កម្ពុជា​ធ្លាប់​ក្រី​ក្រលំបាក​ខ្លាំងណាស់ យើង​មិន​វិល​ថយក្រោយ​ជាដាច់ខាត​

765
ចែករម្លែក

​ខាងលើ​គឺជា​ប្រសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គូសបញ្ជាក់ យ៉ាងច្បាស់​នៅ ថ្ងៃទី​១៣ ខែកុម្ភៈ ស្រប​ពេលដែល​សហភាព​អឺរ៉ុប​កំពុងដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង គ្រឿង​អាវុធ (​អ៊ី​ប៊ី​អេ​,EBA)» ពី​ប្រទេស​កម្ពុជា ។

​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​ម្នាក់ ដែល​ធ្លាប់បាន​ហែល​ឆ្លងកាត់​នូវ​ឧបសគ្គ​រាប់មិនអស់​ទាំង​ផ្អែមល្ហែម ទាំង​ជូរចត់ ជាមួយ​ជោគវាសនា​នៃ​ប្រជាជាតិ​មួយ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក គឺ​ពិតជា​ទទួលរង​នូវ​ការឈឺចាប់​ច្រើនពេក​ហើយ ។ ជា​អ្នក​សង្គ្រោះ​ប្រទេសជាតិ​ឲ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ជា​អ្នក​គូសវាស​កសាង​ប្រទេស​កម្ពុជា ឡើងវិញ​តាំងពី​មានតែ​គំនរ​ផេះផង់ ពី​បាត​ដៃទទេ ពី​ក្នុង​សភាព​ក្រីក្រ និង​តោកយ៉ាក​បំផុត បែរជា​ត្រូវ​ទទួលរង​នូវ​ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌​ពី​សហគមន៍​អន្តរជាតិ ។ ជា​ទណ្ឌកម្ម​ដែល​គេ​បានដាក់​ទៅលើ​អ្នកក្រ ។ ជា​ទណ្ឌកម្ម​ដែល​គេ​បានដាក់​ទៅលើ​ជនរងគ្រោះ​ពី​របប​ប្រល័យពូជសាសន៍ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា ពេលនេះ​យើង​ងើបឈរ​ដោយ​ខ្លួនឯងបាន ហើយ​ត្រូវតែ​បន្ត​ប្រឹងប្រែង​ទៅមុខទៀត​ជាមួយនឹង​ក្តីសង្ឃឹម​ជឿជាក់ ដោយ​មិនត្រូវ​ឲ្យ​មាន​អ្វី​មក​រំខាន​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​ឡើយ ។
​ ​
ជា​ការពិតហើយ ការបើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ អនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ គឺមាន​របៀបវារៈ​នយោបាយ​នៅ​ពី​ខាងក្រោយ មិន​យុត្តិធម៌ មិន​ស្មោះត្រង់ មាន​ភាព លំអៀង ហើយ​ចេតនា​ពិតប្រាកដ គឺ​ប៉ុនប៉ង​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ចកម្ពុជា ក្រោយពី​គេ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ខាង នយោបាយ ។ យើង​មានតែ​ការសោកស្តាយ​ប៉ុណ្ណោះ ចំពោះ​អ្វីដែល​សហគមន៍​អឺរ៉ុប​កំពុងតែ​ធ្វើ​មកលើ​កម្ពុជា ពីព្រោះថា តាំងពី​ឆ្នាំ​២០០១​មក ប្រទេស​កម្ពុជា​បានទទួល​ការអនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ លើ​ទំនិញ​នាំ​ចេញទៅ​សហភាព​អឺរ៉ុប ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ៦.០០០​លាន​ដុល្លារ​អាម៉េរិក ក្នុង​មួយឆ្នាំ ហើយពី​ក្នុង​ទឹកប្រាក់​នាំចេញ​នេះ នាំ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកា​ជិត ៧០០​លាន​ដុល្លារ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ។ ដូច្នេះ​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នោះ​កម្ពុជា​នឹងត្រូវ​ខាង​បង់​ថវិកា​ជិត ៧០០​លាន​ដុល្លារ សម្រាប់​ការបង់ពន្ធ ។​
​ ​
អ្វីដែល​យើង​ត្រូវ​ចោទសួរ​នៅពេលនេះ​គឺថា តើ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​ត្រូវតែ​ដាក់លក់ ក្នុងតម្លៃ ៧០០​លាន​ដុល្លារ​នោះ​ឬ​? កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​កិច្ចសហការ ដ៏​ស្មោះត្រង់​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ក្នុង​ភាពជា​ដៃគូ​ដែល​គោរព​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ដៃគូ​មួយចំនួន​បាន​ឆ្លៀត កេងចំណេញ​យ៉ាង​ស្មោគគ្រោក​បំផុត​ពី​ភាពស្មោះត្រង់​របស់​យើង ។ សហគមន៍​អឺរ៉ុប​និយាយ​អំពី​គោលការណ៍​ពហុបក្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធ​សេរីភាព ក្នុង​ការធ្វើ​នយោបាយ ។​ល​។ ប៉ុន្តែ​គោលការណ៍​ពហុបក្ស​រប​ស់​សហគមន៍​អឺរ៉ុប គឺ​ត្រូវតែមាន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ដោះលែង កឹម សុខា ដែល​ពេលនេះ គណបក្ស​មួយ​នេះ ត្រូវបាន តុលាការ​រំលាយចោល ហើយ កឹម សុខា កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​ដោយសារ តែ​អំពើ​ក្បត់ជាតិ​របស់ខ្លួន ។ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធ​សេរីភាព​របស់ សហគមន៍​អឺរ៉ុប​វា​ទាល់​តែមាន​របស់​ដែល​ហៅថា អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃ ទៀត​នៃ​សង្គម​ស៊ីវិល ដែល​ដំណើរការ​ទៅដោយ​គ្មាន​ការ​រឹតត្បិត ។ ហេតុអ្វី​បានជា​គេ​មិន​ព្រម យក​ភ្នែក​មើល​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ដែល​បាន​បើកទូលាយ​លំហរ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធ​សេរីភាព​? ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ឆ្នាំ​២០១៨ មាន​គណបក្ស ២០​បាន​ចូលរួម​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​។ ប្រធាន​គណបក្ស នីមួយៗ​បាន​តស៊ូ​មតិ​គ្នា​ទៅលើ​កម្មវិធី​នយោបាយ​នៃ​គណបក្ស​រៀងៗ​ខ្លួន ។ ក្រោយពេល​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​រួចហើយ អ្នកចាញ់​ក៏​ទទួលស្គាល់ថា​ចាញ់ ឯ​អ្នកឈ្នះ​ក៏​ទទួលយក​ការ​ឈ្នះ ហើយ​រៀបចំ​រាជរដ្ឋាភិបាល​បន្ត​ដឹកនាំ​ប្រទេស​ទៅមុខទៀត ។ ក្រោយ​ការបោះឆ្នោត សភាពការណ៍​ស្ងប់ស្ងាត់​ល្អ​ណាស់ ។ ឬមួយ​ក៏​សម្រាប់​សហគមន៍​អឺរ៉ុប ការបោះឆ្នោត​មួយ​ដែល​ត្រូវ​តាម​ស្តង់ដារ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ត្រូវតែមាន​ការបង្ហូរ ឈាម​គ្នា ការធ្វើ​បាតុកម្ម ហិង្សា បង្ក​ឲ្យ​មាន​ចលាចល ជា​ចលនា​នៃ​បដិវត្តន៍​ពណ៌​យ៉ាង​ជាក់ច្បាស់ ដូច​កាលពី​ឆ្នាំ​២០១៣? សម្រាប់​សហគមន៍​អឺរ៉ុប​ដដែល​នេះ​សិទ្ធ​សេរីភាព​មួយ​ដែល​ត្រូវ​តាម ស្តង់ដារ​របស់ខ្លួន វា​ចាំបាច់​ត្រូវតែមាន វិទ្យុ​សម្លេង​សហរដ្ឋ​អាម៉េរិក វិទ្យុ​អាស៊ីសេរី កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេលី ឬ​វា​ទាល់​តែមាន​ក្រុមមនុស្ស​ដែលមាន​ការចាត់តាំង​ជ្រក​ក្រោម​ស្លាក សហជីព​ទៅ​ពន្យុះ​កម្មករ​ឲ្យ​ដុតបំផ្លាញ​រោងចក្រ​សហគ្រាស ដូច​កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤? ប្រព័ន្ធ​ឃោសនា​ទាំងអស់នោះ រាជរដ្ឋាភិបាល​មិនបាន​បិទ​ទេ គឺ​ពួកគេ​បាន​រើ​កញ្ជើ​ចាកចេញ ពី​កម្ពុជា​ដោយ​ខ្លួនឯង ដោយសារ​គេ​មិនបាន​គោរព​ត្រឹមត្រូវ​តាម​ប​ញ្ញ​តិ្ត​ច្បាប់​របស់​កម្ពុជា ពិសេស​ទាក់ ទិន​នឹង​ការបង់ពន្ធ ដែល​សូម្បីតែ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ខ្លួនឯង ក៏​មិន​លើកលែង​ដែរ បើទោះជា​អ្នកនោះ​គ្រាន់តែ​ជា​កីឡាករ​ម្នាក់ ឬ​ជា​តារា​សម្តែង​ម្នាក់​ក៏ដោយ ។ រហូតមកដល់​ពេលនេះ ប្រព័ន្ធ​ឃោសនា ទាំងនោះ​អាចមក​បើក​ទីស្នាក់ការ​របស់ខ្លួន​នៅ​កម្ពុជា ជាធម្មតា​សំខាន់​ត្រូវគោរព​ច្បាប់​របស់​កម្ពុជា ។ គេ​ត្រូវតែ​ពិនិត្យមើល​ឲ្យ​កាន់តែច្បាស់​ទៀតថា បើ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តាច់ការ ហេតុអ្វី​មកដល់ពេលនេះ មាន​សមាគម​អង្គការ​ចំនួន ២.២៨៦ អង្គការ NGO ក្នុងស្រុក​ចំនួន ៣.២២១ និង​អង្គការ NGO បរទេស​ចំនួន ៣៩៧ កំពុងតែ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា ?
​ ​
មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មាន​ប្រទេស​ខ្លះទៀត និង​បុគ្គល​ខ្លះទៀត ថែមទាំង​និយាយ​គំរាមថា ទ្រនិចនាឡិការ​របស់​ខ្លួន​បានចាប់ផ្តើម​ដើរទៅ​មុខ​ឆ្ពោះទៅ​ការដក​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ​ពួកនេះ បាន​ក្លែមសម្តី​ថា ពួកគេ​នៅ​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែលម្អ ស្ថានការណ៍​មុនពេល​ដែល​ការដកហូត​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចូល​ជា​ធរមាន​នៅក្នុង​រយៈពេល ១៨​ខែ ទៀត ។ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​យល់ច្បាស់​ណាស់​អំពី​រឿងនេះ​ហើយ​សូម​ផ្តល់ ដំបូន្មាន​ទៅវិញ​ថា ទោះ​ទ្រនិចនាឡិកា​របស់​អ្នក​វិល​ទៅ​ទិស​ខាង​ណា ឬក៏​វិល​ធ្លាក់​ដាច់ចេញ ពី​ក្នុង​នាឡិកា​របស់​អ្នក​ក៏ដោយ ក៏​សូម​អញ្ជើញ​វិល​តាម​ដំណើរ​ទៅ​ចុះ ។ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ខិតខំ​ធ្វើកំណែទម្រង់​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​ផលិតផល​កម្ពុជា​និង​ពង្រឹង​ឯករាជ្យ ភាព​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹងមាំ ។​
​ ​
បើ​ពួក​បណ្តា​ប្រទេស​អឺរ៉ុប​របស់​អ្នក​បានឃើញ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៧៩​ដែល​ទើប​ងើប​ចេញពី ទីន​រក​នៃ​របប​ប្រល័យពូជសាសន៍ ហើយ​ត្រូវ​ពួក​អ្នក​ដាក់ទណ្ឌកម្ម​ដោយ​អគតិ​ទៀតផង​នោះ អ្នក​ប្រាកដជា​មិន​ហ៊ាន​ប្រើពាក្យ​ទាំងនេះ​ទេ ក្នុងស្ថានភាព​កម្ពុជា​ប​ច្ចុ​ប្បន្ន​ដែលមាន​ខឿនសេដ្ឋកិច្ច រឹងមាំ មាន​សុខសន្តិភាព​ពេញលេញ និង​កំពុង​ការពារ​បាន​ខឿន​ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរ​ភាព​ទឹកដី​ដ៏​សុខក្សេមក្សាន្ត​យ៉ាងនេះ ។ ប៉ុន្តែ​ក​ប្រជាជន​ម្ពុ​ជា​ជា​ប្រជាជាតិ​មួយ​ស្លូតបូត សុភាពរាបសារ តែ​សូម​ចាំ​ឲ្យ​ច្បាស់​ថា មិន​ឱន ក្បាល​ទេ កម្ពុ​ជាមួយ​រឹងមាំ តែ​មិន​ទន់ជ្រាយ​ទេ យើង​នៅតែ​ចង់​ធ្វើ និង​បន្ត​ធ្វើជា​មិត្ត​ល្អ ជា​ដៃគូ​ល្អ ជា​បងប្អូន​ល្អជា​មួយ​បណ្តា​ប្រទេស​ទាំងអស់ នៅលើ​ពិភពលោក ហើយ​ដែល​ប្រទេស​ទាំងនោះ​ចង់​ក៏​ឃើញ​កម្ពុជា​រីកចម្រើន​ទៅមុខ​ពិតប្រាកដ ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសជាតិ​ផង​ខ្លួន ៕ ដោយ​: លី​ទួង​