កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​លឿន​បំផុត​លំដាប់​ទី​៦​លើ​ពិភពលោក

406
ចែករម្លែក
  • 22
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់​ទី​៦​លើ​ពិភពលោក​ដោយ​សម្រេចបាន​កំណើន​ខ្ពស់​តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន​។​នេះ​ជា​ប្រសាសន៍​របស់លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ឯកជន​ស្តីពី​“​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​”​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា​៖​ជាក់ស្តែង​នៅ​ឆ្នាំ ២០១៨​កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន ៧,៥​ភាគរយ​ចំណូល​មធ្យម​សម្រាប់​មនុស្សម្នា​ក់បាន​កើន​ដល់​១.៥៦៣​ដុល្លារ​អត្រា​ភាពក្រីក្រ​ក៏បាន​ធ្លាក់​ចុះមក​នៅត្រឹម​រង្វង់​៩​ភាគរយ​ទេសចរ​អន្តរជាតិ​ទៅជា​ប្រទេស​ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។​

​លោករ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​បច្ចុប្បន្ន កម្ពុ​ជាមាន​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​សរុប​ចំនួន ១២.០០០ មាន​កម្មករនិយោជិត​សរុប ១​លាន ៥​សែន​នាក់ និង​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប ៦​សែន មានកម្ម​ករ​ជាង ២​លាន ៤​សែន​នាក់​។ ផ្លូវ ស្ពាន បណ្តាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន រោងចក្រ សហគ្រាស កសិដ្ឋាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​ទំនើប​អគារ​ខ្ពស់​ក៏​បាននិងកំពុង​រីកដុះដាល​ពាសពេញ​ផ្ទៃ​ប្រទេស និង​បានផ្តល់​ការងារ​ជូន​ប្រជាជន​រាប់លាន​នាក់​។​

​លោក​ជា​សុផារ៉ា​បាន​បន្តថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​តែង​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​មាន​តួនាទី​គន្លឹះ​ក្នុង​ការជំរុញ​កំណើន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។ ជាងនេះទៀត ការពង្រីក​ភាពជា​ដៃគូ រវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន នឹង​ជួយ​អភិវឌ្ឍ​ទីផ្សារការងារ លើកស្ទួយ​សហគ្រាស​ធុន​តូច​-​មធ្យម លើកកម្ពស់​ប្រសិទ្ធភាព​ធុរកិច្ច និង​ពង្រឹង​ការប្រកួតប្រជែង​។​

​គួរ​ជំរាប​ថា​វេទិកាសាធារណៈ​ឯកជន​ស្តីពី “​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​” រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​បង្កើត​ឱកាស​ធុរកិច្ច និង​វិនិយោគ​ពី​ប្រទេស​ជប៉ុន មក​ប្រទេស​កម្ពុជា លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម រួមមាន​ការអភិវឌ្ឍ​អចលនទ្រព្យ ការអភិវឌ្ឍ​សំណង់​លំនៅឋាន ពាណិជ្ជកម្ម​សេវាកម្ម​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​បរិស្ថាន​ទីក្រុង​ដែល​កំពុងមាន​កំណើន​ក្នុង​ល្បឿន​ដ៏​លឿន​។ វេទិកា​លើក​ទី ១ នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន ៥៨ និង​ក្រុមហ៊ុន​កម្ពុជា​ចំនួន ១២៣ បាន​ចូលរួម​៕S/

​ចំណងជើង​រូបថត​៖​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ឯកជន​ស្តីពី​“​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​”​កាលពី​ថ្ងៃទី​២៧ កុម្ភៈ​