កម្ពុជា​និង​ប៊ុលហ្គារី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​៣​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន​នៅ​ទីក្រុង​សូ​ហ្វី​យ៉ា​

242
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​( ​ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង សូ​ហ្វី​យ៉ា សាធារណរដ្ឋ​ប៊ុល​ហ្ការី​ហើយ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី ១៦​តុលា​នេះ (​ម៉ោង​នៅ​ទីក្រុង​សូ​ហ្វី​យ៉ា​)​សាធារណរដ្ឋ​ប៊ុល​ហ្ការី ។ នៅក្នុង​ដំណើរ​ទស្ស ន​កិច្ច​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​ទៅលើ​ឯកសារ​សំខាន់់ៗ​ចំនួន៣ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែរឹងមាំ។នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​អ្នកយកព័ត៌ មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ប្រកបដោយ​លទ្ធភាព​ដ៏​ត្រចះត្រចង់​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣​ក្នុងនោះ ទី​១.កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ​និង​បច្ចេក ទេស​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនិងរដ្ឋាភិបាល​ប៊ុល​ហ្ការី​, ទី​២.​កម្មវិធី​សម្រាប់​កិច្ច សហប្រតិបត្តិការ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងក្រសួង​វប្បធម៌ប៊ុល​ហ្ការី និង​ទី​៣.​អនុស្សារណ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា និង​វិទ្យាស្ថាន​ការទូត​នៃ​ក្រសួងការបរទេស​ប៊ុល​ហ្ការី​ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​សម​ភាគី​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov)​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​សូ​ហ្វី​យ៉ា​។​ភាគី​ទាំង​ពីរបាន​អញ្ជើញ​ធ្វើ​ជំនួប​កំពូល​ចង្អៀត​និង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​មិត្តភាព ។​

​ក្នុងជំនួប​កំពូល​ដ៏​មាន​សារសំខាន់​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា​-​ប៊ុល​ហ្ការី​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​វិស័យ​នានា​នៃ​ទំនាក់ទំនង​ទ្វេភាគី​និង​បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់​និង​ពិភពលោក​ដែលជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំងពីរ ។ ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ។ ក្នុងជំនួប​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ប៊ុល​ហ្ការី​ដែល​ធ្លាប់បាន​ផ្តល់ជំនួយ​និង​ការគាំទ្រ​ជូន​កម្ពុជា​ក្នុងអំឡុងពេល​ដ៏​លំបាក​បន្ទាប់ពី​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​ពិសេសអរ គុណ​ចំពោះ​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​ប៊ុល​ហ្ការី​ក្នុង​ប្រតិបត្តិការ​អ៊ុនតា​ក់នៅ​កម្ពុជា​កាលពីដើមឆ្នាំ​១៩៩០​។

​សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា​ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​សូ​ហ្វី​យ៉ា​ក្នុង​ឆ្នាំ​២០១៩​នេះ​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់​ថា​ម​វ័​ន្ត​បន្ថែម​ដល់​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ជិតស្និទ្ធ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដោយ​ផ្អែកលើគោលការណ៍​ប្រយោជន៍​រួមការ​គោរព​គ្នា​ទៅវិញទៅ មក​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​និង​ភាពស្មើគ្នា​។​ទទួលស្គាល់​ពី​សារសំខាន់​ក្នុងការ​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច ។ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តិ​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស រវាង​កម្ពុជា​និង​ប៊ុល​ហ្ការីនិង​បាន​ណែនាំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​អនុ វត្ត​កិច្ចព្រមព្រៀង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​និងផលិតភាព​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​បច្ចុប្បន្ន​កំពុងមាន​កម្រិត​ទាប​នៅឡើយ ។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សារណ​:​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​កន្លងទៅ​ដែល​សំដៅ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​និង​ការផ្លាស់ប្តូរ​អ្នក​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ។ ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ពង្រីក​លំហូរ​នៃ​អ្នក​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​និង​ការជួយ​គ្នា​ក្នុងការ​សម្របសម្រួល​ប​ញ្ហា​ទាក់ទិន​នឹង​ការផ្លាស់ប្តូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ។

​ជាមួយគ្នានេះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រីក​ទំនាក់ទំនង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ដោយ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វប្បធម៌​ចម្រុះ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​និង​បាន​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​កម្មវិធី​ស្តីពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌​ប៊ុល​ហ្ការី​និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩-២០២១​។
សម្រាប់​វិស័យ​អប់រំ​ភាគី​ទាំងពីរ​បានផ្តល់​ពីសា​រៈ​សំខាន់​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៃ​ប្រទេស​ទាំងពីរ​ក្នុងនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ប៊ុល​ហ្ការី​ដែល​កន្លងមក​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប៊ុលហ្គាការី​និង​សង្ឃឹមថា​មាន​អាហារូបករណ៍​បន្ថែមទៀត​ដល់​សិស្ស​និស្សិត​កម្ពុជា​នាពេល​អនាគត​ក្នុងនោះ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​គាំទ្រ​ដល់​ទំនា ក់ទំនង​រវាងសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាមួយនិង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ដែល​អាច​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​វាង​កម្ពុជានិង​ប៊ុល​ហ្ការី​។

​ក្នុងជំនួប​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរាបជូន​ដល់​សម​ភាគី​ប៊ុល​ហ្ការី​ថា​រដ្ឋសភា​កម្ពុជា​ទើបតែ​បាន​បង្កើត​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​ប៊ុល​ហ្ការីក្នុង​គោលបំណង​ផ្តើម​ឲ្យ​មាន​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​នៃ​ប្រទេស​ទាំងពីរ​ពិសេស​ភាគី​ទាំងពីរ​បាន​ឯកភាព​គាំទ្រ​ឲ្យ​មាន​ទំនាក់ទំនងរវាង​ស្ថាប័ន​នីតិបញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​។​ក្នុងជំនួប​គ្នា​នោះដែរ​លោកនាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្ការី​បានបង្ហាញ​ពី​ជំនឿ​ទុកចិត្ត​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​សាធារណរដ្ឋ​ប៊ុល​ហ្ការី​ដែល​បានរួម​ចំណែក​ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​ប៊ុល​ហ្ការី​ក្នុង​បណ្តា​ឆ្នាំ​ខាងមុខ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញលោក​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ ។ លោកនាយក​រដ្ឋមន្ត្រី​ប៊ុលហ្គារី​បានទទួល​យក​នូវ​ការអញ្ជើញ​នេះ​ប្រកបដោយ​សេចក្តី​សាម​នស្សរីករាយ​បំផុត ៕
​ ​ ​