ដោយ:ពៅ និមល/ភ្នំពេញ ៖ នៅទីស្តីការក្រសួងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung) ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម។
ប្រភពទទួលបានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងជំនួបនោះលោក ដូ វឹកហឹង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការផ្តល់បដិសណ្ឋារកិច្ច និងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់៣,០០០តោន នៅក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ រីឯភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា០% (សូន្យភាគរយ)ដូចគ្នា ដល់ទំនិញវៀតណាមចំនួន២៦បន្ទាត់ពន្ធគយ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនភាគីជំនួបបន្ថែម អំពីកិច្ចសហប្រតិបត្តិការប្រពៃណីក្នុងនាមជាប្រទេសជិតខាងល្អ។ ទន្ទឹមនេះលោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចារបស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ។
កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមសម្រេចបានគិតជាទឹកប្រាក់៣,៨ប៊ីលានដុល្លារ កើនឡើង២៩ភាគរយ ធៀបនឹងឆ្នាំ២០១៦។ តាមរយៈគម្រោងវិនិយោគចំនួន២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៣,២ប៊ីលានដុល្លារ បានធ្វើឲ្យវៀតណាមក្លាយជាដៃគូវិនិយោគធំទី៥ របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជាបានវិនិយោគត្រឹមតែ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ៕B/