កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍ Asia Cross Country Rally 2019

267
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កម្មវិធី​ប្រណាំង​យានយន្ដ ឆ្លង​ប្រទេស ធំជាងគេ ដែល​គេ​ហៅថា Asia Cross Country Rally 2019 នឹងធ្វើ​ការប្រណាំង លើ​ចម្ងាយ​ផ្លូវ សរុប​ជាង ២.២០០ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់ ២ ប្រទេស គឺ​ចេញដំណើរ ពី​ទីក្រុង​ប៉ាត់​តា​យ៉ា ប្រទេស​ថៃ ហើយ​បញ្ចប់​នៅ​ទីក្រុង​ណៃ​ពី​ដោរ ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​អ្នក​ប្រណាំង មកពី ៣០ ប្រទេស ។​

កីឡាករ​យានយន្ត​កម្ពុជា ដែលត្រៀមទៅចូលរួមការប្រកួត

​សម្រាប់​កម្ពុជា សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​បញ្ជូន​រថយន្ត​ប្រណាំង ២ គ្រឿង គឺ​រថយន្ត​លេខ​១១៥ បើកបរ​ដោយ​កីឡាករ សោម សុ​កុសល និង​ជំនួយការ​អ្នកបើកបរ កីឡាករ វង្ស គឹម​ហួត​។ រីឯ​មួយគ្រឿង​ទៀត រថយន្ត​លេខ​១០៧ បើកបរ​ដោយ​កីឡាករ ហូ សិទ្ធិគុណ និង​ជំនួយការ​អ្នកបើកបរ ពីររូប គឺ​កីឡាការិនី សេង សុជាតា និង​កីឡាករ ពៅ តិច​ឡេង ។​

​លោក ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ជា​កីឡាករ ផង​នោះ នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៨ សីហា ២០១៩ នេះ បានបង្ហាញ​នូវ ក្តីសង្ឃឹម​ខ្ពស់​ថា នឹង​ប្រជែង​បាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍ Asia Cross Country Rally 2019 ដែល​ឆ្លងកាត់ ២ ប្រទេស គឺ​ប្រទេស​ថៃ និង មី​យ៉ាន់​ម៉ា ដែលមាន​ចំងាយ​ផ្លូវ ប្រមាណ ២.២០០ គីឡូម៉ែត្រ​នោះ ។​

កីឡាករ​យានយន្ត​កម្ពុជា ស្ថិតក្នុងការផ្តល់បទសម្ភាសន៍

​លោក​អនុប្រធាន​សហព័ន្ធ កីឡា​យានយន្ត​កម្ពុជា បាន​ឲ្យ​ដឹង​បន្តថា ក្រុមកីឡា​ប្រណាំង​រថយន្ត​កម្ពុជា ដែលមាន​ទាំង​ក្រុមការងារ កីឡាករ រថយន្ត និង​សម្ភារ គឺ​បាន​ត្រៀម​តាំងពី​ជាង ២ ខែ​មុន មកម្ល៉េះ ដោយមាន​គោលបំណង​ធំ គឺ​ទី​១. អភិវឌ្ឍន៍​វិស័យ​កីឡា​យានយន្ត​កម្ពុជា អោយ​ឈានចូល​ប្រឡូក ក្នុង​ឆាក​អន្តរជាតិ ទី​២. បានរួម​ចំណែក​ផ្សព្វផ្សាយ វិស័យ​កីឡា​យានយន្ត និង​វិស័យ​ទេសចរណ៍ ដោយបាន​ទាក់ទាញ ឲ្យ​មានការ​ប្រណាំង រថយន្ត​ខ្នាត​ធំ នៅក្នុង​ប្រទេស​យើង បាន​ចំនួន ៤ លើក​រួចមកហើយ ដោយ​ទទួលបាន លទ្ធផល​ល្អប្រសើរ ពិសេស​គឺ​នាំមក​នូវ ភ្ញៀវទេសចរ​ជាច្រើន មក​ស្គាល់​ទឹកដី នៃ​ប្រទេស​កម្ពុជា និង​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន អំពី​បច្ចេកទេស នៃ​ការបើកបរ ការប្រកួតប្រជែង ការរៀបចំ​យានយន្ត និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផ្សេងៗ​ទៀត ។

​​កីឡាករ​យានយន្ត​កម្ពុជា ២ រូប អ្នកបើកបរ សោម សុ​កុសល និង​ជំនួយការ​អ្នកបើកបរ វង្ស គឹម​ហួត រថយន្ត​ប្រណាំង​លេខ​១១៥ ដែល​ទៅ​ចូលរួម ប្រណាំងប្រជែង ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត ឆ្លងកាត់​ឧបសគ្គ​ដ៍​ធំ ប្រចាំ​តំបន់​អាស៊ី គឺ Asia Cross Country Rally 2019 បានបង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ថា នឹង​ប្រជែង​ដណ្តើម យក​លទ្ធផល​ល្អ មក​ជូន​កម្ពុជា លើ​ប្រភេទ​រថយន្ត​ប្រើ​សាំង ដើម្បី​នាំយកមក​នូវ មោទនភាព ជូន​កម្ពុជា ពី​ព្រឹត្តិការ​ណ៍ដ៍​ធំ​មួយ​នេះ ៕v