កម្ពុជា​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៤ នៅ​បាងកក ក្រោម​ប្រធានបទ «​វិសមភាព​ក្នុង​សករាជ នៃ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​»

1196
ចែករម្លែក

ដោយ: យោធិន / ភ្នំពេញ​: លោក​លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​កម្ពុជា​(CMAA) និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ លើក​ទី​៧៤ ក្រោម​ប្រធានបទ​«​វិសមភាព​ក្នុង​សករាជ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​» នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​សន្និបាត​ខាងលើនេះ រៀបចំ​ដោយ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហិ្វ​ករ​បស់​អង្គការសហប្រជាជាតិ (UN-ESCAP) ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ ២០១៨ នៅ​ទីក្រុង​បាងកក​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ត្រូវបាន UN-ESCAP អញ្ជើញ​ឲ្យ​ធ្វើជា​អធិបតី ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៤​នេះ ដែលមាន​ការចូលរួម ពី​ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧ​ត្ត​ម​មន្ត្រី និង​មន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក និង​រដ្ឋ​សង្កេតការណ៍​ប្រមាណ​ជាង​៦០ ប្រទេស​។​

​ជាមួយគ្នា​នោះ ក៏មាន​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លេខា​ប្រតិបត្តិ UN-ESCAP មន្ត្រី​ជំនាញ​មកពី​អង្គការសហប្រជាជាតិ​ទូទាំង​សកលលោក ស្ថាប័នហិរញ្ញវត្ថុ ពិភពលោក ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាច្រើន​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ចំនួន ៤ រួមមាន​៖

១៖ វិសមភាព​ក្នុង​សករាជ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​
២៖ បញ្ហា​ប្រឈម​និង​ឱកាស​ក្នុង​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​
៣៖ តួនាទី​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ក្នុង​ការងារ​ពហុភាគី និង​អភិបាលកិច្ច​សកល​នៃ​សករាជ​របៀបវារៈ​ឆ្នាំ ២០៣០
៤៖ ការច្នៃប្រឌិត​បច្ចេកវិទ្យា​ដើម្បី​ជួយ​ជម្រុញ​ដល់​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​ដើម្បី​ឆ្លើយតប ទៅនឹង​ប្រធានបទ​ខាងលើ ទេសរដ្ឋមន្ត្រី លី ធុជ បានកត់សំគាល់​ពី​ភាពជោគជ័យ សំខាន់ៗ​ចំនួន​៣​របស់​កម្ពុជា រួមមាន​៖

១៖ ការកសាង​ស​និ្ត​ភាព គឺជា​កត្តាចាំបាច់​បំផុត មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ ដែលជា​ការអភិវឌ្ឍ​ដោយ​ចីរភាព ទៅតាម​របៀបវារៈ​ឆ្នាំ ២០៣០ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​កម្ពុជា ឆ្នាំ ២០១៦-២០៣០​។​

២៖ ការកាត់បន្ថយ​ភាពក្រីក្រ​ដ៏​គួរ​ឲ្យ​កត់សំគាល់ ដែល​បាន​ធ្លាក់ចុះ​ពី​៥៣​ភាគរយ ក្នុង​ឆ្នាំ​២០០៤ មក​នៅត្រឹមតែ ១៣,៥ ភាគរយ ក្នុង​ឆ្នាំ​២០១៤ ហើយនឹង​នៅ​បន្ត​ធ្លាក់ចុះ ជាង​១​ភាគរយ ក្នុង​មួយឆ្នាំៗ​ទៀត​។ នេះ​បានធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ដែលមាន​ការកាត់បន្ថយ​ភាពក្រីក្រ បាន​ច្រើនជាងគេ ក្នុង​ពិភពលោក និង​មិនមាន​នរណាម្នាក់​ដែល ត្រូវ​ទុកចោល ដោយ​មិន​ទទួលបាន​ផល​ពី​ការអភិវឌ្ឍ​ឡើយ​។​

៣៖ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង ហើយ​បន្ត​មាន​លំនឹង​រឹងមាំ ក្នុង​កម្រិត ៧.២​ភាគរយ និង​បន្ត​នៅ​ចន្លោះ ៧.១ ឬ ៧.២ ភាគរយ​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​ផងដែរ​។ សមិទ្ធផល​នេះ ទទួលបាន​ដោយសារ ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ឧ​ត្ត​ម​គតិ និង​ការ​បេ្ត​ជ្ញា​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុងការ​ពុះពារ​បម្រើ​ជាតិ និង​ប្រជាជន​យក​ផលប្រយោជន៍​រួម​ជាធំ សំដៅ​បន្ត​ការពារ និង​កសាង​មាតុភូមិ ឆ្ពោះទៅរក​អនាគត​ដ៏​រុងរឿង ស្របតាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​។​

​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ បាន​បញ្ជាក់ថា រាជ​ដ្ឋា​ភិ​បាល ក៏បាន​ដាក់ចេញ នូវ​គោលដៅ​តម្រង់​ឆ្ពោះ​ទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ ហើយនឹង​ទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​ផងដែរ ដោយ​កំណត់​យក​អាទិភាព សម្រាប់​ការអភិវឌ្ឍ គឺ ទឹក ផ្លូវ ភ្លើង មនុស្ស​។​

​សូមជម្រាបថា គោលបំណង​ដ៏​ចំបង នៃ​សន្និបាត​នេះ គឺ​ពិនិត្យ​និង​អនុម័ត​លើ​របាយការណ៍​ការងារ ដែល​អគ្គលេខាធិការដ្ឋាន UN-ESCAP និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ និង​អនុម័ត​សេចក្តីសម្រេច ផែនការ​ផ្សេងៗ ដែល​បាន​ស្នើឡើង​ដោយ​រដ្ឋ​ជា​សមាជិក និង​អគ្គលេខាធិការដ្ឋាន UN-ESCAP សម្រាប់​ឆ្នាំ ២០១៨៕ ល​