើមធំ​ហ៊ាន​វារ​ឡើងលើ​ស្មា​របស់លោក​។

​ដោយ​ឃើញ​បែប​នោះ ស្ត្រី​ជំនួយការ​ម្នាក់​បាន​ព្យាយាម​យក​ក្រដាស​ឯកសារ​គ្រវាសឱ្យ​វា​ជ្រុះ តែ​មិន​ជ្រុះ​។ ភ្លាមនោះ​លោក​បាន​សម្លឹង​មើលមុខ​ជំនួយការ​របស់លោក ដោយ​ទឹក​មុខមាំ ហើយ​បន្ទាប់មក​ងាកមើល​ខ្លួនឯង​ក៏​ឃើញ​កន្លាត​តោង​ជាប់​នៅ​នឹងអាវ​របស់លោក​។

​លោក​បាន​គ្រវាស​វា​ចេញ ហើយ​បាន​និយាយ​លេងសើច​ថា​ កន្លាត​នោះ​ជា​គ្នីគ្នា​របស់គណបក្សប្រឆាំង​៕ ប្រែ​សម្រួលៈ ខុម /Ha