កម្ពុជា​នឹងធ្វើ​ជា​ប្រទេស​កិត្តិយស​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន នាពេល​ខាងមុខនេះ​

1887
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ខណ​:​ដែល​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៥ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ក្នុងនោះ កម្ពុជា​នឹងធ្វើ​ជា​ប្រទេស​កិត្តិយស ស្របពេល​ទំនាក់ទំនង​ការទូត កម្ពុជា​-​ចិន នឹង​ឈានចូល​គម្រប់​ខួប​លើក​ទី​៦០ ក៏ដូចជា​គម្រប់​ខួប​លើក​ទី​១៥​ក្នុងការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-​អាស៊ាន​។

​នៅ​ថ្ងៃ​២១ ខែសីហា ឆ្នាំ​២០១៨​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន នៅ​រាជធានី​ភ្នំពេញ​ថា ពិព័រណ៍​ខាងលើនេះ ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ការទូត​ព្រមទាំង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ ជាពិសេស​បង្កើត​កា​នុ​វត្ត​ភាព​វិនិយោគ​និង​សកម្មភាព ពាណិជ្ជកម្ម ដើម្បី​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​ពង្រីក​គោក​ដៅ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ស៊ា​ង ថៃ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ក្រៅពី​ការតាំង​បង្ហាញ​ផលិតផល​និង​សេវា យើង​នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​វិនិយោគ និង​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា អមដោយ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ និង​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា អមដោយ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​មួយចំនួន ក៏ដូចជា​រៀបចំ​វេទិកា​វិនិយោគ​កម្ពុជា​-​ចិន​លើក​ទី​៣ និង​កម្មវិធី​ទស្សនកិច្ច​របស់​ពាណិជ្ជករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដើម្បី​ស្វែងរក​ដៃគូ​ធ្វើ​អាជីវកម្ម​។​

​សូមបញ្ជាក់ថា កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន ជា​រៀងរាល់ឆ្នាំ​កម្ពុជា​តែងតែ​រៀបចំ​ពន្លា​ជាតិ ដើម្បី​បង្ហាញ​ពី​កិត្តិនាម​របស់​ប្រទេស​ដល់​អ្នកចូលរួម​ឲ្យ​បាន​ស្គាល់​កាន់តែច្បាស់​ពី​ប្រទេស​កម្ពុជា​។ សម្រាប់​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​រៀបចំ​ជា​ពន្លា​ជាតិ​មួយ ដោយ​យក​ប្រាសាទសំបូរព្រៃគុក​ក្នុង​ខេត្តកំពង់ធំ​ធ្វើជា​ទីក្រុង​ស្រស់ប្រិមប្រិយ និង​មាន​អគារ​មួយ​ទំហំ ៤៥X៦០​ម៉ែត្រ ដែល​អាច​រៀបចំ​បាន​១៤៦​ស្តង់ សម្រាប់​បង្ហាញ​ផលិតផល​និង​សេវា​របស់​ប្រទេស​ផងដែរ​៕