កម្ពុជា​តូច តែ​ចិត្តធំ និង​មាន​គុណធម៌​!

292
ចែករម្លែក

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ៤២២​នាក់ មុន​ចេញ បំពេញ បេសកកម្ម ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ខ្មែរ​យើង​ក្រ តែ​ចិត្តធំ ។​នោះ​គឺ​យើង ចេញ​លុយ ព្យាបាល និង​ធានា​លើ​ការចំណាយ លើ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ទាំងអស់​ដែល​កើត​ជំងឺ កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែមីនា កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ៩៣​នាក់ ក្រោយពី​រកឃើញ ជនជាតិ​បារាំង​ពីរ​នាក់​ទៀត នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៥​មីនា​។ ក្នុងនោះ មាន​ខ្មែរ ៣៥​នាក់ និង​បរទេស ៥៨​នាក់​។ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩ ទាំង ៩៣​នាក់ នៅ​កម្ពុជា​យើង ក៏មាន​អ្នកជា​សះស្បើយ ប្រាំមួយ​នាក់ ( ចិន​ម្នាក់ អង់គ្លេស​ម្នាក់ និង​ខ្មែរ ៤​នាក់ )​។

​ជនបរទេស​ទាំង ៥៨​នាក់ ដែល​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា រួមមាន បុរស​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ បានជា​សះស្បើយ​, ជនជាតិ​អង់គ្លេស​ប្រាំ​នាក់ ក្នុងនោះ មាន​ស្ត្រី​ជនជាតិ អង់គ្លេស​ម្នាក់ បានជា​សះស្បើយ ,​កាណាដា​ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់​, អាម៉េរិក ពីរ​នាក់ ,​បារាំង ៣៦​នាក់ ( ក្នុងនោះ មាន​ទារក​ម្នាក់ អាយុ ៤​ខែ ឆ្លង​ពី​ឪពុក ) និង​ជនជាតិ​ម៉ាឡេស៊ី ១២​នាក់​។​

​ជនបរទេស​ទាំងនោះ​កំពុង​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​មន្ទីរ ពេទ្យ​ខេត្ត​នានា​របស់​កម្ពុជា ដោយ​ក្រុមគ្រូពេទ្យ​កម្ពុជា បាន​យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល ព្រមទាំង​ផ្គត់ផ្គង់​នូវ​ចំណីអាហារ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផងដែរ​។​

​ជាមួយនឹង​ការប្រកាស​ធានារ៉ាប់រង​លើ​ចំណាយ​របស់​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ខុសពី​វៀតណាម ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ ចេញថ្លៃ​ព្យាបាល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា កម្ពុជា​យើង នៅពេលនេះ ឈរ​នៅ​ដំណាក់កាល​ទី​២ គឺ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ ពី​ខាងក្រៅ​ផង កុំ​ឲ្យ​ឆ្លង​នៅ​ខាងក្នុង ទៅ​អ្នកផ្សេង​ផង និង​យើង​ព្យាបាល​អ្នក​ឈឺ​ផង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា​បាន​ប្រយុទ្ធ​ការពារ កុំ​ឲ្យ​ឆ្លង​ពី​ខាងក្រៅ​ចូលមក បាន​ពីរ​ខែ មុននឹង​ធ្លុះធ្លាយ​ជំងឺ​កូ​វីដ ចូលមក​កម្ពុជា ដែល​ដំបូង​តាមរយៈ​នាវា​ទេសចរណ៍​មួយ គ្រឿង មកពី​វៀតណាម ដែលមាន​អ្នកដំណើរ ៦៤​នាក់ ហើយ​មកដល់ពេលនេះ អ្នក​លើ​នាវា នោះ ត្រូវបាន​រកឃើញ​បានកើត​ជំងឺ​កូ​វីដ​១៩ ចំនួន​ប្រាំពីរ​នាក់ ជា​ជនជាតិ​អង់គ្លេស ប្រាំ​នាក់ និង​អាមេរិក​ពីរ​នាក់​។ ក្នុងនោះ មាន​ស្ត្រី​អង់គ្លេស​ម្នាក់ បានជា​សះស្បើយ​។​

​សម្តេច​បន្ថែមថា ក្រោយមក ក៏មាន​ឆ្លង​លើ​ជនជាតិ​បារាំង ខ្មែរ នាយក​សាលា​កាណាដា​ម្នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​នាក់ ដែល​ទើប​មកពី​បុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី និង​ចុងក្រោយ​គេ គឺ​អ្នកទេសចរ​បារាំង​ជាង ៣០​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពី​ការដាក់ចេញ​នូវ​វិធានការ​របស់​កម្ពុជា នៅពេលនេះ គឺ​ប្រមូល​កម្លាំង​សរុប ចុះ​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង វិលត្រឡប់​មកពី​ប្រទេស​ថៃ មកកាន់​ស្រុកកំណើត នៅតាម​តាម​ភូមិ​ឃុំ ដែល​មកដល់ពេលនេះ មាន​ប្រមាណ ១៥០០០ នាក់​។​

ជាការ​ពិត ចាប់តាំងពី​ជំងឺ​កូ​វីដ ១៩ បាន​ផ្ទុះឡើង​ខ្លាំងក្លា នៅ​ប្រទេស​ចិន កាលពីដើម​ខែកុម្ភៈ គឺ​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​រួមសុខ​រួមទុក្ខ​ជាមួយ​ចិន តាមរយៈការមិន​ជម្លៀស​និស្សិត​ខ្មែរ ចេញពី​ទីក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​កូ​វីដ​ខ្លាំងក្លា​ជាងគេ នៅ​ប្រទេស​ចិន រួមទាំង​ការមិន​ជម្លៀស​ប្រជាជន​ខ្មែរ ចេញពី​ប្រទេស​ចិន​ឡើយ​។​
​ ​
មិន​ត្រឹមតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ចិន​ប៉ុណ្ណឹង​ទេ នៅ​ដើមខែ​កុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥត​ព្រាងទុក នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់ដៃ​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ចិន ដើម្បី​ជាការ​លើកទឹកចិត្ត​ចិន​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ដ៏​កាច​សាហាវ​នេះ​។​
​ ​
សម្តេច​តេ​ជោ ក៏​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​ត្រូវបាន​ចិន​ប្រសិទ្ធ​នាម​ថា «​ជា​បុរស​សង្ហា ដើរ​បញ្ច្រាស​ខ្យល់​» ពោលគឺ​អំឡុងពេល​សម្តេច​តេ​ជោ ទៅកាន់​ប្រទេស​ចិន គឺ​មេដឹកនាំ​ពិភពលោក និង​មនុស្ស​ជាច្រើន​ទៀត ខ្លាច គេច​ពី​ចិន ដោយសារតែ​ចិន​កើត​ជំងឺ​រា​ត ត្បា​ត​ឆ្លង​ខ្លាំងក្លា​។ តែ​សម្តេច​តេ​ជោ ខុសពី​មេដឹកនាំ​ពិភពលោក​ទាំងនោះ​និង​ខុសពី​មនុស្ស ជាច្រើន​លើ​លោក​។​
​ ​
ប៉ុន្មាន​ថ្ងៃ​ក្រោយមក សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ដ៏​ធំ​មួយទៀត ដែល​ពិភពលោក​ទទួលស្គាល់ និង​ថ្លែង​អរគុណ​កម្ពុជា ដោយ​សម្តេច អនុញ្ញាត​ឲ្យ​នាវា ទេសចរណ៍​អាមេរិក Westerdam ចូល​ចត បន្ទាប់ពី​ប្រទេស​ជាច្រើន បាន​បដិសេធ​មិន​ឲ្យ​នាវា ដឹក​អ្នកដំណើរ​ជាង ២០០០​នាក់​នេះ ចូល​ចត​ឡើយ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​
​ ​
មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ ដែល​ផ្ទុក​អ្នកដំណើរ​ចម្រុះ​ជាតិ​សាសន៍ រហូតដល់​ជាង ២០០០​នាក់ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ប៉ុណ្ណោះ​ទេ តែ​សម្តេច​តេ​ជោ ក៏បាន​អញ្ជើញ ទៅ​ចាប់ដៃ​ស្វាគមន៍​ក្រុម​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ដែល​ចុះ​ពី​នាវា​ដើម្បី​បន្តដំណើរ តាម​យន្តហោះ ទៅកាន់​ស្រុកកំណើត នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ជា​ថ្ងៃ​ដែល​លោក ខាងលិច ប្រារព្ធ​ទិវា​ក្តី​ស្រឡាញ់ ថែម​ទៀតផង​។​
​ ​
ជារួម មិន​ថា​អ្នកជំងឺ​កូ​វីដ ជា​ជនបរទេស​នោះទេ ដែល​សម្តេច​យកចិត្តទុកដាក់ សូម្បីតែ​ពលរដ្ឋ ខ្មែរ​យើង ដែលជា​ជនសង្ស័យ ហើយ​ត្រូវ​ពិនិត្យ​សំណាក​រក​មេរោគ​នេះ ក៏​សម្តេច​តេ​ជោ បានចេញ​បទបញ្ជា​ទៅគ្រប់​ខេត្ត​រាជធានី ត្រូវ​យកចិត្តទុកដាក់ តាំងពី​គ្រែ​សម្រាក បន្ទប់ មុង ខ្នើយ ភួយ និង​ម្ហូបអាហារ សម្រាប់​ពួកគាត់ ត្រូវ​រៀបចំ​សមរម្យ​ផងដែរ​។​
​ ​
ជាងនេះទៅទៀត សុខទុក្ខ​របស់​ក្រុមគ្រូពេទ្យ​ទាំងអស់ ពិសេស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ៤២២​នាក់ ក្នុង​ជំ​ហ៊ាន ដំបូង​នេះ ក៏​សម្តេច​តេ​ជោ ប្រកាស​ឲ្យ​ក្រសួងសុខាភិបាល​ត្រូវ​រៀបចំ​បណ្តុះបណ្តាល ឲ្យ​បាន​ម៉ត់ចត់​ត្រឹមត្រូវ និង​ត្រូវ​បំពាក់​សម្ភារៈ​បរិក្ខារ​ពិសេស​សម្លៀកបំពាក់​ពេទ្យ​សម្រាប់ ការពារ​ជំងឺ ឲ្យ​បាន​គ្រប់គ្រាន់ ទើប​អនុញ្ញាត​ឲ្យ​ទៅពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ដែល​សម្តេច ហៅថា ជា​សង្គ្រាម​លើ​សមរភូមិ​សុខភាព នាពេលនេះ​៕ ដោយ​: ម៉េង​ឆៃ​