កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​៣

900
ចែករម្លែក
  • 3.5K
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្នុងចំណោម​ប្រទេស​អាស៊ាន កម្ពុជា គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ច្រើនជាងគេ លំដាប់​ទី​៣​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP Cambodia) ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​។​

កម្លាំង​មួក​ខៀវកម្ពុជា​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ (​រូប​ថ​តៈ ឯកសារ​)


​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​របស់ខ្លួន​ចំនួន ៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៧៧​នាក់​។ បច្ចុប្បន្ននេះ នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​អា​ហ្រិ​ក​កណ្តាល ប្រទេស​លី​បង់ កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ប្រមាណ​ជា ១០០០​នាក់​កំពុង​បំពេញបេសកកម្ម​ក្នុងប្រទេស​ចំនួន ៤​។ នៅ​ចុង​ខែម​ករានេះ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​បន្ថែម​របស់ខ្លួន​ចំនួន ១៨៤ នាក់​រួមមាន​ស្ត្រី ១៣​នាក់ ទៅកាន់​ប្រទេស​លី​បង់ ។​
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​វិស្វកម្ម កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បញ្ជូន​ក​ង​កម្លាំង​ចេញទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា នេះ​ជា​លើក​ទី​៩ ហើយ​ដែល​កម្ពុជា បញ្ជូន​កម្លាំង ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​នេះ​។ លោក​បាន​បញ្ជាក់ថា កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ ដើម្បី​ប្តូរ​កម្លាំង​ចាស់​ដែល​នឹង​បញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ខែមករា ខាងមុខនេះ​។​

កម្លាំង​មួក​ខៀវ​កម្ពុជាក្រោម​ឆត្រ​អង្គការសហប្រជាជាតិ (​រូប​ថ​តៈ ឯកសារ​)


​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គ នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​លើកឡើងថា កងវិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ ៦៩៣ ចំនួន ១៨៤​នាក់ ដែល​នឹង​ចេញទៅ​ប្រទេស​លី​បង់​នេះ ក៏មាន​អមដោយ​កម្លាំង​ដោះមីន ផងដែរ គឺជា​កម្លាំង​ដែល​បានទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់​អង្គការសហប្រជាជាតិ​។ កម្លាំង​ទាំងនោះ មាន​មកពី​ស្ថាប័ន​ចំណុះ​ផ្ទាល់​ក្រសួងការពារជាតិ កម្លាំង ចំណុះ​មជ្ឈមណ្ឌល​ជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ទ័ពជើងទឹក បញ្ជាការ ដ្ឋា​ន​កងទ័ព អាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​។​
​លោក​បាន​បន្តថា កម្លាំង​កំពុង​បំពេញបេសកកម្ម អង្គការសហប្រជាជាតិ​នៅ​ប្រទេស លី​បង់ គឺមាន​ចំនួន ១៨៤​នាក់ ទាំង​កម្លាំង​វិស្វកម្ម និង​កម្លាំង​ដោះមីន ដែល​កម្លាំង​ទាំងនេះ គឺ​កំពុង​ប្រតិបត្តិការ​រាល់ថ្ងៃ​គឺ​ដោះមីន ដើម្បី​សាងសង់​ព្រំដែន​សីមា រវាង​ប្រទេស​អ៊ីស្រាអែល និង​លី​បង់​។​
​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​ក្រោម​ឆត្រ​អង្គការ​សហ ប្រជាជាតិ​ចំនួន​ជាង ៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង ២៧៧​នាក់ ដើម្បី​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​កម្លាំង​ចំនួន​ជិត ១០០០​នាក់ ដែល​កំពុង បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​៕SRN

កម្លាំង​មួក​ខៀវកម្ពុជា​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ (​រូប​ថ​តៈ ឯកសារ​)