កម្ពុជា​ចង់​ឲ្យ​ការកែច្នៃ​ប្រហុក​ប្រែក្លាយជា​ប្រហុក​ស្តង់ដារ​សម្រាប់​ការប្រកួតប្រជែង​ទីផ្សារ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​

1506
ចែករម្លែក
  • 26
    Shares
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រហុក​ស្តង់ដារ (​រូប : ពៅ និមល​)

​ដោយ​: ពៅ និមល / ភ្នំពេញ​: ដើម្បី​ប្រែក្លាយ​ប្រហុក​ខ្មែរ ឲ្យ​ក្លាយទៅជា​ប្រហុក​ស្តង់ដារ​ទាំង​គុណភាព​និង​អនាម័យ សមាគម​ផលិត​ប្រហុក​ខ្មែរ​ស្តង់ដារ បានរៀបចំ​គម្រោង​មួយ ដើម្បី​ជំរុញ​ឲ្យ​ការកែច្នៃ​ប្រហុក​ក្លាយទៅជា ប្រហុក​ស្តង់ដារ សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន និង​អនាគត ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ផងដែរ​។​

​នៅក្នុង​ពិធី​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​សុវត្ថិភាព អនាម័យ​ល្អ ការផលិត​ល្អ លើ​ការកែច្នៃ​ប្រហុក​និង​ស្តង់ដារ​ផលិតផល​ប្រហុក​កម្ពុជា ដែលមាន​អ្នកចូលរួម​ប្រមាណ​៣០​នាក់​បូក​រួមទាំង​មន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​លោកស្រី​បណ្ឌិត កៅ សុ​ជីវី អនុប្រធាន​រដ្ឋបាល​ជ​ល​ផល នៃ​ក្រសួងកសិកម្ម និង​ជា​តំណាង​សមាគម​ផលិត​ប្រហុក​ខ្មែរ ស្តង់ដារ បាន​ឲ្យ​ដឹងថា គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ផលិតផល​ជលផល​, ផ្តល់​ចំណេះដឹង​និង​បទពិសោធន៍​ទៅវិញទៅមក​លើកកម្ពស់​បច្ចេក​កែច្នៃ ផ្អែកលើ​ស្តង់ដារ​អនាម័យ​,​កាត់បន្ថយ​ការបាត់បង់​លើ​ផល ផលិតផល​ជលផល និង​កាត់បន្ថយ​ការចំណាយ​លើ​សុខភាព​សាធារណ​:​។​

​លោកស្រី​លើកឡើង​បន្តថា ការសិក្សា​វាយតម្លៃ​នៃ​ប្រហុក ប្រហុក​ជា​គ្រឿងផ្សំ​និង​ជា​ម្ហូបអាហារ សំខាន់​និង​ចាំបាច់​មួយ​របស់​ប្រជាជន​ខ្មែរ ហើយ​ភាគច្រើន​មិនអាច​ខាន​បាន​។ ក្នុងនោះ​ប្រហុក​រួមចំណែក ដល់​សេដ្ឋកិច្ចជាតិ​និង​សុវត្ថិភាព​ស្បៀងអាហារ​សម្រាប់​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយ​ដែរ​។ លោកស្រី បន្ថែមថា លើសពីនេះទៅទៀត ប្រហុក​បាន​បាត់បង់​នូវ​តម្លៃ បន្ថែម ព្រោះ​នូវ​មិនទាន់​ផលិត​ដោយ​ធានា បាន​នូវ​គុណភាព និង​សុវត្ថិ​ភាពល្អ​និង​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​និង ផ្លាកសញ្ញា​ច្បាស់លាស់​ដែល​មិនអាច ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន ដែល​ធ្វើ​ឲ្យ​បាត់បង់​កិត្តិ​ស័ព្ទ​ជា​របស់​ខ្មែរ ដោយ​ថៃ​ផលិត​ដាក់លក់​នៅ ប្រទេស​ទី​៣ នាម​ប្រហុក​សៀមរាប ផលិត​នៅ​ថៃ ហើយ​លក់បាន​តម្លៃ​ពី ២៥ ទៅ ៤០​ដុល្លារ ក្នុង​មួយ គីឡូក្រាម​ឯណោះ​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ លោកស្រី​បណ្ឌិត កៅ សុ​ជីវី បាន​បញ្ជាក់ថា ក្នុងទិសដៅ​ថ្ងៃ​អនាគត ខាង​សមាគម​សន្យា​នឹង​នាំយក​ផលិតផល​ប្រហុក​ដែល​កែច្នៃ​រួច​ជាច្រើន​ប្រភេទ​ទៅ​ដាក់លក់​នៅ​ទីផ្សារ បរទេស ចៀសវាង​មានការ​បន្លំ​ពី​ជនខិលខូច​ទាំងនោះ​។​

​អ្នកស្រី សុ​ម៉ាលី ជា​អ្នកធ្វើ​ត្រីងៀត​ហាល និង​ផលិត​ប្រហុក​លក់​នៅ​ស្រុក​ស្ទោង ខេត្តសៀមរាប យល់ឃើញថា នេះ​ជាការ​ល្អ​ណាស់​ប្រសិនបើ​ប្រហុក​ខ្មែរ​អាចឈាន​ដល់​ស្តង់ដារ​បាន ព្រោះថា​រូ​ម​ទាំង គុណភាព ពិសេស​អនាម័យ គឺ​សំខាន់​ណាស់​ដល់​អ្នក​ទទួលទាន​ជា​អាហារ​។​

​ដោយឡែក លោក សុខ សំអឿន អ្នកធ្វើ​ប្រហុក​លក់​នៅ​ខេត្តកំពង់ឆ្នាំង ក្រោយ​ទទួល​ស្តាប់ បទ​បង្ហាញ​របស់​គម្រោង​ប្រហុក លោក​យល់ឃើញថា ដើម្បី​ថែរក្សា​នូវ​ផលប្រយោជន៍​ខាងលើនេះ យើង ត្រូវការ​កែច្នៃ​មាន​លក្ខណៈ​ទូលំទូលាយ ផលិតផល​ប្រកបដោយ​ប្រសិទ្ធិភាព គុណភាព និង​សុវត្ថិភាព ដោយ​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​អនាម័យ ដើម្បី​ធានា​ការប្រើប្រាស់​មាន​សុវត្ថិភាព ព្រមទាំង ជំរុញ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​សេដ្ឋកិច្ចជាតិ​រីកចម្រើន​ទាំងអស់គ្នា​៕ ល​