កម្ពុជា​ចាប់ផ្តើម​បោះជំហាន​ទៅ​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​

1297
ចែករម្លែក

​ភ្នំពេញៈកម្ពុជានឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយនា​ពេលអនាគត និង​រំពឹងទុក​ថា​សម្រាប់​ដំណាក់កាល​ទាញយក​ប្រេង​ដំបូង​នៅ​តំបន់​1A និង​1B ត្រូវបាន​ប៉ាន់​ស្មានថា អាច​លើសពី​៣០​លាន​បារ៉ែល ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់ ក្នុងការ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល​។​

គណៈអធិបតីក្នុងពិធីចុះហត្ថលេខា(រូបផេកលោកស៊ុយសែម)

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លោក​ស៊ុយ សែម បាន​ថ្លែង​​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម ព្រៀង​សម្រាប់​ការអភិវឌ្ឍ​ប្រេងកាត​ប្លុក​A រវាង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ( Kris Energy) កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ នេះ​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អភិវឌ្ឍ​អណ្តូង​ប្រេងកាត​ប្លុក​A នាពេលនេះ​គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាការ​ចាប់ផ្តើម​ថ្មី​មួយ​យ៉ាងសំខាន់ ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង​ឆៅ​លើក​ទី​១ ចេញពី​ដែនសមុទ្រ​របស់​កម្ពុជា​។​លោក​បន្តថា​“​បរិមាណ​សក្តានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ និង​រំពឹងទុក​សម្រាប់​ដំណាក់កាល​ដំបូង 1A និង 1B ត្រូវបាន​ប៉ាន់​ស្មានថា អាច​លើសពី​៣០​លាន​បារ៉ែល ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់ ក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ឆៅ ប្រកបដោយ​សក្តានុពល​”​។​លោក​បន្តថា “​ការចាប់ផ្តើម​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ប្លុក​A​នេះ គឺ​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្វែងរក​ដ៏​ខ្លាំងក្លា​ថែមទៀត លើ​ប្លុក​ប្រេងកាត​ដែល​នៅ​ទំនេរ​ចំនួន​៥​នៅ​ដែនសមុទ្រ និង​១៨​ប្លុក​ផ្សេងទៀត​នៅ​ដែន​គោក​ផងដែរ​”​។​

​បណ្ឌិតសភា​ចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា កម្ពុ​ជាមាន​ទិសដៅ​ច្បាស់លាស់ គឺ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស ដែល​ពឹង​ផ្អែកលើ​ចំណូល​ប្រេងកាត និង​ឧស្ម័ន​ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ រួមចំណែក​ក្នុង​ការកែ​ទម្រ​ង​រចនា​ម្ព័​ន្ធ​សេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង​ផងដែរ​។​លោក​ទេសរដ្ឋមន្ត្រី​បន្តទៀតថា “​កម្ពុជា​ត្រៀមខ្លួន​រួចរាល់ ទាំង​ក្នុង​ក្របខណ្ឌ​ធនធានមនុស្ស ស្ថាប័ន និង​គោលនយោបាយ ដើម្បី​បញ្ជៀ​ស​នូវ​បណ្តាសារ​ធនធាន និង​ជំងឺ​ហូ​ឡង់ (Dutch disease) ដោយបាន​សិក្សា​ពីបទ​ពិសោធន​ន៍​ដ៏​ជូ​ចត់​កន្លងមក របស់​ប្រទេស​ផលិត​ប្រេង​មួយចំនួន និង​បាន​គិតគូ​រួចជាស្រេច ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេងកាត ទៅជា​កាត​លី​ករ​ពិតប្រាកដ​មួយ ក្នុងការ​អភិវឌ្ឍ​ពិពិធ​កម្ម និង​ទំនើបកម្ម​សេដ្ឋកិច្ច ដែលមាន​វិស័យ​ឧស្សាហកម្ម ដើរតួ​កាន់តែ​សំខាន់​ឡើង ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០”​។​
​លោក​Kelvin Tang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​KrisEnergy Ltd,​បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្តថា បន្ទាប់ពី​ការចុះហត្ថលេខា ក្នុងពេល​ឆាប់ៗ​បន្ទាប់​នេះ ក្រុមហ៊ុន​នឹង​ប្រកាស​សេចក្តីសម្រេច ចុងក្រោយ​លើ​ការវិនិយោគ នឹង​បន្ត​សម្រេច​ឲ្យ​បាន​ដំណក់​ប្រេង​ដំបូង​ក្នុង​រយៈពេល​២៤​ខែ ក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​។​
​បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​KRSENERGY​ត្រូវការ​រយៈពេល​២៦​ខែ ដើម្បី​អាច​ទាញយក​ដំណក់​ប្រេង​លើកដំបូង​បាន ប៉ុន្តែ​អ្វី​ក៏​ស្ថិតនៅក្នុង​ភាពប្រែប្រួល​ផងដែរ​លើ​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ​៕
​ដោយៈច្រាយចំណាន

ទិដ្ឋភាពក្នុងពិធីចុះហត្ថេលខា(រូបផេកលោកស៊ុយសែម)