កម្ពុជា​ទាមទារ​ឲ្យ​អាមេរិក​បំពេញ​កាតព្វកិច្ច​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

484

(​ភ្នំពេញ​)៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម បានទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​បំពេញ​កាតព្វកិច្ច GSP-DFQF ដែល​បាន​សន្យា​ក្នុងនាម​ជា ប្រទេស​អភិវឌ្ឍន៍​ថា នឹង​ផ្តល់ជូន​កម្ពុជា​និង​ប្រទេស​អភិវឌ្ឍ​ន៍តិចតួច​ដទៃទៀត​នូវ​ការអនុគ្រោះ​ពន្ធ ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​

​យោងតាម​ព័ត៌មាននៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​ផេ​ក​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ជំនួបរវាង​លោក ឱក ប៊ុង រដ្ឋលេខាធិការ តំណាង​ឲ្យ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង លោកស្រី Marta Prado នាយក​កិច្ចការ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក អមដំណើរ​ដោយ​លោកស្រី Desiree GANZ នាយក​ផ្នែក​ការងារ​តំណាង​ពាណិជ្ជកម្​សហរដ្ឋអាមេរិក លោក Scott Schlossberg មន្ត្រី​នយោបាយ​សេដ្ឋកិច្ច និង​លោក David Sequeira មន្ត្រី​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ នៅ​ទី​ស្តី​ក្រសួង​។​



ថ្លែង​ក្នុងជំនួប​នោះ លោក​រដ្ឋលេខាធិការ លើកឡើងថា យោងតាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម របស់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សន្យាថា នឹង​ផ្តល់​ឲ្យប្រទេស​អភិវឌ្ឍន៍​តិចតួច (​ក្នុងនោះ​រួមមាន​កម្ពុជា​) នូវ​ការអនុគ្រោះ​ពន្ធ​នាំចូល​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ អាមេរិក​ឲ្យ​បាន​យ៉ាងតិច​៩៧​ភាគរយ ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី​-​កូតា​សេរី (GSP-DFQF) របស់​អង្គការ WTO​។ ប៉ុន្តែ​គិត​មក​ត្រឹម​ឆ្នាំ​២០១៧​នេះ ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​២​របស់​កម្ពុ​ជាមួយនេះ បានផ្តល់​នូវ​ការអនុគ្រោះ​ពន្ធ​ត្រឹមតែ​៨២,៦​ភាគរយ​តែប៉ុណ្ណោះ​។

​លោក ឱក ប៊ុង លើកឡើង​បន្តថា ប្រទេស​អភិវឌ្ឍន៍​មួយចំនួនធំ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ទៅតាម​ការសន្យា​របស់​ប្រទេស​នីមួយៗ​រួចរាល់​ហើយ ក្នុងនោះ​ប្រទេស​អូស្ត្រាលី ណូ​វែ​ល​ហ្សឺ​ឡង់ ណរ​វ៉េ និង​ស្វីសបាន​ផ្តល់នូវ​ការអនុគ្រោះ​ពន្ធ​ចំនួន​១០០​ភាគរយ សហគមន៍​អឺរ៉ុប​បានផ្តល់​ចំនួន​៩៩​ភាគរយ ក្រោម​ក្របខ័ណ្ឌ EBA (Everything But Arms) កាណាដា​៩៨,៦​ភាគរយ ជប៉ុន​៩៧,៩​ភាគរយ និង​ចិន បានផ្តល់​៩៧​ភាគរយ​។

លោក​បាន​បញ្ជាក់ទៀតថា មុខទំនិញ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា ក្នុង​រង្វង់​៨២,៦​ភាគរយ នោះ​មិនមាន​ផលិតផលសក្តានុពល​សំខាន់ៗ ដែល​កម្ពុជា​អាច​ផលិតនិង​នាំ ចេញទៅ​កាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ក្នុងនាម​ជា​ប្រទេស​ក្រីក្រ​នោះទេ ពោលគឺ​ផលិតផល​សក្តានុពល ទាំងនោះ ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​ដទៃទៀត ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​កម្ពុជា​ដែរ​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​លេខាធិការ​បានស្នើ​ឲ្យ​ភាគី​អាមេរិក​ដាក់បញ្ចូល​មុខទំនិញ​សំខាន់ៗ របស់​កម្ពុជា រួមមាន​៖ ខោ អាវ ផលិតផល​ធ្វើ​អំពី​ឡែ​ន និង​ផលិតផល​ផ្សេងទៀត​ស្ថិតនៅក្នុង​លេខ​កូដ ៣៣៨, ៣៣៩, ៣៤៧, ៣៤៨, ៦៤៧, ៦៤៨, ៣៣៤, ៦៣៤, ៦៣៨, ៦៣៩, ៣៣៥ និង​៦៣៥ ឲ្យ​ស្ថិតក្នុង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដើម្បី​ធានាថា​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​ពី​ការនាំចេញ​ទៅកាន់ សហរដ្ឋអាមេរិក​។

​ជាការ​ឆ្លើយតប​ភាគី​អាមេរិក​លោកស្រី Marta Prado បានស្នើ​ឲ្យ​ភាគី​កម្ពុជា​ពិនិត្យឡើងវិញ​នូវមុខ ទំនិញ​ដែល​កម្ពុជា​ទទួល​បានកា​រ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក ស្រប​ពេលដែល​អាមេរិក​បាននិងកំពុង ប្រកាស​ឲ្យ​បណ្តា​ប្រទេស​ដែល​នឹងត្រូវ​ទទួលផល​ក្រោម​ច្បាប់​របស់ខ្លួន ពិនិត្យឡើងវិញ​នូវ​ប្រព័ន្ធអនុគ្រោះ​ពន្ធ (GSP) សម្រាប់​ឆ្នាំ​២០១៧​។ ភាគី​អាមេរិក ក៏បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ចូលរួម​ពិនិត្យ បន្ថែម​លើ​សេចក្តីព្រាងច្បាប់​ស្តីអំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្តីព្រាងច្បាប់​ស្តីអំពី​ការដោះស្រាយវិវាទ ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕​ដោយ​: ពៅ និមល​/sn