កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃទី​១-៤​ធ្នូ​នៅ​សៀមរាប​

700
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្ពុជា នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBCs) លើក​ទី​១៤ ដែល​ប្រ​ព្រឹទ្ធ​ទៅ​នៅ​សណ្ឋាគារ​អង្គរ​សិន​ជូ​រី ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១-៤ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បន្តថា កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុម​លេខាធិការ GBC កម្ពុជា​។ ចំណែក​ប្រតិភូ​ថៃ ដែល​អញ្ជើញ​ចូលរួម​ក​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Kumron Keawichayjane ប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​លេខាធិការដ្ឋាន GBC នៃ​ព្រះរាជា​ណ​ចក្រ​ថៃ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា (​រូបភាព​ឯកសារ​)

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​បញ្ជាក់ថា កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBCs) លើក​ទី​១៤ នឹង​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ នៅពេល​ខាងមុខ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ (​រូបភាព​ឯកសារ​)​

​កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​មួយចំនួនទៀត​ដូចជា​៖ ការពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ តាម​បណ្ដោយ​ព្រំដែន រួមទាំង​ការរក្សាសន្តិសុខ ការទប់ស្កាត់ បង្ក្រាប​រាល់​អំពើ​ខុសច្បាប់​នានា ដូចជា​បញ្ហា​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហា​បរិស្ថាន រួមទាំង​បញ្ហា​ការពារ​ពលរដ្ឋ​ពេល​មាន​គ្រោះធម្មជាតិ​ជាដើម​៕ ល​