កម្ចាត់​អង្គែ​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​

206
ចែករម្លែក

ជាធម្មតា​បញ្ហា​អង្គែ​ស្បែកក្បាល គឺ​បង្កឡើង​ពី​រោគ​ផ្សិត​ម្យ៉ាង​ហៅថា Malassezia ដែល​លូតលាស់​លើ​ស្បែកក្បាល​។ អង្គែ​ស្បែក​ក្បាលមាន ២ ប្រភេទ គឺ​មួយ​កើតឡើង ដោយសារ​ការផលិត​ជាតិ​ប្រេង​ច្រើន​លើស​និង​ភាព​ស្ងួត​ពេក​នៃ​ស្បែកក្បាល​។ ទោះជា យ៉ាងណា​បញ្ហា​អង្គែ​ក៏​បណ្ដាលមកពី​ការមិន​កក់សក់​ទៀងទាត់ ការប្រើប្រាស់​សាប៊ូ​ខុស និង​ការ​ទទួលទាន​ចំណីអាហារ​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! អត្ថបទ​ថ្ងៃនេះ​នឹង​បង្ហាញ​ឱ្យដឹងពី វិធី​ដ៏​ងាយ​បំផុត​កម្ចាត់​អង្គែ​ចេញពី​ស្បែកក្បាល ដោយ​ចំណាយ​អស់​តិច​តែមាន ប្រសិទ្ធិភាព​ខ្ពស់ ៖

១. ប្រេងដូង និង​ទឹក​ក្រូចឆ្មារ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង​ចំនួន ២ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឲ្យ​សព្វ​សឹម​លាប​ម៉ាស្សា​លើ​សក់​និង​ស្បែកក្បាល សម្រាប់ រយៈពេល​ពី ២ ទៅ ៣ នាទី រួច​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី ហើយ​កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​

២. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​លាយ​ទឹក​ធម្មតា​ចំនួន ២ ពែង​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ចាក់​ល្បាយ​ចូល​ដប​ស្ព្រៃ​យ៍ ឬ​ដប​ដែលមាន​ក្បាល​បាញ់​។ បន្ទាប់មក ចាប់ផ្ដើម​បាញ់​ឱ្យ​ពេញ​គល់​នៃ​សក់​របស់​អ្នក​។ ចង​សក់​ឡើង ហើយ​យក​រុំ​សក់​ជាមួយ ថង់​ផ្លា​ស្ទិ​ក​។ ទុកចោល​បែបនេះ​សម្រាប់​រយៈពេល​ពី ១៥ នាទី ទៅ ១ ម៉ោង អាស្រ័យ លើ​ប្រភេទ​នៃ​សក់​របស់​អ្នក​វែង ឬ​ខ្លី ក្រាស់ ឬ​ស្ដើង​។ ចុងក្រោយ​គ្រាន់តែ​កក់​សម្អាត​សក់ ជាមួយ​សាប៊ូកក់សក់​និង​ក្រែ​ម​បន្ទន់​ដូច​ធម្មតា​ជាការ​ស្រេច​។ គួរ​អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​រាល់​សប្តាហ៍​។​

៣. ម្ស៉ៅ Baking Soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​ញី​សក់​ជាមួយ​ម្ស៉ៅ Baking Soda នៅពេល​ងូតទឹក រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​អ្នក​មិនគួរ​ប្រើ​សាប៊ូកក់សក់ ឡើយ​នៅពេល​អនុវត្ត​រូបមន្ត​នេះ​។​

៤. ទឹក​ខ្ពុរមាត់​

​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​លាយ​ទឹក​ខ្ពុរមាត់​ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ៩ ស្លាបព្រា​បាយ​។ ជាដំបូង​ត្រូវ​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​ធម្មតា​សិន​បន្ទាប់មក​សឹម លាប​ល្បាយ​ទឹក​ខ្ពុរមាត់​លើស​ក់ ហើយ​ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​

៥. ប្រេង​អូ​លីវ​

​អ្នក​ត្រូវ​កម្ដៅ​ប្រេង​អូ​លីវ​ឱ្យ​ក្ដៅ​ឧណ្ហៗ​ជាមុនសិន សឹម​លាប​ម៉ាស្សា​វា​លើ​សក់​ហើយ​រុំ ឱ្យ​ជិត​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៤៥ នាទី​។ ក្រោយមក​កក់​សម្អាត​សក់​ជា មួយ​សាប៊ូ​ដូច​ពេល​ធម្មតា​ជាការ​ស្រេច​។​

​សម្គាល់ ៖ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ក៏​ជា​មូលហេតុ​ចម្បង​នៃ​ការកើត​អង្គែ ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​កម្ចាត់​អង្គែ​អស់ពី​សក់ និង​ស្បែកក្បាល​៕ ដោយៈ health.com.kh