កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​ឆាប់ៗ​នេះ​ ​

218

(​ភ្នំពេញ​) ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​បី​ដែលមាន​ទំហំ​ទឹកប្រាក់​​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជាង ៧,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ថាបនា​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​
​ ​
​ក្រុមហ៊ុន​ទីមួយ​ឈ្មោះ YNX Manufacturing Technologies Co., Ltd.​ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​​បង្គុំ​គ្រឿងចក្រ សម្ភារៈ​លើកដាក់​ទំនិញ ម៉ាស៊ីន​ខ្យល់ និង​ម៉ាស៊ីន​ក្រឡឹង​គ្រប់​ប្រភេទ ។ ​គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ខេត្តស្វាយរៀង ដែលមាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២៥​នាក់ ។​
​ ​
​ក្រុមហ៊ុន​ទី​ពីរ​ឈ្មោះ Jianpan (Cambodia) Matelwork Co., Ltd. ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្មា​អាវ​។​គម្រោង​​នេះ​មាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​មាន​ទុនវិនិយោគ​ចំនួន ៥០០​ពាន់​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥២៨​នាក់ ។​
​ ​
​ក្រុមហ៊ុន​ចុងក្រោយ​គឺ ក្រុមហ៊ុន Wan Jia Hao Knitting Co., Ltd. មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ។ គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង ដែលមាន​ទុនវិនិយោគ​ចំនួន ២,១៤១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៨៥​នាក់​៕​ដោយ​៖​វិបុល​/sn