កម្ពុជា​ទោះបី​រីកចម្រើន​វិស័យសេដ្ឋកិច្ច​អំពើហិង្សា​និង​រំលោភបំពាន​លើ​ស្ត្រី​និង​ក្មេងស្រី​នៅតែ​ជា​បញ្ហា​ប្រឈម​

365
ចែករម្លែក
  • 12
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​អំពើហិង្សា​លើ​ស្ត្រី​ជា​ទម្រង់​សកម្មភាព​រំលោភបំពាន​នានា​ដែល​ចាត់ទុកថា​ជាការ​រំលោភ​សិទ្ធិមនុស្ស​និង​មូលដ្ឋានគ្រឹះ​នៃ​សេរីភាព​របស់​ស្ត្រី​។​

ទោះបី​ជាមាន​ភាព​រីកចំរើន​នូវ​វិស័យសេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា​តែ​បញ្ហា​សង្គម​ពិសេស​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា នៅតែ​ជា​កត្តា​ប្រឈម​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ អប់រំ សុខភាព អភិឌ្ឍន៍​សេដ្ឋកិច្ច សន្តិសុខ និង​សន្តិភាព​របស់​ពួកគេ រួមទាំង​គ្រួសារ និង​សហគមន៍ និង​ការអភិវឌ្ឍន៍​សង្គមជាតិ​។​

​អត្រា​នៃ​អំពើហិង្សា​ផ្លូវភេទ​ទៅលើ​ស្ត្រី និង​ក្មេងស្រី​ដែលជា​កត្តា​គំរាម​គំហែង​ទៅ​ការអនុវត្តន៍ និង​ការការពារ​សិទ្ធិ​ឲ្យ​បាន​ពេញលេញ​សម្រាប់​ស្ត្រី​និង​ក្មេងស្រី​នៅតែមាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សំគាល់​បើតាម​របាយការណ៍​និង​ការស្រាវជ្រាវ​ដែល​បានបង្ហាញ​កន្លងមក​។​

តាមរយៈ​របាយការណ៍​របស់​អង្គការ​លីកាដូ​ក្នុង​ឆ្នាំ​២០១៧ មាន​ករណី​អំពើហិង្សា​ផ្លូវភេទ​កើតឡើង​ចំនួន ១៤៧​ករណី​ក្នុងនោះ​មាន​១២៥​ករណី​ជា​ករណី​រំលោភ​សេពសន្ថវៈ​និង​៦​ករណី​ជា​ករណី​រំលោភ​សម្លាប់​ដែល​ជន​រង គ្រោះ​ទាំងអស់​ជា​ស្ត្រី និង​ក្មេងស្រី​។

​បើ​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០១៨​មាន​ករណី​ហិង្សា​លើ​ក្មេងស្រី​ប្រមាណ​១១០​ករណី​ក្នុងនោះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​មាន​៩០​ករណី និង​រំលោភ​សម្លាប់​មាន​៨​ករណី​។ ទន្ទឹមនឹង​នេះដែរ ការស្ទង់មតិ​ជាតិ ស្តីពី​សុខភាព​របស់​ស្ត្រី និង​បទពិសោធន៍​ជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ ដោយ​ក្រសួងផែនការ (MoP) និង​ក្រសួង​កិច្ចការនារី​(MoWA)​បាន​បង្ហាញថា​៖ម្នាក់​ក្នុងចំណោម​៥​នាក់​នៃ​ស្ត្រី​អាយុ​ចន្លោះ​ពី​១៥-៦៤​ឆ្នាំ​បាន​រាយការណ៍​ថា​មានបទពិសោធន៍​ទទួលរង​នូវ​អំពើហិង្សា​ផ្លូវកាយ​/​ផ្លូវភេទ។​ដោយ​ដៃគូ​ស្និត​ស្នាល​នៅក្នុង​ជីវិត​របស់​ពួកគេ​ហើយ​ភាគច្រើន​នៃ​ពួកគេ​និយាយថា​អំពើហិង្សា​ទាំងនោះ​កើតឡើង​ជា​ញឹកញាប់​មិន​មែ ន​កើត​តែម្តង​នោះទេ​។

ស្ត្រី​២០​ភាគរយ​បាន​រាយការណ៍​ថា​ការ​រួមភេទ​លើកដំបូង គឺមាន​ការបង្ខិតបង្ខំ​ពី​ដៃគូ​ដែលជា​បុរស​។​ស្ត្រី​៤៩​ភាគរយ​ដែលមាន​បទពិសោធន៍​នៃ​អំពើហិង្សា​ពី​សំណាក់​ដៃគូ​ស្និត​ស្នាល​បាន​រាយការណ៍​ថា ពួកគេ​មិនបាន​ប្រាប់​អ្នក​ដ៏​ទៃ​អំពើហិង្សា​ដែល កើតមានឡើង​នោះទេ​។ ស្ថានភាព​នៃ​អំពើហិង្សា និង​ផលប៉ះពាល់ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ និង​យូរអង្វែង​សម្រាប់​ស្ត្រី ដែលមាន​ពិការភាព​។

​យើង​សង្កេតឃើញថា​ជនរងគ្រោះ នៃ​អំពើហិង្សា​ផ្លូវភេទ​និង​ការរំលោភ​ផ្លូវភេទ​ដែល​ភាគច្រើន​លើ សលប់​ជា​ស្ត្រី និង​ក្មេងស្រី បន្ត​ទទួលរង​អំពើហិង្សា និង​ការរើសអើង​រំលោភ​សិទ្ធ​បន្ត​ពី​សង្គម ដោយ​ទទួល​នូវ​ការ​ទំលាក់កំហុស​ស្តីបន្ទោស​និង​ពុំ​ទទួលបាន​យុត្តិធម៌​សមស្រប​ទៅតាម​ផ្លូវច្បាប់​ពេញលេញ​នៅឡើយ​។​

នៅក្នុង​វេទិកា​ស្តីពី​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារី​ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​និង​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍ កាលពី​រសៀល​ថ្ងៃទី​៥​ខែ មីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ សាន់វ៉េ រាជធានី​ភ្នំពេញ លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិការ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការគោរព​តាម និង​អនុវត្ត​នូវ​ក្រម​ប្រតិបត្តិ ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់ ការរាយការណ៍ ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​។​

​លោកស្រី រស់ សុភាព ក៏បាន​ស្នើ​ឲ្យ​បញ្ចប់​ការ​ទំលាក់កំហុស និង​បន្ទោស​ទៅលើ​ជនរងគ្រោះ នៃ​អំពើហិង្សា​ផ្លូវភេទ ជាពិសេស​ជនរងគ្រោះ នៃ​ការរំលោភ​សេពសន្ថវៈ ដោយ​លើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​ប្រកបដោយ​ក្រមសីលធម៌ បន្ត​ពង្រឹង​ការលើកកម្ពស់​ការយល់​ដឹង ដល់​មន្ត្រី​ដែលមាន​តួនាទី និង​ប្រជាពលរដ្ឋ​ទូទៅ​។​

នាយិកា​ប្រតិបត្តិការ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ រូបនេះ បាន​បញ្ជាក់ថា បទល្មើស​នៃ​ការរំលោភ​សេពសន្ថវៈ មិនមែនជា​កំហុស​របស់​ជនរងគ្រោះ តែ​ជា​កំហុស​របស់​ជន​ប្រព្រឹត្ត​តែមួយគត់​។ លោកស្រី​បានលើកឡើង​ថា​៖ ត្រូវ​បន្ត​ពង្រឹង​ការអនុវត្តន៍​ច្បាប់ព្រហ្មទណ្ឌ ឲ្យ​មាន​ប្រសិទ្ធិភាព ដែល​ជានា​នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

ជាមួយគ្នា​នោះ តំណាង​អង្គការក្រៅរដ្ឋាភិបាល និង​សម្លេង​ស្ដ្រី​វ័យក្មេង ក៏បាន​ស្នើ​សូម​ឲ្យ​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី បង្កើត​នូវ​យន្តការ​តាមដាន និង​វាយតម្លៃ​ចំពោះ បណ្តាញសារព័ត៌មាន ក្នុងការ​អនុវត្ត​ក្រម​ប្រតិបត្តិ ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍ ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​។​

​លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ការរំលោភបំពាន​លើ​ស្ត្រីភេទ ជាពិសេស​ការរំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រី នៅតែ​ជា​បញ្ហា​ប្រឈម​។​បញ្ហា​នេះ​ត្រូវការ​ការរួម​គ្នា​ដើម្បី​កាត់បន្ថយ​និង​ឈានទៅ​លុបបំបាត់​បញ្ហា​នេះ​។​
​លោក​បាន​គូសបញ្ជាក់ថា​សារពត៌មាន មាន​តួនាទី​និង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​តម្លៃ​ស្ត្រី​ខ្មែរ ។​តែ​នៅមាន​ភាពខ្វះ​ចន្លោះ​នៅក្នុង​វិស័យ​សារពត៌មាន​ក្នុងការ​ផ្សាយ និង​អធិប្បាយ​ពាក់ព័ន្ធ​ករណី​រំលោភបំពាន​នេះ​។​
​លោក​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​ចង់ឱ្យ​អ្នក​សារពត៌មាន​ចៀសវាង​ការសរសេរ​និង​អធិប្បាយ​បែប​លែបខាយ និង​ទម្លាក់កំហុស​លើ​ជនរងគ្រោះ ផ្ទុយទៅវិញ ត្រូវ​សរសេរ​ការពារ​ស្ត្រីជន​រងគ្រោះ និង​សរសេរ​ដាក់បន្ទុក​លើ​ជន​ប្រព្រឹត្តិ​ល្មើស​។​

យោងទៅតាម​ស្ថានភាព​នៃ​ការ​កង្វះខាត​នៅក្នុង​ការធានា បំពេញ និង​គោរព​សិទ្ធ​នារី​ភេទ តំណាង​អង្គការក្រៅរដ្ឋាភិបាល និង​សម្លេង​ស្ត្រី​វ័យក្មេង សូម​ជម្រុញ​ឲ្យ​មានការ​យកចិត្ត​ទុក្ខ​ដាក់ និង​ស្នើរ​សុំ​ដូច​ចំណុច​ខាងក្រោម​៖​បញ្ចប់​ការ​ទំលាក់កំហុស និង​បន្ទោស​ទៅលើ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ផ្លូវភេទ​ជាពិសេស​ជនរងគ្រោះ​នៃ​ការរំលោភ​សេ​ពស​ន្ថេ​វៈ ដោយ​លើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្រកបដោយ ក្រមសីលធម៌ បន្ត​ពង្រឹង​ការលើកកម្ពស់​ការយល់​ដឹង​ដល់​មន្ត្រី​ដែលមាន​តួនាទី និង​ប្រជាពលរដ្ឋ​ទូទៅ​។

បទល្មើស​នៃ​ការរំលោភ​សេ​ពស​ន្ថេ​វៈ​មិនមែនជា​កំហុស​របស់​ជនរងគ្រោះ តែ​ជា​កំហុស​របស់​ជន​ប្រព្រឹត្ត​តែមួយគត់​។​បន្ត​ពង្រឹង​ការអនុវត្តន៍​ច្បាប់ព្រហ្មទណ្ឌ​ឲ្យ​មាន​ប្រសិទ្ធិភាព ដែល​ជានា​នូវ​យុត្តិធម៌​ដល់​ជន​រង គ្រោះ​។ នេះ​គឺ​បូករួម​ទាំង​ការលុបបំបាត់​និ​ទណ្ឌ​ភាព​សម្រាប់​ជនល្មើស ដើម្បី​ធានា​ការរក្សា​សុខ​សុវត្ថិភាព​ដល់​ជនរងគ្រោះ និង​ស្ត្រី​ព្រមទាំង​ក្មេងស្រី​ដទៃទៀត និង​មិន​អនុវត្តន៍​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលា​ដែលជា​កត្តា​រាំងស្ទះ​ដល់​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​។​ជម្រុញ​ឲ្យ​មានការ​គោរព​តាម និង​អនុវត្ត​នូវ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​។

បន្ទាប់ពី​ការខិតខំ​ប្រឹង​របស់​រា​ជ​រដ្ឋាភិបាល​នៅក្នុង​ការលើកកម្ពស់​សិ​ទ្ធិ​ស្ត្រី និង​គុណភាព​ក្រមសីលធម៌​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន តាមរយៈ​ការបង្កើត​ឲ្យ​មាននូវ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការបន្ត​ពង្រឹង​ការអនុវត្ត​នូវ​ការ​សរសរ​អធិប្បាយ ផ្សព្វផ្សាយ និង​ស្វែងរក​ព័ត៌មាន​ប្រកបទៅដោយ​ការគោរព​សិទ្ធ​ដល់​ជនរងគ្រោះ​។

ប្រព័ន្ធ​សារព័ត៌មាន​នឹង​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​និង​ការបន្ត​លើកកម្ពស់​សិទ្ធិនារី​ភេទ​។​សូម​ក្រសួង​ព័ត៌មាន​និង​ក្រសួង​កិច្ចការនារី​បង្កើត​នូវ​យន្តការ​តាមដាន​និង​វាយតម្លៃ​ចំពោះ​បណ្តាញសារព័ត៌មាន​ក្នុងការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​៕S/