កម្ពុជាស្នើទៅមិត្តចិន បញ្ជូនក្រុមគ្រូពេទ្យជំនាញមកកម្ពុជា ដើម្បីជួយក្នុងការព្យាបាល និងការពារជំងឺ កូវីដ-១៩

85
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី១៨ ខែមីនានៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមិត្តចិន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញមកកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធន៍ក្នុងការព្យាបាល និងការពារជំងឺកូវីដ-១៩។

បើយោងតាមគេហទំព័រស៊ីស៊ីថាមស៍ដែលស្រង់សម្តីប្រភពស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងរៀបចំការងារបញ្ជូនក្រុមគ្រូពេទ្យជំនាញពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

ស៊ីស៊ីថាមស៍ បានឱ្យដឹងទៀតថាក្រុមគ្រូពេទ្យដែលចិនគ្រោងបញ្ជូនមកកម្ពុជាមានគ្នាប្រមាណពី៥ ទៅ៧នាក់ដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ហើយបច្ចុប្បន្ននេះស្ថានទូតចិនកំពុងពន្លឿនការងារ តាមសំណើររបស់មិត្តដែកថែបកម្ពុជា។

ប្រភពស្ថានទូតចិន បានឱ្យដឹងថាប្រទេសចិនក៏នឹងផ្តល់ជំនួយសារធាតុតេស្តរកវីរុសCOVID-19(Detection Reagent) ,សម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា៕/B