កម្ពុជា​នឹងធ្វើ​ជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​ប្រទេស​ហ្វី​ជី នា​សប្តាហ៍​ខាងមុខនេះ​

362
ចែករម្លែក

លោករដ្ឋលេខាធិការប្រចាំការវង្សី វិស្សុត និងលោក Takehiko Nakao ប្រធាន​ ADB(រូបឯកសារ)

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​លើក​ទី​៥២ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ឬ​អេ​ឌី​ប៊ី (ADB) ដែល​នឹង​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​ទីក្រុង​ណា​ឌី ប្រទេស​ហ្វី​ជី (Fiji)​។
​នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ហើយក៏​ជា​សក្ខីភាព​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​ពិតជា​បាន នឹង​កំពុង​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ នៅក្នុង​ការគ្រប់គ្រង​កិច្ចការ​តំបន់ និង​ពិភពលោក​និយាយ​ជារួម​និង​និយាយ​ដោយឡែក​គឺជា​ការផ្តល់​កិត្តិយស​និង​ការទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​និង​សមត្ថភាព​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រទេស​សមាជិក​នៅក្នុង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​។


​លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ទេ​សា ភិ​បាល​ជំនួស​របស់​កម្ពុជា​ប្រចាំ​ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ខាងលើនេះ​។​តាម​កាលវិភាគ​នៅក្នុង​ឱកាស​នោះ​លោក វ​ង្សី វិស្សុត ក៏​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​បូក ៣ លើក​ទី ២២ (22nd AFMGM+3) ផងដែរ​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​បូក ៣ លើក​ទី ២២ នេះ នឹងធ្វើ​ការពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​យោបល់​លើ​លើ​របៀបវារៈ​ចំនួន ២ រួមមាន​៖ ១.​ស្ថានការណ៍ និង​ការវិវត្តន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក​សំដៅ​ធានា​កំណើនសេដ្ឋកិច្ច​តំបន់​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ចីរភាព​,​និង​២.​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រទេស​អាស៊ាន​បូក​៣​។​ក្នុងនោះ​អង្គប្រជុំ​នឹងធ្វើ​ការពិនិត្យ​និង​ផ្តល់​ការណែនាំ​លើ​ការពង្រឹង​សមត្ថភាព​អង្កេត​តាមដាន​សេដ្ឋកិច្ច​តំបន់​របស់​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​(AMRO)​ក៏ដូចជា​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចការ​ពាក់ព័ន្ធ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណើរការ និង​ការត្រៀម​រួចរាល់​នៃ​យន្តការ​ពហុ​នីយកម្ម​គំនិត​ផ្តួចផ្តើម​ឈៀង​ម៉ៃ (CMIM) ដែល​យន្តការ​សុវត្ថិភាព​ហិរញ្ញវត្ថុ​តំបន់​មួយ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​បូក​៣​សម្រាប់​ជួយ​ប្រទេស​ជា​សមាជិក​នៅពេល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។​


​បន្ថែម​ពីនេះ​អង្គប្រជុំ​ក៏​នឹង​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​សហប្រតិបត្តិការ​នៅក្នុង​យន្តការ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ាន​បូក​៣ (ABMI)​ផងដែរ​។​
​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​បន្ថែមថា​ដោយឡែក​ចំពោះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អេ​ឌី​ប៊ី​លើក​ទី​៥២ នៅក្នុង​ឆ្នាំ​២០១៩​នេះ លោក វ​ង្សី វិស្សុត ក្នុងនាម​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ទេសាភិបាល អេ​ឌី​ប៊ី​នឹងចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​ការងារ​របស់​អេ​ឌី​ប៊ី​នៅក្នុង​ឆ្នាំ​២០១៨ ក៏ដូចជា​កិច្ចការ​មួយចំនួនទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​រ​បស់ អេ​ឌី​ប៊ី​ដើម្បី​ផ្តល់​ការឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​ប្រទេស​ជា​សមាជិក​។ ក្រៅពីនេះ លោក វ​ង្សី វិស្សុត ក៏​នឹងធ្វើ​ការពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ​លោក Takehiko Nakao ប្រធាន អេ​ឌី​ប៊ី​, លោកស្រី Victoria Kwakwa អនុប្រធាន​ធនាគារពិភពលោក (WB) និង​មន្ត្រីជាន់ខ្ពស់​របស់​ធនា​គារ​វិនិយោគ​អឺរ៉ុប (European Investment Bank- EIB) ផងដែរ​៕សរន