កម្ពុជា​កំពុង​ពង្រឹង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​

868
ចែករម្លែក
  • 1
    Share

នៅ​ឆ្នាំ​២០១៨​កន្លងទៅ​សមត្ថកិច្ច​ជំនាញ​របស់​កម្ពុជា បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់​ប្រមាណ​ជាង​បី​ម៉ឺន​ឯកសារ ក្នុងនោះ រួមមាន​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត លិខិតឆ្លងដែន​។ ឯកសារ​រដ្ឋបាល ទាំងនេះ ត្រូវបាន​ប៉ូលិស​ដកហូត​ពី​ជនបរទេស​ជាង ១០​សញ្ជាតិ ប៉ុន្តែ​ច្រើនជាងគេ គឺ​ជនជាតិ វៀតណាម​ប្រមាណ ៩០​ភាគរយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅក្រៅ​កិច្ចប្រជុំ ស្តីពី ការងារ​ដកហូត ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​ដែល​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់ និង​ការទទួល ពាក្យសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ ក្រសួងមហាផ្ទៃ​។

​យោងតាម​ស្ថិតិ​នៃ​ការធ្វើជំរឿន​ឆ្នាំ​២០១៦ តួលេខ​ជនបរទេស​អន្តោប្រវេសន៍​សរុប​មាន​ចំនួន ៤៦.៧៧៦ គ្រួសារ ស្មើនឹង​ចំនួន ១៧៦.៨១២​នាក់ (​ស្រី ៧៩.៧២៨) អាយុ ១៨​ឆ្នាំ​ឡើង​ចំនួន ១២១.៤០៥​នាក់ (​ស្រី ៥២.៧៥៤​នាក់​)​។

​ការចុះ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​កន្លងមក​បាន​រកឃើញ​បន្ថែម​នូវ​ជនបរទេស ដែល​ស្នាក់​រយៈពេល​យូរ​ចំនួន ២.៨២៧ គ្រួសារ ស្មើនឹង​មនុស្ស​ចំនួន ៥.៨៦១​នាក់ (​ស្រី ២.៧៦០​នាក់​) អាយុ ១៨​ឆ្នាំ​ឡើង​ចំនួន ៤.៤៨៨​នាក់ (​ស្រី ២.១២៨​នាក់​)​។​

​របាយការណ៍​បាន​បញ្ជាក់ថា ចំនួន​ជនបរទេស​អន្តោប្រវេសន៍ ដែល​ត្រូវ​ពិនិត្យ​ផ្តល់​ឯកសារ​ស្រប ច្បាប់​ជូន​មាន​ចំនួន ៤៩.៦០៣​គ្រួសារ ស្មើនឹង​ចំនួន ១៨២.៦៧៣​នាក់ (​ស្រី ៨២.៤៨៨​នាក់​) អាយុ ១៨​ឆ្នាំ​ឡើង ចំនួន ១២៥.៨៩៣​នាក់ (​ស្រី ៥៤.៨៨២​នាក់​) មាន​១១​សញ្ជាតិ គឺ​ថៃ ឡាវ ចិន ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេ​ប៉ាល់ តង់​ហ្សា​នីញ៉ា បង់​ក្លា​ដេ​ស អា​ល្លឹ​ម៉​ង់ និង​វៀតណាម មាន​ច្រើនជាងគេ​។​

​ការដកហូត​ឯកសារ​សរុប​បាន​ចំនួន ៣៥.០០១ ឯកសារ ពី​គ្រួសារ​ជនបរទេស​អន្តោប្រវេសន៍​ចំនួន ១៧.៧៧៦​គ្រួសារ ស្មើ​មនុស្ស​រួម ៦៧.៤៩៤​នាក់ (​ស្រី​៣២.៤២៤​នាក់​) ក្នុងនោះ​មាន​អាយុ​១៨​ឆ្នាំ ឡើង​ចំនួន ៤៨.៥៥១​នាក់ (​ស្រី ២៣.៤១៣​នាក់​) មាន​ប្រាំបួន​សញ្ជាតិ គឺ​ថៃ ឡាវ ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេ​ប៉ាល់ បង់​ក្លា​ដេ​ស និង​វៀតណាម​។​

​ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​នៅ​សេសសល់ មិនទាន់​ដកហូត ចំនួន ៧.០៦៦ ឯកសារ លើ​ចំនួន​រួម ៣៩.៤១៨៨​ឯកសារ ស្មើនឹង​គ្រួសារ មនុស្ស​រួម​ចំនួន ៩.៤៨៣​នាក់​។

​ជនបរទេស​បែប​អន្តោប្រវេសន៍​អាយុ ១៨​ឆ្នាំ​ឡើង បានដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត​មាន​ចំនួន ៧៥.០៨៩​នាក់ (​ស្រី ៣៥.៩២៤​នាក់​) លើ​ចំនួន ១២៥.៨៩៣​នាក់ ស្មើនឹង ៥៩,៦៤​ភាគរយ​។ គិត​ជារួម​មាន ៣៥.៥៧៩​គ្រួសារ​ស្មើនឹង​មនុស្ស ចំនួន ១០៩.៧៦៩​នាក់ (​ស្រី ៥២.៧៩០​នាក់​)​។ នៅសល់​អ្នក​មិនទាន់​មក​ដាក់ពាក្យ​ចំនួន ៥០.៨០៤​នាក់ (​ស្រី ១៨.៩៥៨​នាក់​) ស្មើនឹង​មនុស្ស​រួម​៧២.៩០៤​នាក់ (​ស្រី ២៩.៦៩៨​នាក់​) ក្នុង​ចំនួន ១៤.០២៤​គ្រួសារ​។ បានផ្តល់​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ចំនួន ២៩.១៨១​ប្រកាស (​ស្រី ១៤.០៥០​នាក់​) ស្មើនឹង​មនុស្ស​រួម​ចំនួន ៤៦.៣៨១​នាក់ (​ស្រី ២២.៣២១​នាក់​) ក្នុងចំណោម ១៤.៤៤៩​គ្រួសារ​។​

​ជនបរទេស​អន្តោប្រវេសន៍​បានមក​ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន ៥៧.៤៤៤​នាក់ (​ស្រី ២៦.៤៤៣​នាក់​) លើ​ចំនួន ១២៥.៨៩៣​នាក់ ស្មើនឹង ៤៥,៦២​ភាគរយ​។ នៅសល់​មិនទាន់ ដាក់ពាក្យ​ចំនួន ៦៨.៤៤៩​នាក់ (​ស្រី ២៨.៤៣៩​នាក់​)​។​

​របាយការណ៍​បាន​លើកឡើងថា​ក្នុង​រយៈពេល​ដំណើរការ​អនុវត្ត​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​បាន​ជួប​បញ្ហា​ប្រឈម​និង​ការលំបាក​មួយចំនួន​រួមមានៈ​ជនបរទេស​បែប​អន្តោប្រវេសន៍​នៅ​សេសសល់​មិន​ព្រម​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដោយ​ក្នុងនោះ មាន​មួយចំនួន​មានការ​ភ័យខ្លាច​ចំពោះ​ការបាត់បង់​ប្រយោជន៍ មួយចំនួន​គេច វេស​ដោយ​នៅតែ​អាង​ថា មាន​ឯកសារ​ខ្មែរ​គិតថា ខ្លួន​គាត់​ជា​ខ្មែរ​។ ជនបរទេស​អន្តោប្រវេសន៍ មួយចំនួន មិនមាន​ឯកសារ​ឲ្យ​ក្រុមការងារ​ដកហូត មូលហេតុ ដាក់បញ្ចាំ​នៅ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា លែងលះគ្នា​…​។

​ពាក់ព័ន្ធ​នឹង​ការចេញ​ឯកសារ​រដ្ឋបាល ឲ្យ​ជនបរទេស ដូចជា លិខិតបញ្ជាក់​កំណើត សៀវភៅ ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ រួមទាំង​លិខិតឆ្លងដែន​សញ្ជាតិ​ខ្មែរ ជាដើម ជា​ញឹកញាប់ ត្រូវបាន​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ ដល់​អាជ្ញាធរ​ឃុំ​សង្កាត់ និង​ប៉ូលិស​មូលដ្ឋាន រួមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច បញ្ឈប់​នូវ​សកម្មភាព​ខុសច្បាប់​ទាំងនោះ ព្រោះថា ទាំង​ប៉ូលិស ស​ត្ថ​កិច្ច និង​ទាំង​អាជ្ញាធរ ដែល​ចេញ​ឯកសារ​ទាំងនោះ ត្រូវ​មានទោស ហើយ​ជនបរទេស ដែល​យក​ឯកសារ​ទាំង​នោះ ទៅប្រើ​ប្រាស់ ក៏ត្រូវ​មានទោស​ដូចគ្នា​។​

​កន្លងមក ជនបរទេស ពិសេស​ជនជាតិ​វៀតណាម ដែល​ចូលមក​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា ដោយ​ខុសច្បាប់ ពួកគេ​សង្វាត​មុនគេ គឺ​ការធ្វើ​ឯកសារ​រដ្ឋបាល​នេះ ដើម្បី​បញ្ជាក់ថា ពួកគេ​ជា​ខ្មែរ ទាំង​ខ្លួន​មិនចេះ ឬក៏​និយាយ​ខ្មែរ​មិន​ច្បាស់​ផង​។ តែដោយសារ​តែ​ប្រើ​លុយ ហើយ​ប៉ូលិស ឬក៏​អាជ្ញាធរ​ឃុំ​សង្កាត់ និង​សមត្ថកិច្ច​មួយចំនួន ព្រោះតែ​ចង់បាន​លុយ​ពី​ជនបរទេស​ទាំងនោះ ក៏បាន​ធ្វើឯកសារ​រដ្ឋ​បាល​ឲ្យ​ជនបរទេស ដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន ជាដើម​។​

​ដោយ​មិន​គិតពី​ហេតុផល​នយោបាយ គឺ​ការចេញលិខិត​ឯកសារ​រដ្ឋបាល ខុសច្បាប់ ដល់​ជន បរទេស បាន​បង្កបញ្ហា​ជាច្រើន​ដល់​ប្រទេសជាតិ​យើង ក្នុងនោះ មាន​ជាអាទិ៍ ធ្វើ​ឲ្យ​ប្រទេស យើង​មិនអាច​គ្រប់គ្រង​ជនអន្តោប្រវេសន៍​បាន បាត់បង់​ចំណូល​រដ្ឋ ហើយ​មហន្តរាយ​ជាង​នេះ ទៅទៀត គឺ​ជនបរទេស​កាន់តែច្រើន​ឡើងៗ ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ លើទឹក​ដី​យើង បង្កបញ្ហា​កាន់តែ​ស្មុគស្មាញ ទៅ​ថ្ងៃ​អនាគត ជាដើម​។​

​ពិតណាស់​អ្វីដែល​សមត្ថកិច្ច​កម្ពុជា​សម្រេចបាន​នា​ឆ្នាំ​២០១៨​គឺ​គួរ​ឲ្យ​សរសើរ​និង​ត្រូវ​សរសើរ​ចំពោះ​សកម្មភាព​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​សម្រាប់​ឆ្នាំ​២០១៩​អាជ្ញាធរ​សមត្ថកិច្ច​ពិសេស​ប៉ូលិស អន្តោប្រវេសន៍​គ្រប់​ជាន់ថ្នាក់ គួរតែ​បន្ត​អនុវត្ត​ការងារ​ដកហូត ត្រួតពិនិត្យ​ឯកសារ​រដ្ឋបាល ហើយ​ចុះបញ្ជី​ជនអន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​យើង ស្របតាម​នីតិវិធី ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ផង និង​ទទួលបាន​ចំណូល​តាមច្បាប់​ចូល​ថវិកាជាតិ​ផង​។

​រីឯ​ប៉ូលិស អាជ្ញាធរ​សមត្ថកិច្ច​ឃុំ​សង្កាត់ ក្រុង​ខណ្ឌ​ស្រុក ខេត្ត​រាជធានី រហូតដល់​អាជ្ញាធរ សមត្ថកិច្ច​ថ្នាក់ជាតិ​គួរ​ជំរុញ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​ភារកិច្ច​តួនាទី កុំ​មើល​លុយ​ជាធំ ដោយ​ត្រូវ​តម្កល់​មនសិការ​ជាតិ​ខ្ពស់ ព្រោះថា បើ​អាជ្ញាធរ​សមត្ថកិច្ច​ដើមទី មិន​ចេញ​លិខិត ឯកសារ​រដ្ឋបាល​ឲ្យ​ជនបរទេស​ខុសច្បាប់​ទេ នោះ​គឺ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​យើង ក៏​មិន​ពិបាក ក្នុងការ​ប្រមូល​ដកហូត​លិខិត​ឯកសារ​រដ្ឋបាល​ទាំងនោះ មកវិញ​ឡើយ ពោលគឺ “​ការពារ ប្រសើរ​ជាង​ព្យាបាល​”៕ ដោយ​: ម៉េង​ឆៃ​