កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៤២​ម៉ឺន​តោន​នៅ​រយៈពេល​៩ ខែ​ឆ្នាំ​២០១៧ ​

551

(​ភ្នំពេញ​) ៖ រយៈពេល​៩​ខែ ឆ្នាំ​២០១៧ ពោល​ចាប់ពី​ខែមករា ដល់​ខែកញ្ញា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​ជាង​៤២​ម៉ឺន​​តោន កើនឡើង​១៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។​
​ ​
​របាយការណ៍​ផ្លូវការ ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​ការបំពេញ​បែបបទ​នៃ​ការនាំចេញ​អង្ករ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​​ទី​០៥ ខែតុលា ឆ្នាំ​២០១៧​បាន​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់ក​ញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន​៤២១.៩៦៦​តោន កើតឡើង​១៦,៧០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​៣៦១.៥០៥​តោន​។​
​ ​
​យោងតាម​របាយការណ៍ ប្រទេស​ចំនួន​ជិត​៦០ ត្រូវបាន​កម្ពុជា​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីនោះ​ហើយ​ប្រទេស​ដែល​ទិញ​អង្ករ​ច្រើនជាងគេ​​ពី​កម្ពុជា​គឺ​ប្រទេស​ចិន ដែលមាន​ចំនួន​ជាង​១២​ម៉ឺន​តោន បន្ទាប់មក​គឺ​ប្រទេស​បារាំង ដែលមាន​ចំនួន​ជាង​៥​ម៉ឺន​តោន​និង​ចំណាត់​​ថ្នាក់​ទី​៣ ប្រទេស​ប៉ូឡូញ​ដែលមាន​ចំនួន​ជាង​៣,៥​ម៉ឺន​តោន​។​
​ ​
​នៅ​ឆ្នាំ​២០១៦​កន្លងទៅ​កម្ពុជា បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង​៥៤​ម៉ឺន​តោន ខណៈ​រាជរដ្ឋាភិបាល មាន​ផែនការ​ជំរុញ​ការនាំចេញ​អង្ករ ឲ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​៕​ដោយ​៖​វិបុល​/sn