កម្ពុជា​គ្រោង​ប្រកាស​ម្ចាស់​ជ័យលាភី​និង​ស្រូវ​ល្អ​បំផុត​បី​ប្រភេទ​នៅ​ខែមករា ឆ្នាំក្រោយ​

161

(​ភ្នំពេញ) : ក្រោយ​ប្រារព្ធ​រៀបចំ​ពិធី​ប្រកួត​ស្រូវ​ល្អ​បំផុត​លើក​ទី​២ (2nd BEST PADDY COMPETITION) ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​លើកស្ទួយ​ការផលិត​ស្រូវ​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​បម្រើ​ដល់ប្រយោជន៍​នៃ​ទីផ្សារ​នាំចេញ​និង​ការទទួលស្គាល់​នៅលើ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​ឲ្យ​កាន់តែ​ទូលំទូលាយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ផ្តល់​ពានរង្វាន់​ដល់​ម្ចាស់​ជ័យលាភី​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ នៅ​ថ្ងៃទី ២២ និង​២៣ ខែមករា ឆ្នាំ​២០១៨​ខាងមុខ នៅ​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​ប្រភព​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦​ខែធ្នូ​នេះ​។​

​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ថា ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព​របស់​ក្រុមហ៊ុន​កែច្នៃ​និង​នាំចេញ​អង្ករ និងឆ្លងកាត់​ការត្រួតពិនិត្យ​វាយតម្លៃ​ពី​សំណាក់​អ្នកបច្ចេកទេស​ចំណានៗ​ក្នុង​ផលិតកម្ម​ស្រូវ សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា​បាន​រកឃើញ​ស្រូវ​ដែល​ល្អ​បំផុត​ពី​ការប្រកួត​ស្រូវ​ល្អ​បំផុត​ប្រ​ឆ្នាំ​២០១៧​ចំនួន​បី​ប្រភេទ រួមមាន ១.​ស្រូវ​ផ្ការំដួល​, ២.​ស្រូវ​សែន​ក្រអូប និង​ទី​៣.​ស្រូវ​អ៊ី​អ៊ែ (IR) ពី​សហគមន៍​កសិកម្ម​ចំនួន​៣២ នៅ​ទូទាំងប្រទេស ដែល​បាន​ផ្ញើមក​ចូលរួម​ប្រកួត​។​

លោក​ប្រធាន​លើកឡើងថា​ក្រោយ​ការ​បូកសរុប​ដែល​គណៈកម្មការ​ដាក់ពិន្ទុ​ប្រកបដោយ​ភាព​សុ​ក្រឹត្យ​ស្របតាម​ជំនាញ​បច្ចេកទេស សហគមន៍​កសិកម្ម​ដែល​មិន​ទទួលបាន​ជ័យជម្នះ​សូមកុំ​បារម្ភ និង​សង្ឃឹមថា ទៅ​ថ្ងៃមុខ​ការងារ​ទំនាក់ទំនង​រវាង​សហព័ន្ធ​និង​សហគមន៍​កសិកម្ម​នឹងមាន​ការសហការ​គ្នា​កាន់តែ​ស្អិត​ឲ​រ​មួ​ត​បន្ថែមទៀត​លើ​ការជំរុញ​បទពិសោធន៍​និង​ធនធាន​៕ដោយ : ពៅ និមល​/sn

កិច្ចប្រជុំ​ការប្រកួតប្រជែង​ដើម្បី​ជ្រើសរើស​ស្រូវ​ដែល​ល្អ​បំផុត​នៅ​ការិយាល័យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​

គណៈកម្មការ​ត្រួតពិនិត្យ​និង​ធ្វើការ​ដាក់ពិន្ទុ​លើ​ស្រូវ​អង្ករ​ចូលរួម​ប្រកួត​(​រូបថត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​)