កម្ពុជា​គ្រោង​សាងសង់​អគារ​កម្ពស់​៦០០​ម៉ែត្រ​មួយទៀត សម្រាប់​ការិយាល័យ​ពាណិជ្ជកម្ម​

2527

(​ភ្នំពេញ​) ៖ កម្ពុជា​គ្រោង​សាងសង់​អគារ​មួយ​ដែលមាន​កម្ពស់​៦០០​ម៉ែត្រ​ខណៈ​គម្រោង​អគារ​ពាណិជ្ជកម្ម​កម្ពស់​៥៥០​ម៉ែត្រ​មាន​ទីតាំង​​នៅ​អតីត​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន ត្រូវបាន​ពន្យារពេល ។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គម្រោង​អគារ​កម្ពស់​កប់​ពពក​ថ្មី​មួយ​នេះ​កំពុង​ផ្តួចផ្តើម​សាង​​សង់​ក្នុង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ។​
​ ​
​លោក ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ដែលជា​ស្ថាបត្យករ​ផ្តួចផ្តើម​រៀបចំ​គម្រោង​ទីក្រុង​នាគ​​រាជ​សម្តេច​តេ​ជោ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ៖ « តាម​ផែនការមេ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ យើង​គ្រោង​នឹង​សាងសង់​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​៦០០​ម៉ែត្រ​មួយ សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​កណ្តាល​រប​ស់ស​ម្តេច​តេ​ជោ​ដែល​លោក​អាច​ត្រួតពិនិត្យ​​មើល​ស្ថានភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ចេញពី​អគារ​នេះ​បាន ព្រោះ​កម្ពស់​៦០០​ម៉ែត្រ គឺអាច​មើលឃើញ​ទូទាំងប្រទេស​ហើយ » ។​
​ ​
​លោក​បន្តថា ៖« អគារ​នេះ​នឹង​សាងសង់​នៅ​កណ្តាល​ទីក្រុង​នេះ ពេល​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​​ចិន​មួយចំនួន​កំពុង​ចាប់អារម្មណ៍​ចូលរួម​វិនិយោគ​ក្នុង​គម្រោង​នេះហើយ » ។​
​ ​
​លោក​បន្ថែមថា ៖« ការសាងសង់​ទីក្រុង​នេះ ដើម្បី​រំឭក និង​ដឹងគុណ​សម្តេច​តេ​ជោ ក៏ដូចជា​បន្សល់ទុក​ម​រតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រោះ​រយៈពេល​៥៨០​ឆ្នាំ​ហើយ យើង​មិនដែល​បាន​សាងសង់​ទីក្រុង​ថ្មី​ទេ » ។​
​ ​
​លោក​សាស្ត្រាចារ្យ ភឿង សុ​ភ័​ណ្ឌ ដែល​បាន​សញ្ញាបត្រ​ស្មើគ្នា​នឹង​សាស្ត្រាចារ្យ​វីរ​ស្ថាបត្យករ​កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ផងដែរ​នោះបាន​ថ្លែង​ទៀតថា ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នឹង​សាងសង់​មជ្ឈមណ្ឌល​អគារ​ពាណិជ្ជ​កម្ម អគារ​ស្នាក់នៅ និង​មជ្ឈមណ្ឌល​កម្សាន្ដ​នានា​មាន​រូបរាង​ដូច​នាគរាជ ដែល​ត្រូវ​នឹង​ឆ្នាំ​របស់​សម្តេច​តេ​ជោ ។​
​ ​
​លោក​បន្តថា ទីក្រុង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​កំពង់ផែ ដើម្បី​ភ្ជាប់​សេវាកម្ម​ដឹកជញ្ជូន​ពាណិជ្ជកម្ម​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​សម្តេច​តេ​ជោ ដែល​នឹង​រៀបចំ​ឲ្យ​មាននៅ​ក្នុង​ទីក្រុង​នេះ​ផងដែរ ។​

​ទីក្រុង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៣​ម៉ឺន​ហិកតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​វិបុល​/sn