កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ពាក់កណ្តាល​ខែមករា​នៅ​សៀមរាប​

•​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី ខណៈ​គណៈប្រតិភូ​អន្តរជាតិ​ប្រមាណ​៣០០​រូប ចូលរួម​

670
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ហៅ​កាត់​ថា​អេ​ស៊ី​ស៊ី (ACC) ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែមករា​នេះ នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​អេ​ស៊ី​ស៊ី​នេះ បាន​ត្រូវគេ​រំពឹងថា មាន​គណៈប្រតិភូ​ប្រទេស​ជា​សមាជិក​របស់​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) ប្រមាណ​៣០០​រូប​ចូលរួម​។​

លោក ប៉ៃ សំបូរ និង​លោក ឯក ថា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ក្នុង​សន្និសីទ​សារពត៌មាន​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ (​រូប​ថ​តៈ​សុផល​)

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​៤ ខែធ្នូ​នេះ លោក ឯក ថា អនុប្រធាន​គណៈកម្មកា​រ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៃ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​ឲ្យ​ដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹងចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​កិច្ចប្រជុំ​នេះ ជា​ផ្លូវការ នៅ​ថ្ងៃទី​១៥ ខែមករា នៅ​ទី​លានជល់ដំរី ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ ដែលមាន​អ្នកចូលរួម​ប្រមាណ​៣០០​រូប​រួមមាន ឥស្សរជន​ជាន់ខ្ពស់​សំខាន់ៗ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ពី​ក្នុង​តំបន់ និង​ឥស្សរជន​ដទៃទៀត​ជា​សមាជិក ICAPP​។ ព្រម​ជាមួយគ្នានេះ ក៏មាន​សិល្បករ សិល្បៈការិនី​ល្បីៗ មកពី​ជាង​១០​ប្រទេស ធ្វើការ​សម្តែង​សិល្បៈ ដើម្បី​ស្វាគមន៍​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែលមាន​ការិយាល័យ​នៅ​កម្ពុជា​ផងដែរ​។​

​លោក បាន​បញ្ជាក់ថា គោលបំណង​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​និង​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក លើកកម្ពស់​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប លើកកម្ពស់ សម្បត្តិ​វប្បធម៌​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិច្ចសហការ​អន្តរជាតិ និង​ការផ្សារភ្ជាប់​អារ្យធម៌ និង​កសាង​នូវ​ទ្វីបអាស៊ី​មួយ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​។ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC) ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ ជា​ដៃគូ សហប្រតិបត្តិការ តាមរយៈ ICAPP ដែលមាន​សមាជិក​ចំនួន​៣៥២​គណបក្ស រួមទាំង​គណបក្ស​កំពុងកាន់​អំណាច និង​គណបក្សប្រឆាំង​មកពី​៥២​ប្រទេស នៅ​ទ្វីបអាស៊ី​។​

​ក្រុមប្រឹក្សា​នេះ ត្រូវបាន​បង្កើតឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៊ី ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​គួរឱ្យ​កោតសរសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ ICAPP និង​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​។​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៊ី ត្រូវបាន​ប្រគល់​តួនាទី​ឱ្យ​រៀបចំ​ឯកសារ​គោល សម្រាប់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ ICAPP ដែល​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​២៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ខែកញ្ញា ឆ្នាំ​២០១៦​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ឯកភាព​ឲ្យ​ធ្វើជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី សម្រាប់​ចូលរួម​លើកកម្ពស់​ការតភ្ជាប់​វ​ប្ប​ធម៌ និង​សង្គម​រវាង​ទ្វីបអឺរ៉ុប និង​អាស៊ី ដើម្បី​ជា​ប្រយោជន៍​ដល់​ការរក្សា​សន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រង​បម្រែបម្រួល​ធាតុ ជំនួយ​មនុស្សធម៌ ការជួយ​សង្គ្រោះ​ប្រជាជន​ក្នុង​គ្រោះមហន្តរាយ និង​ការតភ្ជាប់​ទំនង​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​។​
​លោក ប៉ៃ សំបូរ ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បានបញ្ជាក់​បន្ថែមថា សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបានតែងតាំង​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ឯ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ICAPP ក៏ត្រូវ​បានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ក្នុង​ខែឧសភា ឆ្នាំ​២០១៨ ដោយ ICAPP​។​

​លោក ប៉ៃ សំបូរ បាន​បន្តថា ដោយឡែក អនុប្រធាន​៣​រូប​ផ្សេងទៀត​ក្នុង​បោះ​មាន​ស្ត្រី​២​រូប ដែល​ត្រូវបានតែងតាំង​ដោយ ICAPP មកពី​ប្រទេស​ចិន គឺ​លោក Guo Yezhou ជា​អនុប្រធាន ICAPP, មកពី​ប្រទេស នេ​ប៉ាល់ គឺ លោកស្រី Sujata Koiral ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ICAPP និង​មកពី​ប្រទេស​រុស្ស៊ី គឺ​លោកស្រី Andrey Klimov សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ICAPP​។​សម្រាប់​តំណែង ជា​អគ្គនាយក​របស់ ACC គឺ លោក សួស យ៉ា​រ៉ា សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​ជម្រាប​ថា​ប្រទេស​កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែលជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់ ICAPP (​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​)​។ ការណ៍​នេះ​មិនមែនជា​រឿង​ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​ជា​ប្រវត្តិ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ អាយ​ស៊ី​ស៊ី​-​អង្គរ ចាប់តាំងពី​ឆ្នាំ​១៩៩២ មក ក្នុង​វិស័យ​វប្បធម៌ ដោយមាន​សម្បត្តិ​វប្បធម៌​កម្ពុជា​ចំនួន​០៥ ផ្សេងទៀត​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​យ៍​។​

​ពេលនេះ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ ជា​ដៃគូ សហប្រតិបត្តិការ តាមរយៈ ICAPP ដែលមាន​សមាជិក​ចំនួន ៣៥២ គណបក្ស រួមទាំង​គណបក្ស​កំពុងកាន់​អំណាច និង​គណបក្សប្រឆាំង មកពី ៥២​ប្រទេស នៅ​ទ្វីបអាស៊ី​៕ ល​