កម្ពុជា​ថ្ងៃ​អនាគត​ត្រូវការ​កូនជាង​ឆ្លងកាត់​តាម​ការហ្វឹកហ្វឺន​យ៉ាង​ត្រឹមត្រូវ​ពី​សាលា​បណ្តុះបណ្តាល​នានា​

280
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ការហ្វឹកហ្វឺន​កូនជាង គឺជា​មធ្យោបាយ​មួយ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​អ្នកធ្វើការ ពោល​មុននឹង​ចូលធ្វើការ គឺ​ត្រូវ​ទទួល​ការហ្វឹកហ្វឺន​តាមរយៈ​នីតិវិធី​មាន​ស្តង់ដារ​ច្បាស់លាស់ ក្នុងនោះ​រួមទាំង​ប្រាក់​ទទួល​មានចែង​ទាំងអស់ ហើយ​ការបណ្តុះបណ្តាល​នៅពេល​ចប់​ទៅ​ត្រូវមាន​ទទួល​វិញ្ញាបណ្ណបត្រ​។​ល​។​

​ការលើកឡើង​ដូច្នេះ​របស់លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា ស្តីពី​ការផ្តល់​សុពលភាព និង​ការយល់ព្រម​លើ​សេចក្តីព្រាង​នីតិវិធី​ការហ្វឹកហ្វឺន​កូនជាង​នៅ​កម្ពុជា លើក​ទី​២ នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២ ដោយមាន​ការចូលរួម​ពី​ក្រសួង ស្ថាបន​ពាក់ព័ន្ធ និយោជក សហជីព អ្នកជំនាញការ​ជាតិ​និង​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​ស​រុ​ប​ជាង​៧០​នាក់​។​

​លោក​បណ្ឌិត​បានលើកឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់​ខែសីហា ឆ្នាំ​២០១៩ ក្រសួង​បានធ្វើការ​ហ្វឹកហ្វឺន​កូនជាង​នៅតាម​សហគ្រាស​គ្រឹះស្ថាន​សរុប​ចំនួន​១១៦,០៣៦​នាក់ ស្រី​៨៥,៤៨១​នាក់​។ ដូច្នេះ​នេះ​ជា​កំណែទម្រង់ ដើម្បី​នីតិវិធី​ការហ្វឹកហ្វឺន​កូនជាង​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ​របស់​យើង សម្រាប់​រោងចក្រ​សហគ្រាស ដែល​អាចអនុវត្ត ក្រោម​ច្បាប់​ស្តីពី​ការងារ ហើយ​ការអនុវត្ត​កន្លងមក យើង​នៅ​មិនទាន់ មាន​នីតិវិធី​សម​ស្របតាម​ស្តង់ដារ​អន្តរជាតិ ក្នុង​តំបន់​នៅឡើយ ដូច្នេះ​បានជា​យើង​ខិតខំរ​កដៃ​អភិវឌ្ឍន៍ ដើម្បី​ជជែក​ពិភាក្សា ក្នុងការ​អភិវឌ្ឍន៍​ឲ្យ​ទៅតាម​ស្តង់ដារ​មួយ ដែលមាន​ជាយា​ន​មួយ​ទៅជា​អន្តរជាតិ​។ ការបញ្ជាក់​របស់លោក​បណ្ឌិត​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍ​នីតិវិធី​ការហ្វឹកហ្វឺន កូនជាង​នៅ​កម្ពុជា​នេះ ពិតជា​មានគុណ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ជាពិសេស​សម្រាប់​ការអនុវត្ត​ការហ្វឹកហ្វឺន​កូនជាង​ប្រកបដោយ​គុណភាព​នាពេល​អនាគត​។ លោក​បន្តថា ដើម្បី​រួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ការងារ​សមរម្យ រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ធំៗ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥​។​

​សូមបញ្ជាក់ថា សិក្ខាសាលា​ខាងលើនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​បង្ហាញ ផ្តល់​សុពលភាព ការយល់ព្រម និង​ទិសដៅ​បន្ត​ក្នុងការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​លើ​សេចក្តីព្រាង​នីតិវិធី ការហ្វឹកហ្វឺន​កូនជាង​នៅ​កម្ពុជា ក្នុងន័យ​ពង្រឹងគុណភាព និង​ការអនុវត្ត​ការហ្វឹកហ្វឺន​កូនជាង ផ្សារភ្ជាប់​ទៅនឹង​ក្របខណ្ឌ​គុណ​វុ​ឌ្ឍ​ជាតិ​។​

​បច្ចុប្បន្ននេះ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​មាន​ចំនួន​៣២៤​នៅ​ទូទាំងប្រទេស​។ គ្រឹះស្ថាន ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ​មាន​ចំនួន​១០៦​គ្រឹះស្ថាន​ក្រោម​ឱវាទ​ក្រសួង​ចំនួន​៣៨ ក្នុងនោះ​មាន​គ្រឹះស្ថាន​ដែល​ទទួលបាន​វិញ្ញាបនបត្រ ISO មាន​ចំនួន​២០ (​គិត​ត្រឹម​ឆ្នាំ​២០១៨) លើ​បទដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕