កម្ពុជា​កំពុង​ស្ថិតក្រោម​ឥទ្ធិពល​កម្រិត​សម្ពាធ​ទាប​ខ្សោយ​ធ្វើឱ្យ​ហប់​និង​ក្តៅ​ខ្លាំង​

346
ចែករម្លែក

ដោយៈ​ប​.​ខុន / ភ្នំពេញ​: ប្រទេស​កម្ពុជា ដែល​ទទួលរង​ដោយ​ប្រយោល ពី​ឥទ្ធិពល​បាតុភូត​អ៊ែ​ល​នី​ណូ​ជាច្រើន​ខែ​មកហើយ​នោះ ពេលនេះ​បាននិងកំពុង​ស្ថិតក្រោម​ឥទ្ធិពល​កម្រិត​សម្ពាធ​ទាប​ខ្សោយ ធ្វើឱ្យ​ក្នុង​បរិ​យា​កាល​មាន​សភាព​ហប់​និង​ក្តៅ​ខ្លាំង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩​ថា ប្រទេស​កម្ពុជា​ពេលនេះ ស្ថិតនៅក្រោម​ឥទ្ធិពល​កម្រិត សម្ពាធ​ទាប​ខ្សោយ ជាហេតុ​បង្ក​ឱ្យ​ក្នុង​បរិយាកាស​មាន​សភាព​ហប់​និង​ក្តៅ​ខ្លាំង​។​

​នៅក្នុង​រយៈពេល​នេះ លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា ពុំ​សូវ​មាន​ខ្យល់​និង​កម្រ​មាន​ភ្លៀង​កក់ខែ​កើតឡើង​ណាស់​។ សីតុណ្ហភាព​អតិបរមា​ពេលខ្លះ​ឡើង​មិន​ខ្ពស់​ទេ តែ​ក្នុង​បរិយាកាស​មាន​សភាព​ហូរ​ញើស​ស្ទើរ​អស់ពី​ក្នុង​ខ្លួន ស្ថិតក្នុង​ស្ថានភាព​បែប​នេះ សូម​បងប្អូន​ពិសារ​ទឹក​ឱ្យបាន​ច្រើន ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់ តាមរយៈ​ការចេញ​ញើស​ឱ្យ​រាងកាយ​មាន​តុល្យភាព​ឡើងវិញ​។​

​លោក ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា ស្ថានភាព​ធាតុអាកាស​ហប់​ក្តៅ​បែបនេះ អាច​អូស​បន្លាយពេល​រហូតដល់​សប្តាហ៍​ទី​២ នៃ​ខែឧសភា តែ​នៅ​អំឡុង​ថ្ងៃទី​២៩ ខែមេសា តំបន់​ទំនាប​ភាគខាងត្បូង​ប្រទេស​កម្ពុជា ចាប់ពី​ភ្នំពេញ​ទៅ​ត្បូង​និង​ខាងកើត​ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ជើង​គ្មាន​ភ្លៀង​ទេ​។​

​រម្លឹក​ឲ្យ​ដឹងថា ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ថា បាតុភូត​អ៊ែ​ល​នី​ណូ (El NIno) នៅតែមាន​ឥទ្ធិពល និង​បន្ត​គ្របដណ្តប់​លើ​ប្រមាណ​ជា​ពាក់កណ្តាល​នៃ​ផែនដី​។ សម្រាប់​តំបន់​និង​ប្រទេស​កម្ពុជា ក៏​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​នៃ​បាតុភូត​នេះ​។​

​នៅក្នុង​ការជូនដំណឹង​ដែល​សរសេរ​ដោយ​ប្រុងប្រយ័ត្ន​បានបង្ហាញ​ឱ្យឃើញ​ទៀតថា បាតុភូត​នេះ​ធ្វើឱ្យ​សីតុណ្ហភាព​អតិបរិមា​នៅ​កម្ពុជា បន្ត​កើនឡើង​អាច​ឈានដល់​ក្នុង​រង្វង់​៤០​ទៅ​៤១​អង្សា​សេ នៅក្នុង​សប្តាហ៍​នេះ​។​

​ស្ថានភាព​អាកាសធាតុ​បែបនេះ ធ្វើឱ្យ​ភ្លៀង​កក់ខែ​កាន់តែ​ខ្សោយ តែ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតឡើង​ញឹកញាប់ និង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ដូចនេះ សូម​មានការ​ប្រុងប្រយ័ត្ន​។ ទន្ទឹមនេះ សូម​យកចិត្តទុកដាក់​ចំពោះ​សុខភាព ដែល​អាចមាន​ការប៉ះពាល់​ដោយសារ​ការកើនឡើង​នៃ​កម្តៅ​។​

​ជា​ទម្លាប់​ក្រោយ​រដូវចូលឆ្នាំ​រួច បងប្អូន​ប្រជាកសិករ​តែងតែ​ចាប់ផ្តើម​សាបព្រោះ​ស្រូវវស្សា ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ ប្រទេស​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​ពី​បាតុភូត​អ៊ែ​ល​នី​ណូ ធ្វើឱ្យ​ការមកដល់ នៃ​រដូវវស្សា​យឺត​ជាង​ធម្មតា ដូចនេះ​ការដាំដុះ​ស្រូវវស្សា​ដើមរដូវ​គួរ​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​បី​នៃ​ខែឧសភា​៕ ល​