កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប គឺ​អាស្រ័យ​ដោយ​កត្តា​ច្រើនយ៉ាង​

569
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ថ្លែងថា ការដែល​ជាតិ និង​អន្តរជាតិ ចាត់ទុក​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​នៅ​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង ប្រាំពីរ ភាគរយ ក្នុង​មួយឆ្នាំ​នោះ គឺ​អាស្រ័យ​ដោយ​កត្តា​សំខាន់​ច្រើនយ៉ាង​។​

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី នៅក្នុង​ពិធី​ជួបជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ថ្ងៃ ៧​មករា ១៩៧៩-២០១៩ ជាមួយ​អ្នកចូលរួម​ជិត​មួយ​ម៉ឺន​នាក់ នៅ​ទីតាំង​វាល​ខាងមុខ​សាលា​គរុកោសល្យ ក្នុង​ក្រុង​កំពង់ចាម។

​នៅក្នុង​ពិធី​ជួបជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ថ្ងៃ ៧​មករា ១៩៧៩-២០១៩ ជាមួយ​អ្នកចូលរួម​ជិត​មួយ​ម៉ឺន​នាក់ នៅ​ទីតាំង​វាល​ខាងមុខ​សាលា​គរុកោសល្យ ក្នុង​ក្រុង​កំពង់ចាម លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​៨ មករា​ថា ឆ្នាំ​១៩៧៩ យើង​ក្រ​ទាំងអស់គ្នា​។ ឆ្នាំ​២០០៤ ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ចំនួន ៥០,៣ ភាគរយ និង​ឆ្នាំ​២០១៤ បាន​ធ្លាក់ចុះ​ចំនួន ៥០,៥ ភាគរយ​។ ពិសេស​ក្នុង​មួយឆ្នាំ​យើង​លុបបំបាត់​ភាពក្រីក្រ​បាន​លើស មួយ​ភាគរយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​លើកឡើង​ទៀតថា បញ្ហាសំខាន់​ចាប់ពី​ឆ្នាំ ២០១៨-២០១៩ នេះ គឺ​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង ប្រាំពីរ ភាគរយ ជាមួយ​អតិផរណា បី ភាគរយ និង​បានក្លាយ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ ដោយ​ប្រជាពលរដ្ឋ​ម្នាក់ រកបាន​ចំណូល​ប្រហែល ១.៥៦៨ ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​លោក យឹម ឆៃលី បាន​ថ្លែង​ទៀតថា ទាំងនេះ គឺ​អាស្រ័យ​ដោយ​កត្តា​ច្រើនយ៉ាង​មាន​: កម្ពុ​ជាមាន​សន្តិភាព​, ស្ថេរភាព​នយោបាយ​, ស្ថេរភាព​មា​ក្រូ​សេដ្ឋកិច្ច​, មាន​នយោបាយ​ទាក់ទាញ​លើកទឹកចិត្ត អ្នកវិនិយោគ , ជា​ប្រទេស​មាន​ទីតាំង​យុទ្ធសាស្ត្រ នៃ​អាស៊ាន , ជា​តំបន់ឧស្សាហកម្ម​អាស៊ាន , កសិឧស្សាហកម្ម​, ក​សិ​ទេសចរណ៍ និង​ជា​ប្រទេស​ស្ថិតក្នុង​មហា​អនុតំបន់​មេគង្គ​។​

​លោក​បាន​បន្តថា កម្ពុ​ជាមាន​ពលករ​ស​ម្បូ​រ​បែប គឺ​អាយុ ៣៥​ឆ្នាំ​ចុះ​មាន​ចំនួន ៧៥​ភាគរយ នៃ​ប្រជាជន​សរុប​។ ជា​កម្លាំង​មួយ​អាច​ធានាបាន​ពី ពីរ ទៅ បី ទសវត្សរ៍​បន្តទៀត​។ កម្ពុជា​បាន​បើកចំហ​ជើងមេឃ​សម្រាប់​ការវិនិយោគ ទាំង​ក្នុង និង​ក្រៅប្រទេស​។ ផលិតផល​ទាំងអស់​ក្នុងប្រទេស គឺ​លក់​ក្នុងស្រុក និង​ទីផ្សារ​អនុតំបន់ មាន​អតិថិជន​ប្រហែល ២៥០​លាន នាក់ និង​ទីផ្សារ​អាស៊ាន​បន្ថែមទៀត​។

​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​យើង​កំពុង​ធ្វើ​សមាហរណ៍កម្ម​ប៉ូល​សេដ្ឋកិច្ច និង​បង្កើត​នូវ​បញ្ហា​ទំ នាក់​ទំនង​ល្អប្រសើរ នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ឲ្យ​សម្រេច​គោលដៅ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ ខាងមុខ​៕ ល​