កម្ពុជា​គាំទ្រ​ពេញទំហឹង​ក្នុងការ​ជំរុញ​នយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​ឲ្យ​ទទួលជោគជ័យ​

1279
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​អំពី​ជំហរ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ ហើយ​សម្ព័ន្ធភាព​នៃ​ប្រទេស​ទាំងពីរ​គឺ​រឹង​ដូច​ដែកថែប​មិនមាន​អ្វី​មក​បំបែក​បាន​។​សម្តេច​គាំទ្រ​ពេញទំហឹង​ក្នុងការ​ជំរុញ​ឲ្យ​ទទួលបាន​ជោគជ័យ​លើ​នយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់លោក​ប្រធានាធិបតី​ស៊ី ជីន​ភីង​( XiJingping) នៅលើ​ទឹកដី​កម្ពុជា​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក កាវ យុន​ឡុង អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​នយោបាយ​ប្រជាជន​ចិន (CPPCC) និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន (ACFIC) នៅ​វិមាន​សន្តិភាព រាជធានី​

​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នៅក្នុង​ជំនួប​រវាង​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក កាវ យុន​ឡុង​អនុប្រធាន គណៈកម្មាធិការ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​នយោបាយ​ប្រជាជន​ចិន​(CPPCC)​និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន (ACFIC) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ជំនួប​ដ៏​សំខាន់​នេះ​លោក​កាវ យុន​ឡុង បាន​ជម្រាប​សម្តេច​តេ​ជោ​ថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​បាន​ពិនិត្យឃើញថា​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​។​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធា​។​ទឹកមុខ​ស្រស់ថ្លា ដែល​ឆ្លុះបញ្ចាំង​នូវ​អនាគត​ភ្លឺ​ថ្លា​របស់​កម្ពុជា​។

​លោក​បន្តថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​អនុវត្តតាម​នយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ប្រធានាធិបតី​ចិន​ស៊ី​ជីន​ភីង​ដែល​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដ៏​សំខាន់​ពិសេស​និង​ជា​ប្រទេស​ដែល​រួម​វាសនា​តែមួយ​ជាមួយ​ប្រទេស​ចិន​។​លោក​បានបញ្ជាក់​ផងដែរ​អំពី​សហព័ន្ធ​ឧស្សាហកម្ម​-​ពាណិជ្ជកម្ម​ចិន​ដែលជា​ស្ថាប័ន​មួយ​ដែល​ដើរតួ​ជា​ស្ពាន​បម្រើ​ដល់​ស្ថាប័ន​ចំនួន​៤៧០​ស្ថាប័ន​និង​ក្រុមហ៊ុន​ចំនួន​២៧​លាន​ក្រុមហ៊ុន​ដែល​ផ្តោតលើ​ការធ្វើ​ពា​ណី​ជ្ជ​កម្ម និង​វិនិយោគ​ទាំង​នៅក្នុង​ស្រុក​ផង និង​នៅក្រៅ​ស្រុក​ផង​។ សហព័ន្ធ​នេះ មាន​តួនាទី​សម្របសម្រួល និង​ជួយ​ជំរុញ​ការវិនិយោគ និង​កិច្ចការ​របស់​ក្រុមហ៊ុន​ផង​។​

​ជាការ​ឆ្លើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ធំៗ​ទាំងអស់​ដែល​រួម​ដំណើរ​ជាមួយ​នឹង លោក​កាវ​យុន​ឡុង​និង​បាន​បញ្ជាក់ជូន​ប្រតិភូ​ទាំងអស់​ថា​កម្ពុជា​និង​មិត្ត​ចិន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ដែល​បាន​គោរព​ស្រលាញ់​និង​ទុកចិត្ត​គ្នា​ជាទីបំផុត​និង​ក៏​ជា​អ្នកជិតខាង​ដ៏​ល្អ​ផងដែរ​។​សម្តេច​បានបញ្ជាក់​អំពី​ជំហរ​គាំទ្រ​នយោបាយ​ចិន​តែមួយ ហើយ​សម្ព័ន្ធភាព​នៃ​ប្រទេស​ទាំងពីរ​គឺ​រឹង​ដូច​ដែកថែប​មិនមាន​អ្វី​មក​បំបែក​បានឡើយ​។ សម្តេច​តេ​ជោ​ពេញចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ប្រទេស​ចិន​មកលើ​កម្ពុជា​ក្នុង​ការជួយ​ជំរុញ​ដល់​កិច្ចការ​អភិវឌ្ឍ​ជាច្រើន​ជាពិសេស​ពេលនេះ​ប្រទេស​កម្ពុជា​បានទទួល​អ្នកវិនិយោគ​ចិន​និង​ទេសចរ​ចិន​ច្រើនជាងគេ​ទាំងអស់​។​សម្តេច​បន្តថា​កាលពី​ឆ្នាំ​កន្លងទៅ​ទេសចរ​ចិន​មក​កម្ពុជា​ប្រមាណ​១​លាន​២​សែន​នាក់​។​យើង​សង្ឃឹមថា​កំណើន​ទេសចរ​ចិន​នឹង​កើនឡើង​ជាង​២​លាន​នៅ​ឆ្នាំនេះ​នឹង​ឆ្នាំ​បន្ទាប់​។

​សម្តេច​គាំទ្រ​ពេញទំហឹង​ក្នុងការ​ជំរុញ​ឲ្យ​ទទួលបាន​ជោគជ័យ​លើ​នយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់លោក​ប្រធានាធិបតី​ស៊ី​ជីន​ភីង​នៅលើ​ទឹកដី​កម្ពុជា​។​សម្តេច​បញ្ជាក់ថា​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​គឺ​មិនអាច​កាត់ផ្តាច់​ពី​មិត្ត​ចិន​បានឡើយ​។​សម្តេច​បាន​ថ្លែងអំណរគុណ​លោក​ប្រធានាធិបតី​ចិន​លោកនាយក​រដ្ឋមន្ត្រី​ចិន​និង​ប្រជាជន​ចិន​ដែល​បាន​ជួយ​កម្ពុជា​រហូតមកដល់​សព្វថ្ងៃនេះ​។ សម្តេច ក៏​គ្រោង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជាថ្មី​ម្តង​ទៀត​នៅ​ប្រទេស​ចិន ក្រោយពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​៕​មន​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក កាវ យុន​ឡុង អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​នយោបាយ​ប្រជាជន​ចិន (CPPCC) និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន (ACFIC) នៅ​វិមាន​សន្តិភាព រាជធានី​