កម្ពុជា​ត្រូវការ​ទីផ្សារការងារ​ខាង​ផ្នែក​បច្ចេកទេស​គ្រប់​ជំនាញ ក្នុង​មួយឆ្នាំ​ជាង​៣​ម៉ឺន​នាក់

906
ចែករម្លែក

ដោយ:​ដេប៉ូ​/ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​ បើតាម​ការសិក្សា​ស្រាវជ្រាវ​នោះគេ​បាន​រកឃើញថា​ចាប់ពី​ឆ្នាំ​២០១៨​និង​២០១៩​ខាងមុខនេះ ​ទៅ​សម្រាប់​ទីផ្សារការងារ​ខាង​ផ្នែក​បច្ចេកទេស​គឺ​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​ដោយ​ក្នុង​មួយឆ្នាំ​ត្រូវការ​អ្នកជំនាញ​រហូត​ជាង​៣​ម៉ឺន​នាក់​។​

ការបញ្ជាក់​បែបនេះ​ធ្វើឡើង​ដោយ​លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោយ​បញ្ចប់​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុ​ជាថ្មី​(ADB) នា​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​កន្លងមក​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងជំនួប ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុ​ជាថ្មី​(ADB)(​រូប​:ដេប៉ូ​)​

លោក​បាន​លើកឡើងថា ដោយសារ​មើលឃើញ​តម្រូវការ​ទីផ្សារ​លើ​ផ្នែក​បច្ចេកទេស​មាន​ច្រើនបែប​នេះហើយ​ទើប​កម្ពុជា​ចាំបាច់​ត្រូវការ​បណ្តុះបណ្តាល​ពលរ​ដ្ឋ​កម្ពុជា​ជា​ចាំបាច់​ដោយសារតែ​បច្ចុប្បន្ន​គេ​មើលឃើញថា​កម្ពុជា​នៅ​ជួប​បញ្ហា​កង្វះខាត ទាំង​ធនធានមនុស្ស​និង​ខាង​គុណភាព​មាន​កម្រិត​នៅឡើយ ។​ជាមួយគ្នា​យើង​ក៏​ជួប​បញ្ហា​កង្វះ​សម្ភារៈ​និង​គ្រូ​ជំនាញ​សម្រាប់​បណ្តុះបណ្តាល​ថែមទៀត​។​

ដោយឡែក​ទាក់ទិន​ទៅនឹង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ កម្ពុជា​ថ្មី​វិញ​ត្រូវបាន​លោក​ឡៅ​ហ៊ីម ឲ្យដឹងថា​លោកស្រី​Sunniya Durrani Jamal បាន​សម្តែង​នូវ ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​ការខិតខំ​ក្នុងការ អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្របទៅនឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ របស់​ADB ដោយ​ផ្តោតទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឆ្លើយតប ទៅ​និង​ការវិវត្តន៍​រីកចំរើន​នៃ​ឧស្សាហកម្ម​។

លោក​បាន​បន្ឲ្យដឹងថា ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB គ្រោង​នឹង​ផ្តល់​ការបណ្តុះ​​បណ្តាល​ជំនាញ បច្ចេកទេស សំខាន់ៗ ចំនួន​៤​មុខ ដល់​យុវជន​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ចាំបាច់ នៃ​បដិវត្តន៍​ឧស្សាហកម្ម សកល​ភា​វូ​នីយកម្ម ដែល​កំពុងតែ​វាយលុក​យ៉ាង​គំហក់ មកលើ បណ្តា​ប្រទេស ដែល​កំពុងអភិវឌ្ឍន៍ នៅក្នុង​តំបន់ ជាពិសេស​ប្រទេស​កម្ពុជា​តែម្តង​។​

ឆ្លើយតប​បញ្ហា​នេះ​លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏បាន​ស្នើឱ្យ ADB ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​ផ្នែក​ឌីជីថល និង​ការត្រៀមខ្លួន​ក្នុង​ការដើរ​ទាន់​នូវ បដិវត្ត​ឧស្សាហកម្ម ៤.០ នៅ​កម្ពុជា​។ ជាការ​ឆ្លើយតប ADB និង​បន្ត​ផ្តល់​គម្រោង​ថ្មី​មួយ ក្នុង​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៩​ដល់ ២០២៤ ដោយ​ផ្តោតលើ​យុវជន ដែល​បានបញ្ចប់​ការសិក្សា​ចាប់ពី​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ ដើម្បីឱ្យ​ពួកគេ​មាន​សមត្ថភាព និង​ជំនាញ​គ្រប់គ្រាន់​សម្រាប់​ត្រៀមខ្លួន​ចូល ទៅក្នុង​បច្ចេកវិទ្យា​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ខាងមុខ​៕B/