កម្ពុជា​និង​ប្រទេស​៧​រួមគ្នា​ស្វែងយល់​ពី​វិស័យ​សិល្បៈ និង​វប្បធម៌ គ្នា​ទៅវិញទៅមក​

1313
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ដើម្បី​ពង្រឹង​លើ​សមត្ថភាព​វិស័យ​សិល្បៈ​និង​វប្បធម៌​ក៏ដូចជា​ផ្លាស់ប្តូរ​ទៅលើ​បទពិសោធន៍ ពិសេស​ពង្រឹង​ទៅលើ​សម័យកាល​បច្ចេកវិទ្យា​ឌីជីថល​ទំនើប​នាពេល​បច្ចុប្បន្ន នោះ​សមាគម​វប្បធម៌​កូរ៉េ​និង​រួមទាំង​ប្រទេស​ជាច្រើន​ទៀត បាន​បើក​វគ្គ​បណ្តុះបណ្តាល​រួមគ្នា​មួយ ដើម្បី​ចែករំលែក ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​វិស័យ​វប្បធម៌ សិល្បៈ​ក៏ដូចជា​លើ​វិស័យ​បច្ចេកវិទ្យា​សម័យថ្មី​។​

​បញ្ជាក់​ក្នុង​វិធី​ដែល​បានរៀបចំ​ឡើង​នៅ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ អ្នក​ម្នាង ម៉ែន​ច័ន្ទ​ទេវី សាកលវិទ្យាល័យ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានឱ្យដឹងថា ការរៀបចំ​ពិធី​នេះ​ឡើង​គឺជា​លើក​ទី​២​ហើយ​នៃ​សិក្ខាសាលា​អន្តរជាតិ ក្រោម​ប្រធានបទ​”​រលកសញ្ញា​ថ្មី​នៅ​អាស៊ី​ក្នុង​សម័យកាល​បច្ចេក​វិទ្យា​ឌីជីថល​”​ដើ​ម្បិ​ផ្លាស់ប្តូរ​បទពិសោធន៍​ក៏ដូចជា​ស្វែងយល់​ពី​វិស័យ វប្ប​ធ៌​ម សិល្បៈ​របស់​ប្រទេស​ក្នុង​អាស៊ី​។​

​សាកលវិទ្យាល័យ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​រូបនេះ​បានឱ្យដឹង​បន្ថែមថា ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​គេ​ក៏​នឹង​បើក​កិច្ចពិភាក្សា​នានា​តាម​ក្រុម ដើម្បី​សិក្សា​លម្អិត​លើ​វិស័យ​សិល្ប​”​សំដៅ​ធ្វើយ៉ាងណា​ឱ្យមាន​ការដើរ​ទាន់​ឬ​វិវឌ្ឍន៍​ខ្លួន​ទាន់​ទៅតាម​សម័យកាល​នៃ បច្ចេកវិទ្យា​សម័យថ្មី បើ​ពុំ​នោះទេ​យើង​នឹង​ពុំមាន​អ្វី​ថ្មី​ឬ​ប្លែក​បន្ថែម​នោះដែរ​។​

​ជាមួយ​ការលើកស្ទួយ​លើ​វិស័យ​សិល្បៈ​កម្ពុជា​វិញ​ត្រូវបាន​អ្នក​ម្នាង ម៉ែន​ច័ន្ទ​ទេវី បានឱ្យដឹងថា​មិន​ថា​លើ​វិស័យ​ជំនាញ​អ្វី​ទេ ដូចជា ជំនាញ​ស្ថាបត្យកម្ម ផ្នែក​បុរាណវិទ្យា និង​ផ្នែក​សិល្បៈ​នានា​ដូចជា​សិល្បៈ​សូន្យ​រូប ផ្នែក​របាំ តូរ្យតន្ត្រី​គឺ​ត្រូវបាន​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​វប្បធម៌​តែង​យកចិត្តទុកដាក់​និង​លើកស្ទួយ​ជានិច្ច​។​

​ដោយឡែក​លោក គីម​យ៉ុង​ស៊ូ ជា​អ្នកសម្របសម្រួល​នៅ​អង្គការ JICA បានបញ្ជាក់​ឱ្យដឹងថា គោលបំណង​សំខាន់​នៃ​ការរៀបចំ​អង្គសិក្ខាសាលា​អន្តរជាតិ ដែលមាន​ប្រទេស​ទាំង​៧​ចូលរួម​នេះ គឺ​ក្នុង​គោលបំណង​ដើម្បីឱ្យ​បណ្តុះបណ្តាល​ពលរដ្ឋ​បាន​ស្គាល់គ្នា​ច្បាស់​ទៅវិញទៅមក លើ​វិស័យ​វប្បធម៌​និង​សិល្បៈ ហើយ​វា​ក៏​ជា​ផ្នែក​មួយ ដើម្បីឱ្យ​បណ្តា​យុវជន​បាន​យល់​កាន់តែច្បាស់​ទៅលើ​សម័យកាល នៃ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។​

​លោក​បាន​មានប្រសាសន៍​បន្ថែមថា សិក្ខាសាលា​ថ្នាក់​អន្តរជាតិ​នេះ​បានរៀបចំ​លើក​ទី​១​នៅ​ប្រទេស​កូរ៉េ លើក​ទី​២​នៅ​ប្រទេស​កម្ពុជា លើក​ទី​៣​នឹងធ្វើ​ឡើង​នៅ​ប្រទេស​ចិន​និង​លើក​ទី​៤​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​គួរបញ្ជាក់​ប្រទេស​ទាំង​៧​ដែល​បាន​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ​គឺ​រួមមាន​កម្ពុជា កូរ៉េ ម៉ាឡេស៊ី ចិន តួ​គី អាល្លឺម៉ង់​ថៃ បារាំង​ជាដើម​៕