កម្ពុជា​ចាត់ទុក​បម្រាម​របស់​ក្រសួងការបរទេស​អាមេរិក ជាការ​សម្រេចចិត្ត​ខុស​និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​អាមេរិក​

3509

(​ភ្នំពេញ​)៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​សេចក្តីសម្រេចចិត្ត​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បាន​ហាម​មិន​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមគ្រួសារ​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក ថា​ជាការ​សម្រេចចិត្ត​ខុស​និង​ប៉ះពាល់​​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​។​

​លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា “​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក​ជាការ​សម្រេចចិត្ត​មួយ​ខុស​ស្ថានភាព​ពិត​​ប្រាកដ​របស់​កម្ពុជា​អំពី​ការប្រឹងប្រែង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដែល​គណបក្ស​ដែល​ត្រូវបាន​រំលាយ​រួចទៅហើយ​នឹង គឺ​សម រង្ស៊ី និង​កឹម​សុខា មិន​បានជា​ដៃគូ​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដែលជា​ទំនិញ​របស់​សហរដ្ឋអាមេរិក​ចង់បាន​នោះទេ​។ ទី​១-​គេ ( សមរង្ស៊ី កឹម​សុខា ) តែងតែ​ធ្វើពហិការ គេ​តែងតែ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ គេ​ប្រឆាំង​ជាមួយ​ស្ថាប័ន​ជាតិ​ទាំងបី មាន​រាជ​​រដ្ឋាភិបាល សភា ក៏ដូចជា​តុលាការ ហើយ​ការសម្រេចចិត្ត​នេះ ( របស់​ក្រសួងការបរទេស​អាមេរិក )​មិន​ត្រឹមតែ​ជាការ​បំផ្លាញ​​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ទេ គឺ​ការបំផ្លាញ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​”​។

​លោក ផៃ ស៊ី​ផាន បន្ថែមថា “​ការសម្រេចចិត្ត​របស់​ក្រសួងការបរទេស​អាមេរិក​នេះ​គឺ​អយុត្តិធម៌​ចំពោះ​អ្វីដែល​កើតឡើង​ពិតប្រាកដ​​នៅ​កម្ពុជា រួមទាំង​ការប្រឹងប្រែង​របស់​កម្ពុ​ជា ហើយ​អ្វីដែល​កើតឡើង​នេះ គឺ​សហរដ្ឋអាមេរិក​ទេ ដែល​បង្ហាញថា​ខ្លួន​មិន​ធ្វើ​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា មិន​ស្វែងយល់​ឲ្យ​បាន​ច្បាស់​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ការសម្រេចចិត្ត​។ ចំណែក​ទី​២-​សេចក្តីសម្រេចចិត្ត​នេះ គឺ​ទទួលបាន​សារ និង​ភ្លើង​មិនល្អ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា គឺ​លោក វីល្លៀម ហេ​ដ ដែល​លោក​បាន​យល់​ច្រ​លំ​ថា កម្ពុជា មាន​ជំហរ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក គឺជា​ការយល់​ខុស ១០០%​ដែល​ជាការ​បរិហារ​ចំពោះ​កម្ពុជា​នូវ​ភក្តីភាព​របស់​កម្ពុជា​ចំពោះ​​សហរដ្ឋអាមេរិក​”​។​

​ប្រតិកម្ម​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​បន្ទាប់ពី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក បានប្រកាស ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើឱ្យ​ខូច​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា រួមទាំង​ក្រុមគ្រួសារ មិន​ឲ្យ​ធ្វើដំណើរ​ចូល​ទឹកដី​សហរដ្ឋ​អា​មេ​រិ​កឡើ​យ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Heather Nauert​បាន​លើកឡើងថា​“​ជាការ​ឆ្លើយ​​តប​ដោយផ្ទាល់​នឹង​សកម្ម​ភាពជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ យើង​ប្រកាសថា​លោក​រដ្ឋមន្ត្រី​​ការបរទេស នឹងដាក់​បម្រាម​មិន​ឱ្យចូល​សហរដ្ឋអាមេរិក​នូវ​ជន​ទាំងឡាយណា​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឱ្យ​ខូច​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​នៅក្នុង​ប្រទេស​កម្ពុ​ជ‍ា​។ ក្រុមគ្រួសារ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក៏ត្រូវ​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​ផងដែរ​”​។​

​យ៉ាងណាក៏ដោយ ក្នុង​សេចក្តីថ្លែងការណ៍ លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​លើកឡើងថា សហរដ្ឋអាមេរិក​បន្ត​​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្រែក្លាយ​សភាពការណ៍​ឲ្យ​មក​ល្អ​ដូចដើម​វិញ ដូចជា អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ដំណើរការ​ឡើងវិញ ដោះលែង​លោក​កឹម​សុខា ប្រធាន​គណបក្សប្រឆាំង និង​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ិ​វិល ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​​ឡើងវិញ នៅ​កម្ពុជា​។ ការ​ធ្វើដូច្នេះបាន នឹង​នាំទៅដល់​ការលើកលែង​ការហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅ​អាមេរិក​និង​បង្កើន​ឱកាស​​ទទួលបាន​ភាពស្របច្បាប់​ក្នុងការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨​។​

​ចំពោះ​សេចក្តីថ្លែងការណ៍​នេះ កញ្ញា កឹម មនោ​វិទ្យា អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​កូនស្រី​ច្បង​របស់លោក​កឹម​សុខា ត្រូវបាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ស្រង់​សម្តី​ថា នាង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​​បាន​យកចិត្តទុកដាក់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។​

​កញ្ញា កឹម មនោ​វិទ្យា បន្ថែមថា “​ខ្ញុំ​សង្ឃឹមថា ជំហាន​ជា​បន្តបន្ទាប់ ដែល​សហរដ្ឋអាមេរិក​នឹងធ្វើ នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ពិចារណា​ឡើង​​វិញ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើដំណើរ​ទៅមុខ​កុំឱ្យ​ប៉ះពាល់​ដល់​ទណ្ឌកម្ម​ដទៃ​ទៀត​”៕​ដោយៈ​ម៉េង​ឆៃ​/sn
​ ​
​នៅពេលនេះ ថា​តើ​រាជរដ្ឋាភិបាល​កម្ពុជា នឹងមាន​ប្រតិកម្ម​ការ​ទូត​តប​ទៅ​សហរដ្ឋអាមេរិក​ដូចម្តេច​? មិនត្រូវ​បាន​លោក ផៃ​ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​នោះទេ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅកាន់​លោក​ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​
​ ​