កម្ពុជា​ត្រៀមខ្លួន​ទទួល​គ្រូបង្រៀន​ភាសា​អង់គ្លេស​ជាង​១៧០០​នាក់​មកពី​ជាង ៣០​ប្រទេស​

477
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ ៖ សន្និសីទ​ស្តីពី​ការបង្រៀន​ភាសា​អង់គ្លេស​( CamTESOL) ប្រចាំឆ្នាំ លើក​ទី១៥ នឹងត្រូវ​ធ្វើ​ទ្បើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៥ ដល់១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​“​គ្រូបង្រៀន​ជា​អ្នកសិក្សា​”​។ សន្និសីទ​ដ៏​ធំ​នេះ ត្រៀម​ទទួល​ស្វា​គម​អ្នកចូលរួម​ប្រមាណ១៧០០នាក់ មកពី​ជាង៣០ ប្រទេស​ជុំវិញ​ពិភពលោក​ដែល​ភាគច្រើន​ជា គ្រូបង្រៀន​ភាសា​អង់គ្លេស និង​គ្រូឧទ្ទេស អ្នកស្រាវជ្រាវ​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​រប​ស់​សាលារៀន សាកលវិទ្យាល័យ​ដែល​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស និង​អ្នក​អប់រំ​ភាសា​អង់គ្លេស​កម្រិត​អន្តរជាតិ​។​

សន្និសីទ CamTESOL គឺជា​វេទិការ​អភិវឌ្ឍន៍​និង​ការបង្កើត​បណ្តាញ​វិជ្ជាជីវៈ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​CamTESOL ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ដោយ​ស្ថាប័ន​អប់រំ អាយ ឌី ភី ដែលជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​និង​សេវាកម្ម​អប់រំ​អន្តរជាតិ​។​សន្និសីទ​ដ៏​ធំ​នេះ​នឹង​រួមបញ្ចូល​នូវ​ការធ្វើ​បទ​បង្ហាញ​ចំនួន​ជាង​៤០០​ដោយ​អ្នកជំនាញ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) ដែលមាន​ប្រធានបទ ២៩ ផ្សេងៗ​គ្នា​។​

ការបើក​សន្និសីទ​ជា​ផ្លូវការ នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៥ ខែកុម្ភៈ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយមាន​ការចូលរួម​ពី លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រ​ភព​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស អាយ ឌី ភី និង អេ​ស៊ី​អ៊ី ។

​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ពេញអង្គ​រួមមាន លោក Anne Burns ជា​សាស្ត្រាចារ្យ​ផ្នែក​បង្រៀន​ភាសា​នៅ​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី​, លោក Joe McVeigh ទីប្រឹក្សា​អប់រំ​និង​ជា​គ្រូ​បណ្ដុះបណ្ដាល នៅ Middlebury, Vermont, សហរដ្ឋអាមេរិក និង វាគ្មិន​ជាច្រើន​ទៀត​៕B/