កម្ពុជា​និង​វៀតណាម បញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន​ធំ នៅ​ខេត្តព្រៃវែង​

296

(​ភ្នំពេញ​) ៖ កម្ពុជា​និង​វៀតណាម បានបញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន​ធំ​នៅ​ខេត្តព្រៃវែង​និង​ដុង​ថាប់​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៩​តុលា​​កន្លងទៅ​។ នេះ​បើ​យោងតាម​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​ទទួល​ប​ន្ទុ​កិច្ចការ​ព្រំដែន​កម្ពុជា​ដែល​បានបញ្ជាក់​​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អន្ដរជាតិ​មួយ​។​

(រូបភាព៖ ទំព័រ​ហ្វេសប៊ុក​លោក​ស្រី កុយ ពិសី)

​លោកស្រី កុយ ពិសី បាន​ឲ្យ​ដឹងថា បង្គោល​ព្រំដែន​ធំ​នៅ​ខេត្តព្រៃវែង​និង​ដុង​ថាប់​ត្រូវបាន​ភាគី​កម្ពុជា​និង​វៀតណាម​ឯកភាពគ្នា​បញ្ចប់​​ការបោះបង្គោល​ទាំងស្រុង​ហើយ ចំណែក​ការបោះបង្គោល​ព្រំដែន​បំពេញបន្ថែម​រវាង​កម្ពុ​ជា​និង​វៀតណាម​នៅ​ខេត្តព្រៃវែង​សម្រេចបាន​៧១​ភាគរយ​។

​លោកស្រី​បន្ដថា ការងារ​ព្រំដែន​បន្ទាប់​ពីនេះ​នៅក្នុង​ខេត្តព្រៃវែង ភាគី​កម្ពុជា​និង​វៀតណាម​នឹង​បន្ត​បោះបង្គោល​ព្រំដែន​បំពេញបន្ថែម​​ឲ្យ​បាន​ចប់​រួចរាល់ នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ បន្ទាប់ពី​អូសបន្លាយ​អស់​រយៈពេល​១២​ឆ្នាំ​រួចមក​។​

​សូម​ជម្រាបជូន​ថា កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​១.២៧០​គីឡូម៉ែត្រ អូស​កាត់​ខេត្ត​ចំនួន​៩​របស់​កម្ពុជា​ដោយ​ត្រូវ​​ការបោះបង្គោល​ព្រំដែន​ស​រុ​ប​ចំនួន​៣១៤​ទីតាំង​។ ក្នុងនោះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​និង​វៀតណាម​សម្រេច​​ការងារ​បោះបង្គោល​ព្រំដែន​បាន ៨៤​ភាគរយ​ហើយ​។ នៅសល់​១៦​ភាគរយ​ទៀត លោកស្រី កុយ ពិសី បញ្ជាក់ថា​ភាគី​កម្ពុជា​និង​វៀតណាម​​កំពុងតែបន្ត​ការដោះស្រាយ​៕​ដោយ​៖​វិបុល​/sn