កម្ពុជាៈ​ពី​ប្រទេស​ដែល​អ​.​ស​.​ប ជួយ​ទៅជា​ប្រទេស​ជួយ​ពិភពលោក​វិញ​

417
ចែករម្លែក

​រយៈពេល​១៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០០៦ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ ទៅ​ចូលរួមបំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ចំនួន ៨​ប្រទេស រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល ដោយមាន​កម្លាំង​សរុប​ចំនួន ៦២៧៨ នាក់ ក្នុងនោះ​នារី ចំនួន ៣១៥​នាក់ ។

​គិត​ត្រឹម​ខែឧសភា​ឆ្នាំ​២០១៩ កងកម្លាំង​មួក​ខៀវ​កម្ពុជា ចំនួន ៧៨៨​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្នុងនាម​ជា​កងកម្លាំង​មួក​ខៀវ​របស់​អ​.​ស​.​ប នៅ​ប្រទេស​ចំនួន​៥ គឺ​ស៊ូដង់​ខាងត្បូង លី​បង់ ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល លើ​ជំនាញ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលានយន្តហោះ អាវុធហត្ថ នាយទាហាន​សង្កេតការណ៍ និង​នាយទាហាន​សេនាធិការ​។​

​ក្នុង​ឆ្នាំ​២០១៩​នេះ និង​ទៅ​អនាគត កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់ បន្តសកម្មភាព​មនុស្ស​ធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ​.​ស​.​ប ក្នុង​ពិភពលោក​ជា​បន្តទៀត ដោយ​ត្រៀម​រៀបចំ​កម្លាំង និង​មធ្យោបាយ​នានា សម្រាប់​ដាក់បញ្ចូល​ក្នុង​កំរិត​នៃ​ប្រព័ន្ធ រៀបរយ​សមត្ថភាពរ​ក្សា​សន្តិភាព (UN Peacekeeping Capacity Readiness System- UNPCRS) ។ ជាមួយគ្នានេះ កម្ពុជា​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​ទាំងអស់​បន្ត​ជួយ​គាំទ្រ ទាំង​ថវិកា ឧបករណ៍ សម្ភារ មធ្យោបាយ និង​ធនធានមនុស្ស សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ ។​
​ ​
​ជា​ការពិតហើយ ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ថា ក្រោយពី​ភាគី​ជម្លោះ​កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ អ​.​ស​.​ប បាន​បញ្ជូន​កងកម្លាំងមួក​ខៀវ​ជាច្រើន​ម៉ឺន​នាក់ មក​កម្ពុជា ដើម្បី​ថែរក្សា​សន្តិភាព និង​រៀបចំ​ការបោះឆ្នោត នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣​។​

​ជា​បន្តបន្ទាប់ កម្ពុជា​បាន​ពង្រឹងសមត្ថភាព និង​លទ្ធភាព​ដោយ​បញ្ចប់សង្គ្រាម​ទាំងស្រុងដោយ​ខ្លួនឯង តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។ ដោយសារតែ​កក្តា​សន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ការដឹកនាំរបស់​សម្តេច​តេ​ជោ ហ៊ុន សែន រហូតដល់​ឆ្នាំ​២០០៦​ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ប្រដាប់អាវុធ ជា​លើកដំបូង ទៅ​ចូលរួម​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ កងទ័ព​មួក​ខៀវ​របស់​អ​.​ស​.​ប​។ ពោលគឺ​កម្ពុជា បាន​ចូលរួម​ជួយ​ថែរក្សា​និង​ស្វែងរក សន្តិភាព​ជូន​ពិភពលោក ក្រោយពេល​ពិភពលោក បាន​ជួយ​កម្ពុជា​។

​ក្រៅពី​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​បំពេញបេសកកម្ម​ជាមួយ​អ​.​ស​.​ប នៅពេលនេះ​កម្ពុជា ក៏បាន​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​វគ្គ​ហ្វឹកហ្វឺន​បី​លើក​មកហើយ​ក្នុងការ​បណ្តុះបណ្តាល ជំនាញ​បច្ចេកទេស​ដោះមីន​កម្រិត​ខ្ពស់​ថ្នាក់​អាស៊ាន និង​តំបន់ សម្រាប់​គ្រូ​បង្គោល ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អ​.​ស​.​ប ។ វគ្គ​ហ្វឹកហ្វឺន លើក​ទី​៣ បាន​បិទ​បញ្ចប់​កាលពីថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។​

​កម្ពុជា​ក្លាយជា​កន្លែង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដោះមីន សម្រាប់​អាស៊ាន និង​តំបន់ ក្នុង​ក្របខ័ណ្ឌ​អ​.​ស​.​ប នាពេលនេះ ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការទទួលស្គាល់ចំពោះ​សមត្ថភាព និង​បទពិសោធន៍​របស់​កង​កម្លាំង​កម្ពុជា លើ​ជំនាញ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ទាំង​ក្នុងប្រទេស​និង​ទាំង​ក្នុង​បេសកកម្ម​ប្រតិបត្តិ​ការរក្សា សន្តិភាព​របស់​អ​.​ស​.​។​

​ជារួម ក្នុង​រយៈពេល ១៣​ឆ្នាំ​មកនេះ កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​បញ្ជូន​កងកម្លាំងប្រដាប់អាវុធ ចូលរួម​បរិច្ចាគ​ឈាម​ស្រស់​សាច់​ស្រស់​ដើម្បី​ដូរ​មកវិញ​នូវ​សុខសន្តិភាព សម្រាប់​ពិភពលោក​ផង និង​ដើម្បី​ជាការ​តបស្នង​សងគុណ​ដល់​អ​.​ស​.​ប ដែល​បាន​ជួយកម្ពុជា កាលពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ ផង​។ ជាងនេះទៅទៀត​ក៏​ដោយសារតែ សមត្ថភាព​របស់​កម្ពុ​ជា ទើប​អ​.​ស​.​ប និង​ដៃគូ​អន្តរជាតិមាន​ទំនុកចិត្ត អនុញ្ញាត​ឲ្យ​កម្ពុជា ក្លាយជា​ម្ចាស់ផ្ទះ ក្នុងការ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​ដោះមីន​និង​បោសសម្អាត យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផង និង​តំបន់​ផង​សម្រាប់​ចូលរួម​បំពេញបេសកកម្ម​របស់​អ​.​ស​.​ប​។​

​គឺជា​មោទនភាព​ជាតិ​ដែល​កម្ពុជា​មុននេះ​ធ្លាប់​អ​.​ស​.​ប ជួយ​តែ​ពេលនេះ​កម្ពុជា​បាន ក្លាយជា​ប្រទេស​ដែល​បាន​បរិច្ចាគ​កម្លាំង​ចូលរួម​បំពេញបេសកកម្ម​អន្តរជាតិ​ក្រោម​ឆត្រ អ​.​ស​.​ប​ដើម្បី​ជួយ​អ​.​ស​.​ប វិញ​។ កម្ពុជា​ក៏ត្រូវ​បានទទួល​ស្គាល់​ដោយ​អ​.​ស​.​ប​ថា​កម្លាំងដែល​ចូលរួម​គឺមាន​គុណភាព វិន័យ និង​សីលធម៌​ថ្លៃថ្នូរ​៕ ដោយៈ ម៉េង​ឆៃ​/Ha