កម្ពុជា​នឹងមាន​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​កសាង​ធនធានមនុស្ស​ប្រមាណ​៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ​

413

(​ភ្នំពេញ​) ៖ ក្រសួងទេសចរណ៍ បានរៀបចំ​គោលការណ៍​ណែនាំ​ស្ដីពី «​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​» ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា សំដៅ​សម្រេចបាន​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​បាន ៥​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំ​។​

​រៀបចំ​ផែនការ​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​និង​​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ បង្កើន​បរិមាណ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ផងដែរ​។​
​ ​
​ក្រោយពី​មាន​សេចក្ដីព្រាង​គោលការណ៍​ណែនាំ​ខាងលើ និង​ដោយមាន​ការអនុញ្ញាតិ​ពី​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួចមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​គោលការណ៍​ណែនាំ​ស្តីពី កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ សិក្ខាសាលា​នេះ រៀបចំឡើង​ដើម្បី​ពិគ្រោះ​យោបល់​ចុងក្រោយ លើ​គោលការណ៍​ណែនាំ​ស្តីពី កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​ដែល​នឹង​ត្រូវបាន​​ប្រើប្រាស់​ជា​មូល​ដា្ន​ន លើកទឹកចិត្ត​ដល់​អ្នកផ្តល់​កម្ចី​និស្សិត​ទាំងអស់ រៀបចំ​ឱ្យមាន​គម្រោង​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍ ជាមួយនឹង​ការផ្តល់​លក្ខខណ្ឌ​កម្ចី​មួយ ដែលមាន​លក្ខណៈ សមស្រប​ដល់​បុគ្គលិក សិស្ស​-​និស្សិត និង​ក្រុមគ្រួសារ​អាចមាន​លទ្ធភាព​ខ្ចី​បាន និង​ជា​ជំនួយ​ក្នុងការ​តម្រង់ទិស​ដល់​បុគ្គលិក សិស្ស​-​និស្សិត និង​ក្រុមគ្រួសារ ដែលមាន​បំណង​និង​ចាប់អារម្មណ៍​លើក​ម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​។​

​អង្គសិក្ខាសាលា​បាន​ពិភាក្សា និង​ឈានដល់​ការឯកភាព​រួមគ្នា ដូចខាងក្រោម​៖

១.​អង្គសិក្ខាសាលា​បាន​គាំទ្រ​លើ​ការរៀបចំ​គោលការណ៍​ណែនាំ​ស្តីពី កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​និង​បាន​ឯកភាព​ជំរុញ​រៀប​ចំ​ឱ្យមាន​គម្រោង​កម្ចី​និស្សិត សម្រាប់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ឆាប់​។ រាល់​គម្រោង​កម្ចី​សម្រាប់​និស្សិត ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការកំណត់រ​យៈ​ពេល​ខ្ចី​ឲ្យ​បានច្បាស់លាស់ ទាំង​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ត្រូវធ្វើ​អធិការកិច្ច​ឲ្យ​បាន​ទៀងទាត់ ត្រូវ​បកស្រាយ​​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ ទាក់ទង​ទៅនឹង​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​។​

២.​អង្គសិក្ខាសាលា​បានកត់សម្គាល់​ជា​យុទ្ធសាស្ត្រ​កម្ចី​សិក្សា​ក្នុង​ជំនាញ​ទេសចរណ៍​មាន ២​ប្រភេទ រួមមាន​៖​កម្ចី​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញវត្ថុ​​ផ្តល់ប្រាក់​កម្ចី និង​ហិរញ្ញវត្ថុ​ទ្រទ្រង់​ការសិក្សា ដែលមាន​លក្ខណៈ​ជា​កម្ចី ដែល​ផ្តល់​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​ធុរកិច្ច​​ក្នុង​វិស័យ​ទេសចរណ៍​។​

៣.​អង្គសិក្ខាសាលា​បាន​ឯកភាព​ឱ្យមាន​ការកំណត់​លក្ខណៈ​សម្បត្តិ និង​តួនាទី​សម្រាប់​អ្នកផ្តល់​កម្ចី ដោយ​តម្រូវ​ឱ្យបំពេញ​តាម​លក្ខខណ្ឌ និង​បានកត់សម្គាល់​ពី​តួនាទី​របស់​អ្នកស្នើសុំ​កម្ចី ដោយ​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ប្រុងប្រយ័ត្ន​បំផុត លើ​អត្រា​ការប្រាក់ សោហ៊ុយ​ផ្សេងៗ និង​លក្ខខណ្ឌ​ទូទាត់​សង សម្រាប់​កម្ចី​ដើម្បី​ធានាបាន​ថា ការជ្រើសរើស​កម្ចី​សម្រាប់​សិក្សា​សមស្រប​ទៅនឹង​លទ្ធភាព និង​តម្រូវការ​របស់ខ្លួន​។​

៤.​អង្គសិក្ខាសាលា​បាន​ឯកភាព និង​គាំទ្រ​លើ​យន្តការ​ស្ថាប័ន​សម្រាប់​ធានា​ដល់​ការ​ដំណើរការ​សម្របសម្រួល និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ស្តីពី​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​ដោយបាន​ឯកភាព​លើ​ការបង្កើត​ក្រុមការងារ​ជំរុញ​​ការអនុវត្ត​គម្រោង​កម្ចី សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​បង្កើតឡើង​៕ដោយ៖វិបុល

ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​គោលការណ៍​ណែនាំ​ស្តីពី កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​