កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​៥,៤​លាន​នាក់​ ​

432

​(ភ្នំពេញ)៖ កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​ហើយ​ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាង​ថា កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៥,៤​លាន​នាក់​នៅ​ដំណាច់​ឆ្នាំនេះ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

ភ្ញៀវ​ទេសចរណ៍​ទស្សនា​តំបន់​អង្គរ​(​រូបភាព​ឯកសារ​)​​


​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក​ប៉ាក់ សុខុម​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា​កន្លងមក​ថា ផ្តើមចេញពី​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​កម្ពុជា កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​ទេសចរណ៍វប្បធម៌និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា មាស​បៃតង បាននិងកំពុង​បោះជំហាន​រីកចម្រើន​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ រួមចំណែក​ប្រមាណ​១២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​បន្ថែមទៀត ។​

លោក​បាន​បន្តថា ឆ្លើយតប​នឹង​បរិបទ​ភាព​ស្អាតនិង​បៃតង​នេះផ្នែក​សេវាកម្ម​ម្ហូបអាហារ​កម្ពុជា យើង​មាន​ប្រព័ន្ធ​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ដែល​បានអនុម័ត​ដាក់ចុះ​ដោយ​ប្រកា​សលេខ​១០៩ ប្រក ចុះ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដែលជា​ការជំរុញ និង​លើកទឹកចិត្ត​ដល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ដំណើរការ​អាជីវកម្មដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​បរិស្ថាន ការរៀបចំ​ទីតាំង សុ​វ​តិ្ថ​ភាព អនាម័យ ជំនាញ​វិជ្ជាជីវៈ និង​ការធ្វើ​បដិសណ្ឋារកិច្ច​រប​ស់បុ​គ្គ​លិ​កដោយ​ឈរលើ​មូលដ្ឋាន​គោលការណ៍​វាយតម្លៃ​ចំនួន​១០​សូចនាករ និង​១០៤​លក្ខណៈវិនិច្ឆ័យ ។ បច្ចុប្បន្ន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ដែលមាន​ចំណាត់ថ្នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា សរុប​ចំនួន​៤​អាជីវកម្ម ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន២​អាជីវកម្ម និង​នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​២​អាជីវកម្ម​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែងថា ផ្អែកលើ​កំណើន​នៃ​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍​ឆ្នាំនេះ កម្ពុជា​ចាប់ផ្តើម​ទទួល​កំនើន​ភ្ញៀវ​ពីរ​ខ្ទង់​ឡើងវិញ បន្ទាប់ពី​ថមថយ​ល្បឿន​កាលពី​ប៉ុន្មាន​ឆ្នាំមុន ហេតុនេះ​យើង​រំពឹងថា​កម្ពុជា​នឹង​សម្រេចបាន​កំនើន​ភ្ញៀវ​រហូតដល់​ប្រមាណ​៥,៥​លាន​នាក់ ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ជាង​១​លាន​នាក់ រួមបញ្ចូល​វិស័យ​ដឹកជញ្ជូន ដែល​បំរើ​ឲ្យ​វិស័យនេះ​ផងដែរ​។​

​លោក​បន្តថា “​ក្រសួង​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​បង្កើន​និង​ពង្រឹង​សេវា​បដិសណ្ឋាកិច្ច​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ ព្រោះ​ដើម្បី​ឲ្យ​វិស័យនេះ​មានការ​អភិវឌ្ឍន៍​ដោយ​និរន្តរភាព យើង​ត្រូវមាន​ធនធានមនុស្ស​ប្រក​ដោយ​គុណវុឌ្ឍិ​”​៕ដោយ​ច្រាយ៖ ចំណាន​