កម្ពុជា​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​របស់​អ.ស.ប

704

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ប្រកាស​ឲ្យ​ដឹងថា ព្រះរាជា​ណាចក្រ​កម្ពុជា​ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការសហ​ប្រជាជាតិ សម្រាប់​អាណត្តិ​មួយឆ្នាំ (២០១៩) ដោយ​សំឡេងគាំទ្រ ចំនួន​១៨៣ លើ​១៨៨ ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហាសន្និបាត​នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​វយ​ក​។​

​នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ថ្មី​មួយទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​លើកស្ទួយ​កិត្តិយស និង​កិត្យានុ​ភាព​​​ជាតិ​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​កាលពី​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើជា​អនុប្រធាន​នៃ​សម័យប្រជុំ​លើក​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សំរាប់​អាណត្តិ​ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ រួមជាមួយ​ប្រទេស​ចំនួន​១៥ ផ្សេងទៀត និង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ក្នុងឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ កម្ពុជា​នឹង​ខិតខំ​៖
• ចូលរួម​ពិភាក្សា​និង​ផ្តល់យោបល់​លើ​ការជំរុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជំរុញ​លក្ខខណ្ឌ នៃ​ការរីកចំរើន​សេដ្ឋកិច្ច​-​សង្គម និង​ការអភិវឌ្ឍ​។​
• ចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ​។​
• ចូលរួម​ជំរុញ​ដំណោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ និង​សុខាភិបាល​សង្គម​។​
• ចូលរួម​ជំរុញ​ការគោរព​ជាស​កល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។​

​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​១៨៣ ដែល​បាន​បោះឆ្នោត​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​តួនាទី​ដ៏​សំខាន់​នេះ​៕ ល​/មន