កម្ពុជា​កំពុង​ត្រៀមខ្លួន ដើម្បី​ចូលក្នុង​សេដ្ឋកិច្ច​ឌីជីថល​

903
ចែករម្លែក

​កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​ឧស្សាហកម្ម​ទី​៤.០ និង​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ទីផ្សារ​មួយ​ផ្តោតជាសំខាន់​លើ​បច្ចេកវិទ្យា​ឌីជីថល ហើយ​ដែល​អ្នកជំនាញ បាន​និយាយថា ដើម្បី​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ចូលរួម​ការអភិវឌ្ឍ​ប្រទេស ជាពិសេស​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល​នេះ យុវជន​ខ្មែរ​ត្រូវតែ​ពង្រឹងសមត្ថភាព​ជំនាញដោយ​ខ្លួនឯង ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​សេដ្ឋកិច្ចថ្មី​មួយ​នេះ​នាពេល​អនាគត ។​

​យុវជន​កម្ពុជា​ភាគច្រើន​នៅតែ​យល់​ច្រ​ឡំថា​ ទាល់តែ​ធ្វើការ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា ឬ​អាយ​ធី​( IT) ទើប​ពួកគេ​ទៅ​រៀន​មុខវិជ្ជា​ឌីជីថល​។​ឥឡូវនេះ​សម័យ​ឧស្សាហកម្ម​ទី​៤.០​និង​សេដ្ឋកិច្ច​ឌីជីថល វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម និយាយ​រួម​គ្រប់​វិស័យ​ទាំងអស់ រួមទាំង​វិស័យ​រដ្ឋបាល សុទ្ធតែ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព​ការងារ ។ ថ្មីៗ​នេះ​មាន​សន្និសីទ​ថ្នាក់ជាតិ​មួយ​ស្តីពី​ចក្ខុវិស័យ ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ ទៅកាន់​ឧស្សាហកម្ម​ទី​៤.០»​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ភ្នំពេញ​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។ សម្តេច​តេ​ជោ​បានលើកឡើង ពី​ផលប្រយោជន៍ និង​ផលប៉ះពាល់​ផ្សេងៗ ដែល​កើតមាន​ក្នុងការ​អភិវឌ្ឍ​ឆ្ពោះទៅរកសេដ្ឋកិច្ច​ឌីជីថល​នេះ ។ សម្តេច​បាន​លើកឡើងថា «​សេដ្ឋកិច្ច​ឌីជីថល វា​មានគុណសម្បត្តិ​របស់​វា​ ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេចគុណ​វិបត្តិ​ដែលជា​បញ្ហា​ប្រឈម​នៅក្នុង​យុគសម័យ​ថ្មី ដែល​អ្វីៗ​ត្រូវ​ជំនួស​ដោយ​គ្រឿងយន្ត ដែល​ប៉ះពាល់​ដល់​បញ្ហា​ការងារ​ធ្វើ​» ។ ឧស្សាហកម្ម​ទី​៤.០ គឺជា​និន្នាការ​ស្វ័យប្រវត្តិកម្ម និង​ការផ្លាស់ប្តូរ​ទិន្នន័យ​នៅក្នុងបច្ចេកវិទ្យា ផលិតកម្ម ឬ​ការផ្លាស់ប្តូរ​របៀប​ផលិត ដោយ​ពឹងផ្អែក​ខ្លាំង​លើ​បច្ចេកវិទ្យា ជា​កម្លាំងចលករ ឌីជីថល​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទៅមុខ​លឿន​ជាង​មុន ។ ប៉ុន្តែ​មាន​ហានិភ័យ​ខ្ពស់​នៅក្នុង​រយៈពេល​មួយ ដែល​យ៉ាងតិច​ពីរ​ទសវត្សរ៍​ខាងមុខ​នោះ​គឺ ហានិភ័យ​នៅក្នុង​ការបាត់​បង់ការ​ងារ ប៉ុន្តែ​ឱកាស​ការងារ​ថ្មីៗ​ក៏បានកើតឡើង​ដែរ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា បាន​ពឹង​ផ្អែកលើ បច្ចេកវិទ្យា​កាន់តែខ្លាំង​ឡើងៗ ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់ខ្លួន ។ ប្រទេស​កម្ពុជា កំពុង​ដើរ​នៅលើ​ផ្លូវ​ត្រឹមត្រូវ​ហើយដោយ​បាន​ចាប់យក​ឧស្សាហកម្ម​ទី​៤.០​ទាន់ពេល​នៅ ក្នុង​សេដ្ឋកិច្ច​ឌីជីថល ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ក្នុងការ​ពង្រឹង​ជំនាញ​បច្ចេកវិទ្យា របស់​យុវជន ពង្រឹង​ជំនាញ​ឌីជីថល​នៅតាម​សាលារៀន វិទ្យាល័យ និង​សាកល វិទ្យាល័យ ។

​របាយការណ៍​ទស្សនវិស័យ​ការងារ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ បង្ហាញថា ឱកាស​ការងារ បាន​កើនឡើង​ខ្លាំង គឺ​ទាក់ទង​នឹង​ពត៌មាន​វិទ្យា កុំព្យូទ័រ​ក្នុង​វិស័យ​វិស្វកម្ម ។ ការពង្រីកចំណេះដឹង ជំនាញ​ផ្នែក​ពត៌មាន​វិទ្យា បច្ចេកវិទ្យា​ឌីជីថល សម្រាប់​ទីផ្សារ​សេដ្ឋកិច្ច ឌីជីថល ជា​បញ្ហាសំខាន់​ណាស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឲ្យ​បាន​លឿនទៅមុខ ហើយ​យើង​មិនអាច​និយាយថា​កម្ពុជា​ដើរ​ពីក្រោយ​គេ​ទៀត​ទេ ពីព្រោះយុគសម័យ​ឧស្សាហកម្ម​ទី​៤.០​និង​សេដ្ឋកិច្ច​ឌីជីថល​ទើបតែ​ចាប់​ផ្តើមឡើង ។


​ជាមួយនឹង​ការត្រៀមខ្លួន ដើម្បី​ចូលទៅក្នុង​សេដ្ឋកិច្ច​ឌីជីថល ដែល​នឹង​ជួយ​ជំរុញ​ការ អភិវឌ្ឍ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន និង​កំពុងអភិវឌ្ឍន៍​កំណែទម្រង់​ជា​កញ្ចប់ ដែលមាន​ភាព​មុត​ស្រួច ។ នៅ​ថ្ងៃទី​២៩ ខែមីនា នៅក្នុង​វេទិកា​នៃ​រាជរដ្ឋាភិបាល និង​ឯកជន សម្ត​ច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់ចេញ​វិធានការ​កំណែទម្រង់មុត​ស្រួច​ជា​កញ្ចប់​ចំនួន ១៧​ចំណុច ដែល​កំណែទម្រង់​នេះ អាចធ្វើ​ឲ្យ​រាជរដ្ឋាភិបាល បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​អាច​ឲ្យ​កម្ពុជា​ឈរ​ដោយ​ខ្លួនឯងបាន ។ វិធានការ ទាំងនោះ រួមមាន គឺ​ការ​កាត់​ន្ថ​យ​ការចំណាយ​របស់​ក្រុមហ៊ុន​ឯកជន ដែល​កំពុង​រកស៊ី នៅ​កម្ពុជា ក្នុងនោះ​រួមមាន ការកែសម្រួល​ស្ថាប័នគយ ការដក​កាំ​កុង​ត្រូវ​ចេញពី​តាម​ច្រកព្រំដែន និង​ការលុបចោល​នូវ​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ណ៍​ហៅ​កាត់​ថាកំ​សាប​ ការកាត់បន្ថយ​ថ្លៃ​លើកដាក់​ទំនិញ​នៅ​កំពង់ផែ ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន ការកាត់បន្ថយ​ថ្លៃ​ស្កេ​ន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ​ការអភិវឌ្ឍសហគ្រាស​ធុន​តូច និង​មធ្យម​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក សម្រាប់​បុណ្យជាតិ ការកាត់បន្ថយ​ការចុះ​ធ្វើ​អធិការកិច្ច​នៃ​ស្ថាប័ន​ចម្រុះ​ឲ្យ​មក​នៅក្រោម​ស្ថាប័ន​តែមួយ រួមទាំង​ការលើកលែង និង​កាត់បន្ថយ​ការចំណាយ​លើ​សេវាកម្ម​ផ្សេងៗ​ទៀត​ជាដើម ការដក​ត្រឡប់មកវិញ​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន និង​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស ដើម្បី​ជំរុញ​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ប្រើប្រាស់អស់​លទ្ធភាព និង​សក្តានុពល​ដែលមាន ។ ការដាក់ចេញ​កញ្ចប់​វិធានការ​កែទម្រង់ នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ក្នុង​គោលដៅ​ធានា​ចីរភាព​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​មាន​ភាព​ធុន​សម្រាប់​រយៈពេល​វែង និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​ឲ្យ​កាន់តែច្រើន​ថែមទៀត​សម្រាប់ ប្រជាជន​កម្ពុជា ។

​ជាការ​ពិតណាស់ ក្នុងពេលដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​តែមាន​ការវិវឌ្ឍ​យ៉ាង​លឿន ហើយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​រឹងមាំ​ក្នុង ចំណោម​បណ្តា​ប្រទេស​ចម្រើន​ជឿនលឿន​ដទៃទៀត​ យុវជន​កម្ពុជា​គ្រប់រូប​គួរតែបង្កើន​ការសិក្សា និង​ពង្រឹង​ជំនាញ ចំណេះដឹង​ឌីជីថល​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ដើម្បី​តាម​ឲ្យ​ទាន់ និង​ឲ្យ​បាន​មុនគេ​ឧស្សាហកម្ម​ទី 4.0 និង​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល សម័យថ្មី​នេះ ៕ ដោយៈ​កញ្ញា ថ្មដា​/Ha