កម្ពុជា​ជោគជ័យ​ក្នុងការ​អនុវត្តន៍​គោលដៅ​សកល​នៃ​ការព្យាបាល​ជំងឺអេដស៍ ៩០-៩០-៩០ ​

1283
ចែករម្លែក
កម្ពុជា​អះអាង​ពី​ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​

(ភ្នំពេញ​)៖ ក្រោម​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល រួម​នឹង​ដៃគូអភិវឌ្ឍន៍​មួយចំនួន ក្នុងការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ កម្ពុជា​បានទទួល​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ សម្រាប់​គោលដៅ​ជាស​កល នៃ​ការព្យាបាល​ជំងឺអេដស៍ ៩០-៩០-៩០ ត្រឹម​ឆ្នាំ​២០១៦ ។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ជោគជ័យ​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ នា​ទីស្តីការ​ក្រសួងសុខាភិបាល លោកស្រី វ្លា​ដាន​កា អាន​ដ្រៀ​វ៉ា (Vladanka Andreeva) ប្រធាន​អង្គការ UNAIDS ប្រចាំ​កម្ពុជាលើកឡើងថា កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​៧ មាន​ប្រទេស​អង់គ្លេស ស៊ុយអែត អាយ​លែ​ន សិង្ហ​បុរី ដា​ណឺ​ម៉ាក់ និង​បូស​ស្វា​ណា សឹង​បានទទួល​នូវ ជោគជ័យ​ដូចគ្នានេះ ។​

លោកស្រី​បាន​ពន្យល់ថា “​ចំពោះ​ភាពជោគជ័យ ៩០-៩០-៩០​នេះ គឺ​៩០​ទី​១. មានន័យថា អ្នក​ផ្ទុកមេរោគ​អេដស៍ ៩០% បានដឹង​ពី​ស្ថានភាព​ខ្លួនឯង ថា​មាន​ផ្ទុកមេរោគ​អេដស៍​, ៩០​ទី​២. គឺ​៩០% នៃ​អ្នកផ្ទុក​ហ្នឹង បានទទួល​ឱសថ​ព្យាបាល និង​៩០​ទី​៣. អ្នក​ផ្ទុក​បានទទួល​ឱសថ​ហ្នឹង ទៅ​បង្ក្រាប​មេរោគ​ឲ្យ នៅ​ទាប​បំផុត សឹងតែ​ដូចជា​មនុស្ស​ធម្មតា​” ។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា កម្ពុជា​នឹង​បន្ត​ប្រយុទ្ធ នឹង​ជំងឺអេដស៍​នេះ ឲ្យ​បាន “៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២០ និង​ឲ្យ​បាន ១០០​ភាគរយ ឬ​លុបបំបាត់ ទាំងស្រុង នៅ​ឆ្នាំ​២០៣០” ។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា គោលដៅ​បន្ត​កម្ពុជា នឹង​ស្វែងរក​អ្នកមាន​ផ្ទុះ​ជំងឺ​នេះ ហើយនឹង​ផ្ដល់នូវ ឱសថ​ដល់​ពួកគាត់ ។ ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង ក៏បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ ក៏ដូចជា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្តទៀត ពី​បញ្ហា​នៃ​ជំងឺ​នេះ ។​​យោងតាម​របាយការណ៍ របស់​អង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ UNAIDS ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែកក្កដា បាន​ឲ្យ​ដឹងថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ការផ្តល់​ការព្យាបាល​មេរោគ HIV ខ្ពស់បំផុត​បើ​ប្រៀបធៀប នឹង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ហើយ​មនុស្ស​ប្រមាណ​ជា ៥៧ ០០០​នាក់ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ កំពុង​ប្រើ​ថ្នាំ​ព្យាបាល ៕ដោយៈ សុផល​

#