កម្ពុជា​ដល់​វេន​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១​ខាងមុខនេះ​

151
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កម្ពុជា​កំពុង​ត្រៀមខ្លួន​ក្នុងការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ (ATF2021) នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​អនាគត​តែមួយ​»​។

​ក្រសួងទេសចរណ៍​បានប្រកាសថា កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ (ASEAN Tourism Forum-ATF 2021) លើក​ទី​៤០ ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៧ -២៣ ខែមករា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​អនាគត​តែមួយ (ASEAN-A Community of Peace and Shared Future)»​។​

​ក្រសួងទេសចរណ៍​បញ្ជា​ក់ថា វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTOS Meetings) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ផ្នែក​ឯកជន (ASEANTA Meetings) សិក្ខាសាលា​នានា​និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (TRAVEX )​។​

​ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុង​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២១ ខែមករា ឆ្នាំ​២០២១ និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់ (Sellers) ប្រមាណ​ជាង ៤៥០​ក្រុមហ៊ុន ក្រុមហ៊ុន​ជា​អ្នកទិញ (Buyers) ប្រមាណ ៤៥០​ក្រុមហ៊ុន និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ១០០​នាក់ មកពី​ជុំវិញ​ពិភពលោក​។ កន្លងមក ​កម្ពុជា​ក៏​ធ្លាប់​បានធ្វើ​ម្ចាស់ផ្ទះនៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ដែរ​។ ដូច្នេះ​មន្ត្រី​ទេសចរណ៍​មានបទពិសោធន៍​ការងារ​រៀបចំ​វេទិកា​នេះ​ជ្រៅជ្រះ​ផងដែរ​៕ ល​/Ha