កម្ពុជា​ចូល​ជា​ផ្លូវការ​ជាម​សមាជិក​សកល​លប់បំបាត់​អំពើហិង្សា​លើ​កុមារ​

257
ចែករម្លែក

ដោយ:មេសា​/​ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​ពី​ការប្តេជ្ញា​របស់​កម្ពុជា ក្នុងការ​លប់បំបាត់​អំពើហិង្សា​លើ​កុមា​រថា “កម្ពុជា​នឹងចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ក្នុងការ​អនុវត្ត​ច្បាប់ និង គោលនយោបាយ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​កុមារ ការរំលោភបំពាន និង ការកេងប្រវ័ញ្ច​ផ្សេងៗ​ទៅលើ​កុមារ។ រាជរដ្ឋាភិបាល​កម្ពុជា តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​លើកកម្ពស់​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ។ ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ត្រូវបាន​រៀបចំឡើង​ស្របតាម​ចក្ខុវិស័យ នៃ ចលនា​សកល ដើម្បី បញ្ចប់​អំពើហិង្សា​លើ​កុមារ គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង ភាពជា​ដៃគូ​សកល យុទ្ធសាស្ត្រ​ចំនួន ៧ ដើម្បី បញ្ចប់​អំពើហិង្សា​លើ​កុមារ និង ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងការ​លប់បំបាត់​អំពើហិង្សា​លើ​កុមារ “ ។

លោក វង សូត ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពី​ធី​ប្រកាស​ជា​ផ្លូវ​ការដែល​ប្រទេស​កម្ពុជា ចូល​ជា​សមាជិក នៃ ប្រទេស​ជា​ដៃគូ​សកល ដើម្បី បញ្ចប់​អំពើហិង្សា​លើ​កុមារ រៀបចំ​នៅឯ​សណ្ឋាគារ​សុខា នា​ព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ។​

លោក វង សូត បាន​បន្ថែមថា ដើម្បី​សម្របសម្រួល និង ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព ក្នុងការ​ទប់ស្កាត់ និង ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ២០១៧-២០២១ ឱ្យបាន​ជោគជ័យ និង ប្រសិទ្ធភាព​តាម​ការគ្រោងទុក ក្រសួង​សង្គមកិច្ច បាន​បង្កើត​គណៈកម្មកា​រ​ចំនួន ៣ ជា​សេនាធិកា ក្នុងការ​ដឹកនាំ​អនុវត្ត សម្របសម្រួល ជំរុញ និង ត្រួតពិនិត្យ​តាមដាន ក្នុងនោះ​គឺ ទី ១.ក្រុមការងារ​លើកកម្ពស់​ការយល់ដឹង និង ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ , ២.ក្រុមការងារ​ផ្តល់​សេវា និង អនុវត្ត​ច្បាប់ និង៣. ក្រុមការងារ​សិក្សា​លើ​បទដ្ឋាន​គតិយុត្ត ពិនិត្យ​តាមដាន និង ធ្វើ​របាយការណ៍ ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា “អំពើហិង្សា​លើ​កុមារ គឺជា​សកម្មភាព​ដែល​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ព្រោះ​អំពើហិង្សា​លើ​កុមារ គឺជា​ការរំលោភបំពាន​សិទ្ធិ​របស់​កុមារ និង ធ្វើឱ្យប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​កុមារ ប៉ះពាល់​សីលធម៌​សង្គម សេចក្តីថ្លៃថ្នូរ និង ការអភិវឌ្ឍ​ធនធានមនុស្ស​ទៅ​អនាគត “។​

លោកស្រីឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមថា ដើម្បីបញ្ចប់​អំពើហិង្សា​លើ​កុមារ គឺ​តម្រូវឱ្យមាន​ទំនួល​ខុសត្រូវ​រួមគ្នា កៀរគរ​អ្នកពាក់ព័ន្ធ​ទាំងអស់ និង សង្គម​ទាំងមូល គឺ​ចាំបាច់​បំផុត ស្របទៅតាម​បទដ្ឋាន​ជាតិ​ដែលមាន និង កំពុង​ដាក់ឱ្យអនុវត្ត​ជា​ធរមាន រួមទាំង​អនុសញ្ញា​សហប្រជាជាតិ ស្តីពី​សិទ្ធិ​កុមារ ឱ្យមាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​នោះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​ទាំងអស់ ។​

កន្លងមក​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង យន្តការ​ជាច្រើន ដើម្បី ការពារ និង លើកកម្ពស់​សិទ្ធិ​កុមារ មាន​ជាអាទិ៍ ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ , ក្រុម​ប្រឹក្សាជាតិ ដើម្បី កុមារ , គោ​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព , គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ , គោលនយោបាយ និង បទដ្ឋាន​អប្បបរមា​ស្តីពី​ការថែទាំ​ជំនួស​ចំពោះ​កុមារ ជាដើម ។ ហើយ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ សំដៅ​លើកកម្ពស់​សុខុមាល​ភាព​មាតា និង ទារក ព្រមទាំង​រួមចំណែក​ដោះស្រាយ​ប​ញ​ញ្ហា​កង្វះ​អា​រូប​ត្ថ​ម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ចាប់តាំងពី​ទារក​នៅក្នុង​ផ្ទៃ រហូតដល់​អាយុ ២ ឆ្នាំ ដើម្បី ជំរុញ​ការលូតលាស់​ទាំង​រាងកាយ និង ប្រាជ្ញា​ស្មារតី​របស់​កុមារ ។​

ការងារ​ទាំងនេះ​ជាដើម ត្រូវបាន​គេ​មើលឃើញថា ទទួលបាន​ផល​ជាទី​សោមនស្ស ប៉ុន្តែ​បញ្ហា​របស់​កុមារ​នៅតែមាន​ជាច្រើន និង ស្មុគស្មាញ​នៅឡើយ ដែល​តម្រូវឱ្យ​មានការ​ប្តេជ្ញា​កាន់តែខ្លាំង និង ទូលំទូលាយ​ថែមទៀត ហើយ​ការប្រកាស​ចូល​ជា​សមាជិក​ជា​ផ្លូវការ​របស់​កម្ពុជា ក្នុងការ​លប់បំបាត់​អំពើហិង្សា​កុមារ នា​ថ្ងៃនេះ គឺជា​វឌ្ឍនភាព​ថ្មី ១ ទៀត​សម្រាប់​វិស័យ​កិច្ចការពារ​កុមារ​នៅ​កម្ពុជា៕B/