ដោយ:ពៅ និមល/ភ្នំពេញ ៖ ស្របពេលដែលបណ្តាប្រទេសជាសមាជិកអាស៊ាន បានអនុម័តនិងកំពុងអនុវត្តច្បាប់ប្រកួតប្រជែងយ៉ាងមានប្រសិទ្ធភាព។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនឹងត្រូវបានអនុម័តជាស្ថាពរនាដើមឆ្នាំ២០២០ខាងមុខ ដើម្បីឲ្យការប្រកួតប្រជែងស្មើភាពគ្នាក្នុងតំបន់។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅពិធីបើកសន្និសីទអាស៊ាន ស្តីពីការប្រកួតប្រជែងលើកទី៨ ការឈានទៅរកគោលដៅនិងការដោះស្រាយបញ្ហាប្រឈម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ បានមានប្រសាសន៍ថា ច្បាប់ស្ដីពីការប្រកួតប្រជែង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបម្រែបម្រួលបរិយាកាសធុរកិច្ច។ លោកបានបន្តថា នៅក្នុងផែនការសកម្មភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០០៧ (AEC Blueprint 2007) ប្រទេសសមាជិកអាស៊ានទាំងអស់បានប្ដេជ្ញាចិត្ត ក្នុងការរៀបចំឱ្យមានច្បាប់ប្រកួតប្រជែងរបស់ខ្លួន ហើយមកទល់ពេលនេះមានតែកម្ពុជាប៉ុណ្ណោះដែលមិនទាន់មានច្បាប់ប្រកួតប្រជែងនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនេះ នឹងត្រូវបានអនុម័តជាស្ថាពរនាដើមឆ្នាំ២០២០ ឱ្យស្របជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត។
លោក ម៉ៃឃើល ថេនេ (Michael Tene) អគ្គលេខាធិការរងអាស៊ាន បានលើកឡើងថា តាមរយៈសន្និសីទអាស៊ាននេះ គឺជាវេទិកាមួយដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា បើទោះបីជាស្ថាប័នប្រកួតប្រជែងមួយមានបទពិសោធន៍និងមានភាពចាស់ទុំក៏ដោយ ក៏នៅមានការវិវត្តន៍សំខាន់ៗមួយចំនួនដែលអាចជាសញ្ញាសំគាល់សម្រាប់ស្ថាប័នប្រកួតប្រជែង។ លោកបន្ថែមថា ការអនុវត្តគោលនយោបាយប្រកួតប្រជែងនឹងលើកកម្ពស់នវានុវត្តន៍ និងការចូលរួមនៃផលិតកម្មក្នុងតំបន់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយដើម្បីសម្រេចបានគោលដៅទាំងនោះ ក្រុមការងារមួយហៅថា ក្រុមជំនាញការកិច្ចការប្រកួតប្រជែងអាស៊ាន (ASEAN Experts Group on Competition – AEGC) ត្រូវបានបង្កើតឡើង។
សូមបញ្ជាក់ថា សន្និសីទអាស៊ានស្តីពីការប្រកួតប្រជែងលើកទី៨ មានរយៈពេល០២ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញនិងពិភាក្សាអំពីវឌ្ឍភាពនៃដំណើរការតាក់តែង និងអនុវត្តច្បាប់ប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន។ វេទិកានេះ មានការអញ្ញើញចូលរួមពីតំណាងប្រទេសចំនួន១០ ក្នុងអាស៊ាន នឹងជំរុញឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃច្បាប់ និងគោលនយោបាយប្រកួតប្រជែង ដើម្បីរួមចំណែកក្នុងការឆ្ពោះទៅរកសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ វេទិកានេះបានសហការរៀបចំដោយអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លេខាធិការដ្ឋានអាស៊ាន និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង (GIZ)៕B/