កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ម៉ុង​ហ្គោ​លី​ ​

290

(ភ្នំពេញ)៖ ប្រទេស​កម្ពុជា​តាមរយៈ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ចុះ​កិច្ចព្រមព្រៀង​យោគយល់​គ្នា ជាមួយ​ប្រទេស​ម៉ុង​ហ្គោ​លី ដើម្បី​អនុ​ញ្ញា​ត្ត​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំងពីរ​នៅពេល​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៩ កញ្ញា​​ថាកាលពី​ម្សិល​ម៉ិ​ញ​នេះ លោក​ម៉ៅ ហាវ​ណ្ណា​ល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មន្ត្រីជាន់ខ្ពស់ ក្រសួង​ដឹកជញ្ជូន​ប្រទេស​ម៉ុង​ហ្គោ​លី ដើម្បី​អនុ​ញ្ញា​ត្ត​ឲ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ នៅពេល​ខាងមុខ ប្រសិន​ជាមាន​អាកាសចរណ៍​ណាមួយ ចាប់អារម្មណ៍​ភ្ជាប់​ជើងហោះហើរ​ត្រង់​។​លោក​បន្តថា ការចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប​នៅ​កាត់​អា​ស៊េ​ម​នៅក្នុង​ក្រុង​សៀមរាប ប្រទេស​កម្ពុជា​។​

​លោក​បន្តថា “​វា​ជាការ​ក្រាលផ្លូវ​មួយ ដើម្បី​ឲ្យ​មានការ​ហោះហើរ​មក​កម្ពុ​ជា ប្រសិនជា​ក្រុមហ៊ុន​ណា​ចាប់អារម្មណ៍ ប៉ុន្តែ​ការហោះហើរ​ត្រង់​ឬ​អត់ វា​អាស្រ័យ​លើ​កត្តា​ទីផ្សារ ព្រោះ​កត្តា​ទីផ្សារ​មាន​សារៈសំខាន់​ណាស់​”​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​បាន​ថ្លែងថា ការចុះ​កិច្ចព្រមព្រៀង​នេះ​ជាស​ញ្ញា​ល្អ​មួយ ដើម្បី​បើកផ្លូវ​អោយមាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ុង​ហ្គោ​លី​មក​កម្ពុជា ហើយ​ប្រទេស​ទាំងពីរ​អាចធ្វើ​អ្វីមួយ ដើម្បី​ជំរុញ​ការហោះហើរ​ត្រង់​។​លោក​បន្តថា ប្រទេស​ម៉ុង​ហ្គោ​លី ជា​ប្រទេស មានការ​ផ្សព្វផ្សាយ​ច្រើន​ផងដែរ ពី​សក្តានុពល​ទេសចរណ៍​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ហេតុនេះ​ប្រទេស​នេះ​គួរ​ធ្វើ​អ្វីមួយ ដើម្បី​ចាប់ផ្តើម​ជំរុញ​វិស័យ​ទេសចរ ណ៍រ​វាង​ប្រទេស​ទាំងពីរ​៕ដោយ​ច្រាយ ចំណាន​

ពិធី​ចុះហត្ថលេខា​រវាង​ថ្នាក់ដឹកនាំ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល និង​មន្ត្រីជាន់ខ្ពស់​ក្រ​សូង​ដឹកជញ្ជូន​ម៉ុង​ហ្គោ​លី (​រូបភាព​ឯកសារ​)​