កម្ពុជា​គ្រោង​សហការ​ជាមួយ​អង្គការ​យូ​នី​ដូ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​និង​កសិកម្ម​នៅ​កម្ពុជា​

927
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: កាលពីពេល​កន្លងទៅនេះ​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានទទួល​ជួប​លោក លី យ៉ុង (Li Yong) អគ្គលេខាធិការ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​យូ​នី​ដូ (UNIDO) នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​តាម​ការបញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ក្នុងជំនួប​នោះ លោក​អគ្គនាយក លី យ៉ុង បាន​ជម្រាបជូន​ដោយ​សង្ខេប​នូវ​គម្រោង និង​សកម្មភាព​មួយចំនួន​ដែល​អង្គការ​បាននិងកំពុង​តែ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ជាពិសេស​កម្មវិធី​ស្ដីពី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (Programme for Country Partnership – PCP) ដែលជា​កម្មវិធី​ចម្បង​របស់​យូ​នី​ដូ ក្នុងការ​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​នៅ​ប្រទេស​ជា​ដៃគូ​។

​សម្រាប់​កម្មវិធី​នេះ យូ​នី​ដូ​នឹង​សហការ​យ៉ាង​ជិតស្និត​ជាមួយនឹង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុងការ​កៀងគរ​ធន​ធាន​បន្ថែម​ដើម្បី​អនុវត្ត​កម្មវិធី​នេះ ជាពិសេស​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ចិន និង​ជប៉ុន ដែលមាន​ចំណាប់អារម្មណ៍​វិនិយោគ​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​នេះ​។ លោក​បាន​លើកឡើងថា យូ​នី​ដូ កំពុងតែ​អនុវត្ត​គម្រោង​មួយចំនួនទៀត​ផងដែរ​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ខ្សែសង្វាក់​តម្លៃ​កសិកម្ម គម្រោង​កាត់បន្ថយ​ជាតិ​កាបូន គម្រោង​ជលផល CaPFish ដែល​នឹងធ្វើ​ការពង្រឹង​លើ​ប្រព័ន្ធ​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ​នៅក្នុង​វិស័យ​ជល​វប្បកម្ម និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២០២៣​។

​ជា​កិច្ច​ឆ្លើយតប​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​សង្កត់ធ្ងន់​លើ​កិច្ចសហការ​នៅក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ជាពិសេស​លើ​ជំពូក​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ដែលជា​គោលដៅ​អាទិភាព​មួយ​របស់​ក្រសួងពាណិជ្ជកម្ម ជាពិសេស​ការជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ក្នុងការ​ទាញយក​ផលចំណេញ​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ថ្មី និង​មិនមាន​ព្រំដែន​។ នៅក្នុង​ការងារ​ពាណិជ្ជ​កម្ម​តាម​អេឡិចត្រូនិក​នេះ ឯកឧត្តម​ក៏បាន​ជម្រាបជូន​ផងដែរ​ថា ឯកឧត្តម​បាន​ស្វះស្វែង​ជួប​ជាមួយ​ប្រតិបត្តិ​ករ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​មួយចំនួន​រួចហើយ​ដែរ ដើម្បី​ឱ្យគេ​មក​សិក្សា និង​ជួយ​រៀបចំ​ប្រព័ន្ធ Ecosystem សម្រាប់​វិស័យនេះ​នៅ​កម្ពុជា​។

​ក្រៅពីនោះ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បានស្នើ​សុំឱ្យ​យូ​នី​ដូ បន្ត​គាំទ្រ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស​វិច​ខ្ចប់ អភិវឌ្ឍន៍​សមត្ថភាព និង​ជំរុញ​ការកែឆ្នៃ ដើម្បី​បង្កើត​តម្លៃបន្ថែម​សម្រាប់​នាំចេញ​។ ចំពោះ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស លោក​បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កម្មន្ដសាល​ធុន​ស្រាល ជាពិសេស​ការផលិត​ផ្នែក និង​គ្រឿងផ្សំ​រថយន្ត និង​គ្រឿងផ្សំ​ដទៃទៀត​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន ដើម្បី​នាំចេញ​ទៅ​ប្រទេសជិតខាង​ដែលមាន​រោងចក្រ​ផ្សំផ្គុំ​ផលិតផល​សម្រេច​។​

​នៅ​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​កោតសរសើរ​យូ​នី​ដូ UNIDO ដែល​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​បានស្នើ​សុំឱ្យ UNIDO ជួប​បន្ថែមទៀត​នៅក្នុង​ការជំរុញ​ការកែឆ្នៃ​ផលិតផល​ជលផល​សមុទ្រ និង​បណ្ដុះបណ្ដាល​ជល​វប្បកម្ម មិន​ត្រឹមតែ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​សំដៅ​ដល់​ការនាំចេញ​បន្ថែមទៀត​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ឲ្យ​ភាគី​ជំនួប សិក្សា​និង​ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​សក្ដានុពល​ស​ម្រា​ប់​នាំចេញ ជាពិសេស​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​មួយចំនួន ដូចជា​អង្ករ ពោត ស្វាយ និង​រុក្ខផល​ដទៃទៀត​ដែល​កម្ពុជា​មានលទ្ធភាព​ផលិត ប៉ុន្តែ​មិនទាន់​អាច​នាំចេញ​បាន​។​

​ទន្ទឹមគ្នានេះ​ភាគី​ជំនួប (​យូ​នី​ដូ​) បាន​ឯកភាព​លើ​ការលើកឡើង​និង​គំនិត​ផ្ដួចផ្ដើម ដែល​សុទ្ធតែជា​ចំណុច​ល្អៗ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅ​កម្ពុជា​។ លោក​បាន​ទទួលយក​សំណើ​របស់​ភាគី​កម្ពុជា និង​សន្យាថា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​៕